យ៉ូណាស 1

1
ហោរាយ៉ូណាសព្យាយាមរត់​គេច​ពីព្រះ
1ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​យ៉ូណាស ជា​កូន​អ័មីថាយ​ថា៖ 2«ចូរ​ទៅ​នីនីវេ ជា​ទី​ក្រុង​ធំ ហើយ​ប្រកាស​ទាស់​នឹង​ក្រុង​នោះ ព្រោះ​អំពើ​អាក្រក់​របស់​គេ​បាន​សាយ​ឡើង នៅ​ចំពោះ​មុខ​យើង​ហើយ»។ 3ប៉ុន្តែ ហោរា​យ៉ូណាស​ក្រោក​ឡើង រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​នៃ​ព្រះ‌យេហូវ៉ា គឺ​លោក​ចុះ​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ បាន​ជួប​នឹង​សំពៅ​មួយ ដែល​រៀប​ចេញ​ទៅ​ក្រុង​តើស៊ីស លោក​ចេញ​ថ្លៃ​ជិះ ក៏​ចុះ​សំពៅ​នោះ​ទៅ​ឯ​តើស៊ីស​ជា‌មួយ​គេ ដើម្បី​ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា។
4ប៉ុន្តែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​យ៉ាង​ខ្លាំង បក់​មក​លើ​សមុទ្រ កើត​មាន​ព្យុះ​យ៉ាង​ធំ​នៅ​សមុទ្រ បណ្ដាល​ឲ្យ​សំពៅ​ស្ទើរ​តែ​បែក​បាក់។ 5ឯ​ពួក​ជើង​ឈ្នួល​ក៏​ភ័យ​ខ្លាច​គ្រប់​គ្នា ម្នាក់ៗ​បាន​បន់​ព្រះ​រៀងៗ​ខ្លួន គេ​បោះ​ទំនិញ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​សំពៅ​ចោល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​សំពៅ​ស្រាល ឯ​ហោរា​យ៉ូណាស​បាន​ចុះ​ទៅ​ដេក​លក់​នៅ​ខាង​ក្នុង​សំពៅ។ 6ដូច្នេះ នាយ​សំពៅ​ក៏​មក​សួរ​លោក​ថា៖ «អ្នក​ទ្រមក់​អើយ អ្នក​ធ្វើ​អី​ដូច្នេះ? ក្រោក​ឡើង​អំពាវ‌នាវ​ដល់​ព្រះ​របស់​អ្នក​ទៅ ក្រែង​ព្រះ‌អង្គ​នឹក​ចាំ​ពី​យើង ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​វិនាស»។
7ពួក​អ្នក​សំពៅ​និយាយ​គ្នា​ថា៖ «ចូរ​យើង​ចាប់​ឆ្នោត ដើម្បី​ឲ្យ​ដឹង​ថា ការ​អាក្រក់​កើត​ដល់​យើង​នេះ ដោយ​ព្រោះ​អ្នក​ណា» ដូច្នេះ គេ​ក៏​នាំ​គ្នា​ចាប់​ឆ្នោត ហើយ​ឆ្នោត​នោះ​ត្រូវ​លើ​យ៉ូណាស។ 8រួច​គេ​សួរ​លោក​ថា៖ «ចូរ​ប្រាប់​យើង តើ​អ្នក​ណា​បាន​នាំ​ឲ្យ​ការ​អាក្រក់​នេះ​មក​លើ​យើង? តើ​អ្នក​រក​ស៊ី​ធ្វើ​ការ​អី? មក​ពី​ណា? តើ​អ្នក​នៅ​ស្រុក​ណា? ហើយ​ជា​សាសន៍​អី?» 9លោក​ប្រាប់​គេ​ថា៖ «ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​បាន​បង្កើត​សមុទ្រ និង​ដី​គោក»។ 10ដូច្នេះ គេ​ស្ញែង​ខ្លាច​ក៏​សួរ​លោក​ថា៖ «តើ​អ្នក​បាន​ធ្វើ​អ្វី​ដូច្នេះ?» ដ្បិត​អ្នក​ទាំង​នោះ​បាន​ដឹង​ថា លោក​កំពុង​រត់​គេច​ពី​ព្រះ‌ភក្ត្រ​ព្រះ‌យេហូវ៉ា ព្រោះ​លោក​បាន​ប្រាប់​គេ​ហើយ។
11រួច​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដល់​អ្នក ដើម្បី​ឲ្យ​សមុទ្រ​បាន​ស្ងប់​វិញ?» ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើង។ 12លោក​ប្រាប់​គេ​ថា៖ «ចូរ​បោះ​ខ្ញុំ​ទៅ​ក្នុង​សមុទ្រ​ចុះ នោះ​សមុទ្រ​នឹង​ស្ងប់​ទៅ​វិញ​ហើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​នេះ​កើត​ឡើង​ក៏​ដោយ​ព្រោះ​ខ្លួន​ខ្ញុំ​នេះ»។ 13ទោះ​ជា​គេ​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ច្រាំង​វិញ តែ​ទៅ​មិន​បាន​សោះ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើងៗ។ 14ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ទម្លាក់​ទោស​ជា​កម្ចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ»។ 15គេ​ក៏​ចាប់​ហោរា​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ 16ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។
17 ប៉ុន្តែ ព្រះ‌យេហូវ៉ា​បម្រុង​ឲ្យ​មាន​ត្រី​មួយ​យ៉ាង​ធំ​ដើម្បី​លេប​យ៉ូណាស ហើយ​ហោរា​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ​អស់​បី​ថ្ងៃ​បី​យប់។

ទើបបានជ្រើសរើសហើយ៖

យ៉ូណាស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ