យ៉ូណាស 1:4-9 - Compare All Versions
យ៉ូណាស 1:4-9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ កើតមានព្យុះយ៉ាងធំនៅសមុទ្រ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។ ឯពួកជើងឈ្នួលក៏ភ័យខ្លាចគ្រប់គ្នា ម្នាក់ៗបានបន់ព្រះរៀងៗខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល ឯហោរាយ៉ូណាសបានចុះទៅដេកលក់នៅខាងក្នុងសំពៅ។ ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើងអំពាវនាវដល់ព្រះរបស់អ្នកទៅ ក្រែងព្រះអង្គនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។ រួចគេសួរលោកថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង? តើអ្នករកស៊ីធ្វើការអី? មកពីណា? តើអ្នកនៅស្រុកណា? ហើយជាសាសន៍អី?» លោកប្រាប់គេថា៖ «ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក»។
យ៉ូណាស 1:4-9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ លោកចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។ ពេលនោះ នាយសំពៅមករកលោកសួរថា៖ «ម្ដេចក៏លោកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង ទូលអង្វរព្រះរបស់លោកទៅ ក្រែងលោព្រះអង្គអាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។ ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើលោកយ៉ូណាស។ ពួកគេសួរលោកយ៉ូណាសថា៖ «លោកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើលោកធ្វើអ្វី? លោកមកពីណា? ស្រុកលោកនៅឯណា? លោកជាជនជាតិអ្វី?»។ លោកយ៉ូណាសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំព្រះអម្ចាស់ ជាព្រះដែលគង់នៅស្ថានបរមសុខ* ព្រះអង្គបានបង្កើតសមុទ្រ និងដីគោក»។
យ៉ូណាស 1:4-9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ប៉ុន្តែព្រះយេហូវ៉ា ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះ កើតមានព្យុះយ៉ាងធំនៅសមុទ្រ ដល់ម៉្លេះបានជានាវារកកល់តែនឹងបែកបាក់អស់ទៅ ឯពួកជើងឈ្នួលក៏ស្លុតចិត្ត ហើយគ្រប់គ្នាបានអំពាវនាវ ដល់ព្រះរបស់ខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងនាវាចោលទៅក្នុងសមុទ្រ ដើម្បីនឹងធ្វើឲ្យនាវាបានស្រាលឡើង ឯយ៉ូណាសលោកបានចុះទៅដេកនៅខាងក្នុងនាវា ហើយក៏លក់ស៊ប់ទៅ ដូច្នេះ នាយនាវាក៏មកឯលោកសួរថា ម្នាលអ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ ចូរក្រោកឡើងអំពាវនាវដល់ព្រះនៃអ្នកទៅ ក្រែងទ្រង់នឹងនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាសឡើយ រួចគេជំនុំគ្នាថា ចូរយើងចាប់ឆ្នោតឲ្យបានដឹង ជាការអាក្រក់នេះ កើតដល់យើងដោយព្រោះអ្នកណា ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស រួចគេសួរពីដំណើរលោកថា ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង តើអ្នករកស៊ីធ្វើការអី ហើយមកពីណា តើអ្នកនៅស្រុកណា ហើយជាសាសន៍អី នោះលោកប្រាប់គេថា ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលទ្រង់បានបង្កើតសមុទ្រ នឹងដីគោកផង