លោកុប្បត្តិ 31:1-12

លោកុប្បត្តិ 31:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​បាន​ឮ​ពាក្យ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​យកអ្វីៗ​ដែល​ជា​របស់​ឪពុក​យើង​អស់​ហើយ គឺ​វា​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​កេង​យក​ពី​ទ្រព្យ​របស់​ឪពុក​យើង​ទេ»។ លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​រាប់​រក​លោក​ដូច​ពី​មុន​ទៀត​ឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ‌សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។ លោក​យ៉ាកុប​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នាង​រ៉ាជែល និង​នាង​លេអា មក​ឯ​ទី​វាល ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក ហើយ​ប្រាប់​ពួក​នាង​ថា៖ «បង​ឃើញ​ឫក‌ពា​ឪពុក​របស់​អូន​ហាក់​ដូច​ជា​មិន​រាប់​រក​បង ដូច​ពី​មុន​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា‌មួយ​បង។ អូន​ដឹង​ស្រាប់​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​អូន​អស់​ពី​កម្លាំង តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។ កាល​ណា​គាត់​ពោល​ថា "សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា "សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ។ ដូច្នេះ ព្រះ‌ទ្រង់​បាន​ដក​ហូត​ហ្វូង​សត្វ​ឪពុក​របស់​អូន ហើយ​ប្រគល់​មក​ឲ្យ​បង»។ «នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា បង​បាន​ងើប​មុខ​ឡើង​ក្នុង​យល់​សប្តិ ឃើញ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​កាន់​បង​ក្នុង​សប្តិ​នោះ​ថា "យ៉ាកុប​អើយ" បង​ឆ្លើយ​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!" ទេវតា​ពោល​ថា "ចូរ​ងើប​មុខ​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ ដ្បិត​យើង​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ឡាបាន់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ។

លោកុប្បត្តិ 31:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​បាន​ឮ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​កេង​យក​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ឪពុក​យើង ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​យ៉ាង​នេះ»។ លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​សូវ​រាប់​រក​លោក​ដូច​មុន​ទៀត​ឡើយ។ ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ទៅ​ស្រុក​ដូនតា​របស់​អ្នក ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា​មួយ​អ្នក»។ លោក​យ៉ាកុប​ចាត់​គេ​ទៅ​ហៅ​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ឲ្យ​ទៅ​ទី​វាល​ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​លោក​ស្រី​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​នាង​មិន​សូវ​រាប់​រក​បង​ដូច​មុន​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា​មួយ​បង។ នាង​ទាំង​ពីរ​ដឹង​ស្រាប់​ហើយ​ថា បង​បាន​នៅ​បម្រើ​ឪពុក​របស់​នាង​យ៉ាង​អស់​ពី​ចិត្ត តែ​ឪពុក​របស់​នាង​បាន​កេង‌ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។ ប្រសិន​បើ​ឪពុក​របស់​នាង​ពោល​មក​បង​ថា “សត្វ​ដែល​មាន​សម្បុរ​ពពាល នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​សុទ្ធ​តែ​ពពាល ហើយ​បើ​គាត់​ពោល​ថា “សត្វ​ដែល​មាន​សម្បុរ​ឆ្នូតៗ​នឹង​បាន​ជា​ថ្លៃ​ឈ្នួល​របស់​ឯង” នោះ​សត្វ​ទាំង​អស់​ក៏​បង្កើត​កូន​មក​សុទ្ធ​តែ​ឆ្នូតៗ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ដក​ហូត​ហ្វូង​សត្វ​ពី​ឪពុក​របស់​នាង ហើយ​ប្រគល់​មក​ឲ្យ​បង។ នៅ​រដូវ​ដែល​សត្វ​តែង​ជាន់​គ្នា បង​បាន​ឃើញ​ក្នុង​សុបិន​ថា សត្វ​ឈ្មោលៗ​ដែល​ជាន់​សត្វ​ញីៗ​នោះ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ ទេវតា​របស់​ព្រះ‌ជាម្ចាស់​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកុប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។ ទេវតា​ពោល​ថា “ចូរ​សម្លឹង​មើល​នុ៎ះ! សត្វ​ឈ្មោលៗ​ទាំង​ប៉ុន្មាន​ដែល​ជាន់​សត្វ​ញីៗ សុទ្ធ​តែ​មាន​សម្បុរ​ឆ្នូតៗ ពពាល និង​មាន​ពណ៌​អុជៗ​ទាំង​អស់។ យើង​ឃើញ​អំពើ​ដែល​ឡាបាន់​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ

លោកុប្បត្តិ 31:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​មក​គាត់​បាន​ឮ​ពាក្យ​របស់​ពួក​កូន​ឡាបាន់​និយាយ​គ្នា​ថា យ៉ាកុប​បាន​លួច​របស់​ទ្រព្យ​ឪពុក​យើង​ទាំង​អស់​ហើយ គឺ​ពី​របស់​ឪពុក​យើង​ទេ​តើ​ដែល​វា​បាន​ទៅ​ជា​មាន​ដូច្នេះ ហើយ​យ៉ាកុប​មើល​មុខ​ឡាបាន់​ឃើញ​ថា មិន‌សូវ​ស្រួល​ចំពោះ​ខ្លួន​ដូច​ពី​ដើម​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​ឯង​វិល​ត្រឡប់​ទៅ​ក្នុង​ស្រុក​ឪពុក​ឯង ឯ​ញាតិ‌សន្តាន​ឯង​វិញ​ទៅ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង យ៉ាកុប​គាត់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​រ៉ាជែល នឹង​លេអា​មក​ឯ​ហ្វូង​សត្វ​ត្រង់​ទី​វាល ប្រាប់​ថា អញ​ឃើញ​ឫកពា​របស់​ឪពុក​ឯង​ហាក់​ដូច​ជា​មិន‌សូវ​ស្រួល​នឹង​អញ​ដូច​ពី​ដើម​សោះ តែ​ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​អញ ឯង​ក៏​ដឹង​ថា អញ​បាន​បំរើ​ឪពុក​ឯង​អស់​ពី​កំឡាំង​ដែរ តែ​ឪពុក​ឯង​បាន​បញ្ឆោត​អញ ហើយ​បាន​បំផ្លាស់​ឈ្នួល​របស់​អញ​១០​ដង​ហើយ តែ​ព្រះ‌ទ្រង់​មិន​ព្រម​បើក​ឱកាស​ឲ្យ​គាត់​ប្រទូស្ត​ចំពោះ​អញ​ទេ កាល​ណា​គាត់​ថា សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​ឯង នោះ​ពួក​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ ដូច្នេះ​ព្រះ‌ទ្រង់​បាន​ដក​ហ្វូង​សត្វ​របស់​ឪពុក​ឯង​ប្រទាន​មក​ឲ្យ​អញ​វិញ​ហើយ នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា នោះ​អញ​ងើប​ភ្នែក​ឡើង​ឃើញ​ក្នុង​សប្តិ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី​ថា​វា​មាន​ឆ្នូត មាន​ពពាល ហើយ​នឹង​ប្រផេះ នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​អញ​ក្នុង​សប្តិ​នោះ​ថា យ៉ាកុប​អើយ អញ​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង