ម៉ាថាយ 22

22
រឿង​ប្រៀប​ធៀប​អំពី​ពិធី​មង្គលការ
(លូកា ១៤.១៦-២៤)
1ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ 2«ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​ព្រះ‌រាជ​បុត្រា។ 3ទ្រង់​បាន​ចាត់​ពួក​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​ពិធី​មង្គលការ​នោះ ប៉ុន្តែ គេ​មិន​ព្រម​មក​ទេ។ 4ទ្រង់​ក៏​ចាត់​ពួក​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ ដោយ​មាន​រាជ‌ឱង្ការ​ថា "ចូរ​ប្រាប់​អស់​អ្នក​ដែល​យើង​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​ភោជ‌នាហារ​របស់​យើង​រួច​រាល់​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​ធាត់ៗ ហើយ​អ្វីៗ​ក៏​រួច​រាល់​អស់​ដែរ សូម​អញ្ជើញ​មក​ពិធី​មង្គលការ​នេះ​ចុះ" 5ប៉ុន្តែ គេ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ហើយ​ក៏​ចេញ​ទៅ ម្នាក់​ទៅ​ចម្ការ​របស់​ខ្លួន ម្នាក់​ទៀត​ទៅ​ធ្វើ​ជំនួញ 6រីឯ​អ្នក​ដទៃ​ទៀត ចាប់​ពួក​រាជ​បម្រើ​ទាំង​នោះ​វាយ​ធ្វើ​បាប ហើយ​សម្លាប់​ពួក​គេ​ចោល។ 7ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​កេ្រវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​បំផ្លាញ​ពួក​ឃាតក​ទាំង​នោះ ហើយ​ដុត​ទី​ក្រុង​របស់​គេ​ចោល។ 8បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា "ពិធី​មង្គលការ​បាន​រៀបចំ​រួច​ហើយ តែ​ពួក​អ្នក​ដែល​យើង​បាន​អញ្ជើញ​ទាំង​នោះ មិន​ស័ក្ដិ‌សម​នឹង​ចូល​រួម​ទេ។ 9ដូច្នេះ ចូរ​ទៅ​តាម​ផ្លូវ​ប្រសព្វ ហើយ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ឃើញ ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​នេះ"។ 10រាជ​បម្រើ​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ហើយ​ប្រមូល​អស់​អ្នក​ដែល​គេ​បាន​ឃើញ​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ ដូច្នេះ​រោងការ​ក៏​មាន​ភ្ញៀវ​ពេញ។
11ប៉ុន្តែ ពេល​ស្តេច​យាង​ចូល​ទៅ​ទត​មើល​ភ្ញៀវ ទ្រង់​ឃើញ​បុរស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ 12ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "សម្លាញ់​អើយ! ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ដោយ​មិន​ស្លៀក​ពាក់​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?" បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ 13ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។" 14ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ»។
គេ​ចោទ​ព្រះ‌យេស៊ូវ​អំពី​ការ​បង់​ពន្ធ
(ម៉ាកុស ១២.១៣-១៧ លូកា ២០.២០-២៦)
15បន្ទាប់​មក ពួក​ផារិស៊ី​ក៏​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​ដើម្បី​ចាប់​កំហុស ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ 16ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។ 17ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​លោក​គិត​ដូច​ម្តេច? តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» 18ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​បំណង​អាក្រក់​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? 19ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល​មើល៍!» គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។ 20ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» 21គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។ 22ពេល​គេ​ឮ​ដូច្នេះ គេ​មាន​សេចក្តី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ព្រះ‌អង្គ​បាត់​ទៅ។
គេ​ចោទ​សួរ​ព្រះ‌យេស៊ូវ​អំពី​ការ​រស់​ឡើង​វិញ
(ម៉ាកុស ១២.១៨-២៧ លូកា ២០.២៧-៤០)
23នៅ​ថ្ងៃ​នោះ មាន​ពួក​សាឌូស៊ី​ដែល​ប្រកាស​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​ចូល​មក​ជួប​ព្រះ‌អង្គ​ហើយ​ទូល​សួរ​ថា៖ 24«លោក​គ្រូ! លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា "បើ​បុរស​ណា​ស្លាប់​ទៅ​ដោយ​គ្មាន​កូន ប្អូន​ប្រុស​អ្នក​នោះ​ត្រូវ​រៀបការ​នឹង​ប្រពន្ធ​របស់​បង ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន " 25ឥឡូវ​នេះ ក្នុង​ចំណោម​យើង មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់។ បង​បង្អស់​បាន​រៀបការ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ 26ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ​សុទ្ធ​តែ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន​ដូច​គ្នា។ 27នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 28ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ ក្នុង​ចំណោម​បង‌ប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នោះ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​គេ​សុទ្ធ​តែ​បាន​រៀបការ​នឹង​នាង​គ្រប់​គ្នា»។
29ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​បទ​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ‌ដែរ។ 30ដ្បិត​នៅ​គ្រា​រស់​ឡើង​វិញ បុរស និង​ស្ត្រី​មិន​រៀបការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌។ 31រីឯ​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​សេចក្តី​ដែល​ព្រះ‌មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ទេ​ឬ​ថា 32"យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ»។ 33កាល​មហា‌ជន​ឮ​ដូច្នោះ គេ​ក៏​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ‌អង្គ។
បទ‌បញ្ជា​សំខាន់​ជាង​គេ
(ម៉ាកុស ១២.២៨-៣៤ លូកា ១០.២៥-២៨)
34ប៉ុន្តែ កាល​ពួក​ផារិស៊ី​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​ស្ងាត់​មាត់ គេ​ក៏​មក​ជួប​ជុំ​គ្នា 35ហើយ​ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ បាន​សួរ​ដើម្បី​ល្បង​ល​ព្រះ‌អង្គ​ថា៖ 36«លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ តើ​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?» 37ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «"ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក" 38នេះ​ជា​បទ‌បញ្ជា​ទី​មួយ ហើយ​សំខាន់​ជាង​គេ។ 39ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង" 40គ្រប់​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​មាន​ឫស​គល់​ចេញ​ពី​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឯង»។
សំណួរ​អំពី​ព្រះ‌រាជ‌វង្ស​ព្រះបាទ​ដាវីឌ
(ម៉ាកុស ១២.៣៥-៣៧ លូកា ២០.៤១-៤៤)
41កាល​ពួក​ផារិស៊ី​កំពុង​នៅ​ជួប​ជុំ​គ្នា ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ 42«តើ​អ្នក​រាល់​គ្នា​គិត​ពី​ព្រះ‌គ្រីស្ទ​ដូច​ម្តេច? តើ​ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ»។ 43ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ដោយ​ព្រះ‌វិញ្ញាណ ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" ដោយ​មាន​រាជ‌ឱង្ការ​ថា៖
44"ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល
ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា
ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ"?
45ដូច្នេះ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ទ​ថា "ព្រះ‌អម្ចាស់" តើ​ព្រះ‌គ្រីស្ទ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្តេច​បាន?» 46គ្មាន​អ្នក​ណា​អាច​ឆ្លើយ​តប​មួយ​ម៉ាត់ ចំពោះ​ព្រះ‌អង្គ​បាន​ទេ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​អ្នក​ណា​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ