ម៉ាថាយ 22:15-22
ម៉ាថាយ 22:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។ ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ ពេលគេឮដូច្នេះ គេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីព្រះអង្គបាត់ទៅ។
ម៉ាថាយ 22:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។
ម៉ាថាយ 22:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្ដីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។