លោកុ‌ប្បត្តិ 31:1-12

លោកុ‌ប្បត្តិ 31:1-12 គកស១៦

លោក​យ៉ាកុប​បាន​ឮ​ពាក្យ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​យកអ្វីៗ​ដែល​ជា​របស់​ឪពុក​យើង​អស់​ហើយ គឺ​វា​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​កេង​យក​ពី​ទ្រព្យ​របស់​ឪពុក​យើង​ទេ»។ លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​រាប់​រក​លោក​ដូច​ពី​មុន​ទៀត​ឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ‌សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។ លោក​យ៉ាកុប​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នាង​រ៉ាជែល និង​នាង​លេអា មក​ឯ​ទី​វាល ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក ហើយ​ប្រាប់​ពួក​នាង​ថា៖ «បង​ឃើញ​ឫក‌ពា​ឪពុក​របស់​អូន​ហាក់​ដូច​ជា​មិន​រាប់​រក​បង ដូច​ពី​មុន​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា‌មួយ​បង។ អូន​ដឹង​ស្រាប់​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​អូន​អស់​ពី​កម្លាំង តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។ កាល​ណា​គាត់​ពោល​ថា "សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា "សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ។ ដូច្នេះ ព្រះ‌ទ្រង់​បាន​ដក​ហូត​ហ្វូង​សត្វ​ឪពុក​របស់​អូន ហើយ​ប្រគល់​មក​ឲ្យ​បង»។ «នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា បង​បាន​ងើប​មុខ​ឡើង​ក្នុង​យល់​សប្តិ ឃើញ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ។ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​កាន់​បង​ក្នុង​សប្តិ​នោះ​ថា "យ៉ាកុប​អើយ" បង​ឆ្លើយ​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!" ទេវតា​ពោល​ថា "ចូរ​ងើប​មុខ​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ ដ្បិត​យើង​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ឡាបាន់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ។