ម៉ាថាយ 24:1-14

ម៉ាថាយ 24:1-14 គកស១៦

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ឃើញ​របស់​អស់​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​លេច​មក ដោយ​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ថា "ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ" ហើយ​គេ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម ចូរ​ប្រយ័ត្ន​កុំ​ជ្រួល‌ច្របល់ ដ្បិត​ការ​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។ ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ ប៉ុន្តែ ការ​ទាំង​អស់​នេះ ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។ ពេល​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម ហើយ​សម្លាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ព្រោះ​តែ​នាម​ខ្ញុំ។ គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​លេច​មក ហើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ចម្រើន​ឡើង​ជា​ច្រើន សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នក​នោះ​នឹង​បាន​សង្គ្រោះ។ ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។

អាន ម៉ាថាយ 24