ម៉ាថាយ 22:15-22

ម៉ាថាយ 22:15-22 គកស១៦

បន្ទាប់​មក ពួក​ផារិស៊ី​ក៏​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​ដើម្បី​ចាប់​កំហុស ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។ ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​លោក​គិត​ដូច​ម្តេច? តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​បំណង​អាក្រក់​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល​មើល៍!» គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។ ពេល​គេ​ឮ​ដូច្នេះ គេ​មាន​សេចក្តី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ព្រះ‌អង្គ​បាត់​ទៅ។

អាន ម៉ាថាយ 22