ម៉ាថាយ 22:15-22

ម៉ាថាយ 22:15-22 ពគប

កាល​ពួក​ផារិស៊ី​បាន​ចេញ​ទៅ នោះ​គេ​ពិគ្រោះ​គ្នា​ពី​ដំណើរ​យ៉ាង​ណា​នឹង​ចាប់​ទ្រង់ ដោយ​នូវ​ព្រះ‌បន្ទូល រួច​ក៏​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ឯ​ទ្រង់​ជា​មួយ​នឹង​ពួក​ហេរ៉ូឌ ដោយ​ពាក្យ​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ពិត​ត្រង់ ហើយ​ថា លោក​បង្រៀន​ពី​ផ្លូវ​ព្រះ​ដោយ​សេចក្ដី​ពិត ឥត​មាន​អំពល់​ដល់​អ្នក​ណា​ឡើយ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ទេ ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ដែល​លោក​គិត​ដូច​ម្តេច តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ តែ​ព្រះ‌យេស៊ូវ ទ្រង់​ជ្រាប​ឧបាយ‌កល​របស់​គេ ក៏​មាន​បន្ទូល​តប​ថា មនុស្ស​កំពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ខ្ញុំ​ដូច្នេះ ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា រូប​នេះ នឹង​ឈ្មោះ​នេះ តើ​ជា​របស់​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា របស់​សេសារ នោះ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ កាល​បាន​ឮ​ដូច្នោះ នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ទ្រង់​បាត់​ទៅ។

អាន ម៉ាថាយ 22