លោកុ‌ប្បត្តិ 31

31
លោក​យ៉ាកុប​រត់​ចេញ ទាំង​នាំ​ក្រុម​គ្រួសារ និង​ហ្វូង​សត្វ​ទៅ​ជាមួយ
1លោក​យ៉ាកុប​បាន​ឮ​ពាក្យ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​យកអ្វីៗ​ដែល​ជា​របស់​ឪពុក​យើង​អស់​ហើយ គឺ​វា​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​កេង​យក​ពី​ទ្រព្យ​របស់​ឪពុក​យើង​ទេ»។ 2លោក​យ៉ាកុប​សង្កេត​ឃើញ​ថា លោក​ឡាបាន់​មិន​រាប់​រក​លោក​ដូច​ពី​មុន​ទៀត​ឡើយ។ 3ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ាកុប​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ស្រុក​ដូន​តា​របស់​អ្នក ទៅ​រក​ញាតិ‌សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​នៅ​ជា‌មួយ​អ្នក»។ 4លោក​យ៉ាកុប​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នាង​រ៉ាជែល និង​នាង​លេអា មក​ឯ​ទី​វាល ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក 5ហើយ​ប្រាប់​ពួក​នាង​ថា៖ «បង​ឃើញ​ឫក‌ពា​ឪពុក​របស់​អូន​ហាក់​ដូច​ជា​មិន​រាប់​រក​បង ដូច​ពី​មុន​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា‌មួយ​បង។ 6អូន​ដឹង​ស្រាប់​ហើយ​ថា បង​បាន​បម្រើ​ឪពុក​របស់​អូន​អស់​ពី​កម្លាំង 7តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។ 8កាល​ណា​គាត់​ពោល​ថា "សត្វ​ពពាល​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ពពាល បើ​កាល​ណា​គាត់​ថា "សត្វ​ឆ្នូត​នឹង​បាន​ជា​ឈ្នួល​របស់​ឯង" នោះ​ពួក​សត្វ​មេៗ​ទាំង​អស់​ក៏​កើត​កូន​មក​សុទ្ធ​តែ​ឆ្នូត​ដែរ។ 9ដូច្នេះ ព្រះ‌ទ្រង់​បាន​ដក​ហូត​ហ្វូង​សត្វ​ឪពុក​របស់​អូន ហើយ​ប្រគល់​មក​ឲ្យ​បង»។
10«នៅ​រដូវ​ដែល​សត្វ​ធ្លាប់​ជាន់​គ្នា បង​បាន​ងើប​មុខ​ឡើង​ក្នុង​យល់​សប្តិ ឃើញ​ថា សត្វ​ឈ្មោល​ដែល​ជាន់​ញី មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ។ 11ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​កាន់​បង​ក្នុង​សប្តិ​នោះ​ថា "យ៉ាកុប​អើយ" បង​ឆ្លើយ​ថា "ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!" 12ទេវតា​ពោល​ថា "ចូរ​ងើប​មុខ​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល និង​ប្រផេះ ដ្បិត​យើង​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ឡាបាន់​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ហើយ។ 13យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែង​ដែល​អ្នក​បាន​ចាក់​ប្រេង​លើ​បង្គោល​នោះ ហើយ​ដែល​អ្នក​បាន​បន់​ដល់​យើង។ ឥឡូវ​នេះ ចូរ​រៀបចំ ហើយ​ចេញ​ពី​ស្រុក​នេះ វិល​ទៅ​កាន់​ស្រុក​កំណើត​របស់​អ្នក​វិញ​ទៅ"»។ 14ពេល​នោះ នាង​រ៉ាជែល និង​នាង​លេអា​ឆ្លើយ​ទៅ​ប្តី​ថា៖ «ចុះ​យើង​នៅ​មាន​ចំណែក ឬ​មត៌ក នៅ​ក្នុង​ផ្ទះ​ឪពុក​យើង​ឯ​ណា? 15តើ​គាត់​មិន​បាន​រាប់​យើង​ដូច​ជា​អ្នក​ដទៃ​ទេ​ឬ? ដ្បិត​គាត់​បាន​លក់​យើង ហើយ​បាន​ស៊ី​បង្ហិន​ប្រាក់​បណ្ណា‌ការ​របស់​យើង​អស់​រលីង​ហើយ។ 16ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​ព្រះ​បាន​ដក​ពី​ឪពុក​យើង​មក នោះ​ជា​របស់​យើង និង​កូន​ចៅ​យើង​ហើយ។ ដូច្នេះ អ្វី​ដែល​ព្រះ​បាន​បង្គាប់​មក​បង សូម​បង​ធ្វើ​តាម​ទៅ»។
17លោក​យ៉ាកុប​ក៏​ក្រោក​ឡើង ហើយ​បញ្ជិះ​កូន​ប្រពន្ធ​លើ​សត្វ​អូដ្ឋ 18នាំ​ហ្វូង​សត្វ​របស់​លោក​ទាំង​អស់ និង​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ក្រុង​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​រកលោក​អ៊ីសាក​ជា​ឪពុក នៅ​ស្រុក​កាណាន​វិញ។
19ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។ 20លោក​យ៉ាកុប​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​លោក​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ទេ។ 21លោក​បាន​រត់​ចេញ​ទៅ ទាំង​នាំ​យក​របស់​ទាំង​អស់​ដែល​លោក​មាន​ទៅ​ជាមួយ ក៏​ឆ្លង​កាត់​ទន្លេ​អ៊ើប្រាត តម្រង់​ឆ្ពោះ​មុខ​ទៅ​ឯ​ស្រុក​ភ្នំ​កាឡាត។
លោក​ឡាបាន់​តាម​ទាន់​លោក​យ៉ាកុប
22លុះ​កន្លង​បាន​បី​ថ្ងៃ​ក្រោយ​មក មាន​គេ​ជម្រាប​លោក​ឡាបាន់​ថា លោក​យ៉ាកុប​បាន​រត់​បាត់​ទៅ​ហើយ។ 23លោក​ឡាបាន់​ក៏​នាំ​បង‌ប្អូន​របស់​គាត់​ទៅ​ជា‌មួយ ហើយ​ធ្វើ​ដំណើរ​ដេញ​តាម​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប​នៅ​ស្រុក​ភ្នំ​កាឡាត។ 24ប៉ុន្តែ ព្រះ‌ទ្រង់​បាន​មក​ពន្យល់​សប្តិ​ប្រាប់លោក​ឡាបាន់ ជា​សាសន៍​អើរ៉ាម​នៅ​យប់​នោះ​ថា៖ «ចូរ​ប្រយ័ត្ន កុំ​និយាយ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី»។
25លោក​ឡាបាន់​បាន​តាម​ទាន់​លោក​យ៉ាកុប។ ឯ​លោក​យ៉ាកុប​បាន​បោះ​ជំរំ​នៅ​ស្រុក​ភ្នំ​កាឡាត ហើយ​លោក​ឡាបាន់ និង​បង‌ប្អូន​របស់​គាត់​ក៏​បោះ​ជំរំ​នៅស្រុក​ភ្នំ​កាឡាត​នោះ​ដែរ។ 26លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ម្តេច​បាន​ជា​កូន​ធ្វើ​ដូច្នេះ? កូន​បាន​បញ្ឆោត​ពុក ព្រម​ទាំង​នាំ​ពង្រត់​កូន​ស្រី​ពុក​មក ដូច​ជា​ឈ្លើយ​ដែល​ចាប់​បាន​ដោយ​ដាវ។ 27ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​មក​ស្ងាត់ៗ ហើយ​បញ្ឆោត​ពុក មិន​ប្រាប់​ឲ្យ​ពុក​ដឹង​ដូច្នេះ? គួរ​តែ​ឲ្យ​ពុក​បាន​ជូន​ដំណើរ​ដោយ​អំណរ ដោយ​ច្រៀង វាយ​ស្គរ និង​លេង​ពិណ​ផង។ 28ហេតុ​អ្វី​បាន​ជា​កូន​មិន​ឲ្យ​ពុក​ថើប​លា​កូន​ចៅ​របស់​ពុក​សោះ​ដូច្នេះ? កូន​បាន​ប្រព្រឹត្ត​បែប​ចម្កួត​ហើយ។ 29ពុក​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​របស់​ឯង​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា "ចូរ​ប្រយ័ត្ន កុំ​និយាយ​ពាក្យ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី"។ 30ឥឡូវ​នេះ ឯង​បាន​ចេញ​មក ព្រោះ​តែ​ឯង​នឹក​រឭក​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?» 31លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​ថា៖ «ព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​កម្លាំង។ 32ប៉ុន្ដែ បើ​លោក​ឪពុក​រក​ឃើញ​មាន​រូប​ព្រះ​ទាំង​នោះ​នៅ​ជាមួយ​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​រស់​ទៀត​ទេ។ សូម​ឆែក​មើល​នៅ​ចំពោះ​មុខ​បង‌ប្អូន​យើង​នេះ​ចុះ បើ​មាន​របស់​ណា​ដែល​នៅ​ជាមួយ​ខ្ញុំ ជា​របស់​លោក​ឪពុក សូម​យក​វិញ​ចុះ»។ ឯ​លោក​យ៉ាកុប​មិន​ដឹង​ថា នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។
33ដូច្នេះ លោក​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ទៅ​ក្នុង​ជំរំ​របស់​នាង​លេអា និង​ទៅ​ក្នុង​ជំរំ​របស់​ស្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​នាង​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​នាង​រ៉ាជែល។ 34នាង​រ៉ាជែល​បាន​យក​រូប​ថេរ៉ាភីម ទាំង​នោះ​ទៅ​ដាក់ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ជំរំ តែ​រក​មិន​ឃើញ​សោះ។ 35នាង​និយាយ​ទៅ​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​នឹង​កូន ដែល​កូន​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​ឡើយ ដ្បិត​កូន​កើត​មាន​ការ​ដូច​ស្រីៗ​ធ្លាប់​មាន»។ គាត់​ក៏​ខំ​រក​មើល តែ​មិន​ឃើញ​រូប​ថេរ៉ាភីម​ទាំង​នោះ​ឡើយ។
36លោក​យ៉ាកុបក៏​ខឹង ហើយ​រក​រឿង​លោក​ឡាបាន់។ លោក​ពោល​ថា៖ «តើ​ខ្ញុំ​មាន​ទោស​អ្វី? តើ​ខ្ញុំ​មាន​អំពើ​បាប​អ្វី បាន​ជា​លោក​ឪពុក​ដេញ​តាម​ខ្ញុំ​ដោយ​ចិត្ត​ក្តៅ​ដូច្នេះ? 37លោក​ឪពុក​បាន​ឆែក‌ឆេរ​របស់​ខ្ញុំ​សព្វ​គ្រប់​ទាំង​អស់​ហើយ តើ​បាន​ឃើញ​របស់​ណា​ជា​របស់​ពី​ផ្ទះ​លោក​ឪពុក​ខ្លះ? ចូរ​ដាក់​បង្ហាញ​នៅ​មុខ​បង‌ប្អូន​ខ្ញុំ និង​បង‌ប្អូន​របស់​លោក​ឪពុក​មក​មើល ដើម្បី​ឲ្យ​គេ​ជំនុំ‌ជម្រះ​ពី​រឿង​យើង​ទាំង​ពីរ។ 38ពេញ​ម្ភៃ​ឆ្នាំ​ហើយ ដែល​ខ្ញុំ​នៅ​ជា‌មួយ​លោក​ឪពុក ចៀម និង​ពពែ​របស់​លោក​ឪពុក​មិន​ដែល​មាន​រលូត​មួយ​សោះ ហើយ​ខ្ញុំ​ក៏​ឥត​ដែល​បាន​ទទួល​ទាន​ចៀម​ឈ្មោល​ពី​ហ្វូង​របស់​លោក​ឪពុក​ដែរ។ 39សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ គឺ​ខ្ញុំ​បាន​សង ទោះ​បើ​គេ​លួច​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់​ក្តី លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង​ជា‌និច្ច។ 40ខ្ញុំ​ទ្រាំទ្រ​ជា‌មួយ​ហ្វូង​សត្វ​ជា‌និច្ច គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​តែង​ត្រូវ​កម្ដៅ​ថ្ងៃ ហើយ​ពេល​យប់​ត្រូវ​រងា ភ្នែក​ខ្ញុំ​ក៏​អត់​ងងុយ​ដេក​មិន​លក់។ 41ខ្ញុំ​បាន​នៅ​ផ្ទះ​លោក​ឪពុក​អស់​ម្ភៃ​ឆ្នាំ​នេះ​ហើយ គឺ​ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​ដប់​បួន​ឆ្នាំ ឲ្យ​បាន​កូន​ស្រី​របស់​លោក​ឪពុក​ទាំង​ពីរ​នាក់ ហើយ​ប្រាំ​មួយ​ឆ្នាំ​ទៀត​ឲ្យ​បាន​ចៀម​របស់​លោក​ឪពុក តែ​លោក​ឪពុក​បាន​បំផ្លាស់​ឈ្នួល​ខ្ញុំ​ដប់​ដង​ហើយ។ 42ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។
លោកឡាបាន់ និង​លោក​យ៉ាកុប​តាំង​សញ្ញា​នឹង​គ្នា
43ពេល​នោះ លោក​ឡាបាន់​ឆ្លើយ​ទៅ​លោក​យ៉ាកុប​ថា៖ «ស្ត្រី​ទាំង​នេះ​ជា​កូន​ស្រី​របស់​ពុក ហើយ​ក្មេង​ទាំង​នេះ​ជា​ចៅ​របស់​ពុក ហ្វូង​សត្វ​ទាំង​នេះ​ជា​ហ្វូង​សត្វ​របស់​ពុក ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​កូន​មើល​ឃើញ​ក៏​ជា​របស់​ពុក​ដែរ តែ​ថ្ងៃ​នេះ តើ​ពុក​អាច​ធ្វើ​អ្វី​ដល់​កូន​របស់​ពុក ឬ​ដល់កូន​ដែល​ពួក​វា​បាន​បង្កើត​ទាំង​ប៉ុន្មាន​នេះ​បាន? 44ដូច្នេះ ឥឡូវ​នេះ ចូរ​យើង​ចុះ​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទុក​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក»។ 45លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​ផ្ទាំង មក​ដាក់​បញ្ឈរ​ធ្វើ​ជា​បង្គោល 46ហើយ​ប្រាប់​បង‌ប្អូន​របស់​លោក​ថា៖ «ចូរ​យក​ថ្ម​មក!»។ គេ​ក៏​ទៅ​យក​ថ្ម​មក​ដាក់​ជា​គំនរ រួច​នាំ​គ្នា​បរិ‌ភោគ​នៅ​លើ​គំនរ​នោះ។ 47លោក​ឡាបាន់​ហៅ​គំនរ​ថ្ម​នោះ​ថា "យេការ-សាហាឌូថា" តែ​លោក​យ៉ាកុប​ហៅ​ថា "កាលេឌ" វិញ។ 48លោក​ឡាបាន់​ពោល​ថា៖ «គំនរ​ថ្ម​នេះ​ជា​បន្ទាល់​រវាង​កូន​នឹង​ពុក​នៅ​ថ្ងៃ​នេះ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេហៅ​គំនរ​ថ្ម​នោះ​ថា "កាលេឌ" 49ហើយ​ហៅ​បង្គោល​នោះ​ថា "មីស‌ប៉ា" ដ្បិត​លោក​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​កូន និង​ពុក ក្នុង​ពេល​ដែល​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។ 50ប្រសិន‌បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ឬ​យក​ប្រពន្ធ​ផ្សេង​ទៀត​ក្រៅ​ពី​កូន​ស្រី​របស់​ពុក ទោះ​ជា​គ្មាន​មនុស្ស​ណា​នៅ​ជា‌មួយ​យើង​ក្ដី ក៏​មាន​ព្រះ​ធ្វើ​ជា​សាក្សី​រវាង​កូន​នឹង​ពុក​ដែរ»។
51ពេល​នោះ លោក​ឡាបាន់​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «មើលនែ៎ គំនរ​ថ្ម និង​បង្គោល​នេះ​ហើយ ដែល​ពុក​បាន​ដាក់​នៅ​ចន្លោះ​កូន​នឹង​ពុក។ 52គំនរ និង​បង្គោល​នេះ​ជា​បន្ទាល់​ថា ពុក​នឹង​មិន​រំលង​គំនរ​នេះ​ទៅរក​រឿង​កូន ហើយ​កូន​ក៏​មិន​រំលង​គំនរ ឬ​បង្គោល​នេះ​មក​រក​រឿង​ពុក​ដែរ។ 53សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច 54រួច​លោក​យ៉ាកុប​ក៏​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​ភ្នំ​នោះ ហើយ​ហៅ​បង‌ប្អូន​របស់​លោក​មក​បរិ‌ភោគ។ គេក៏​នាំ​គ្នា​បរិ‌ភោគ រួច​ស្នាក់​នៅ​លើ​ភ្នំ​ក្នុង​យប់​នោះ។
55 ព្រលឹម​ស្រាងៗ លោក​ឡាបាន់​ក្រោក​ឡើង ហើយ​ថើប​ចៅ និង​កូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​ពរ​ពួក‌គេ រួច​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​របស់​គាត់​វិញ។

ទើបបានជ្រើសរើសហើយ៖

លោកុ‌ប្បត្តិ 31: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ