ម៉ាកុស 4

4
ពាក្យឧបមាអំពីអ្នកសាបព្រោះ
1ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​បង្រៀន​នៅ​មាត់បឹង#4:1 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។​ម្ដងទៀត​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក​នៅ​មាត់​បឹង រីឯ​ហ្វូងមនុស្ស​ទាំងមូល​ក៏​នៅ​លើ​គោក​តាម​មាត់​បឹង​។ 2ព្រះអង្គ​ទ្រង់​បង្រៀន​អំពី​សេចក្ដី​ជាច្រើន​ដល់​ពួកគេ ដោយ​ពាក្យឧបមា ហើយ​នៅក្នុង​សេចក្ដីបង្រៀន​របស់​ព្រះអង្គ ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖ 3“ចូរ​ស្ដាប់​ចុះ មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។ 4នៅពេល​គាត់​កំពុង​សាប​ព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ហើយ​បក្សាបក្សី#4:4 ឯកសារបុរាណខ្លះបន្ថែម “នៅលើអាកាស”។ក៏​មក​ស៊ីអស់​។ 5គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​កន្លែងសម្បូរថ្ម ជា​កន្លែងដែល​មិនមាន​ដី​ច្រើន វា​ក៏​ដុះឡើង​ភ្លាម ដោយសារ​ដី​មិនជ្រៅ 6ប៉ុន្តែ​នៅពេល​ថ្ងៃរះឡើង វា​ក៏​ស្លោក ហើយ​ដោយសារ​គ្មាន​ឫស វា​ក៏​ក្រៀមស្វិត​ទៅ​។ 7គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់ ហើយ​រួបរឹត​វា នោះ​វា​មិន​បង្កើត​ផល​ឡើយ​។ 8រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ វា​ដុះឡើង ហើយ​លូតលាស់ រួច​បង្កើត​ផល គឺ​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយរយ”។ 9បន្ទាប់មក ព្រះអង្គ​មានបន្ទូលថា​៖“អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ​!”។
ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា
10ពេល​ព្រះយេស៊ូវ​គង់នៅ​តែព្រះអង្គឯង ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ព្រមទាំង​សាវ័ក#4:10 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់ ក៏​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​ទាំងនេះ​។ 11ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​មក​អ្នករាល់គ្នា​ហើយ#4:11 ប្រទានមក​អ្នក​រាល់គ្នា​ហើយ―ឯកសារបុរាណខ្លះថា “ប្រទានឲ្យ​អ្នករាល់គ្នា​យល់ហើយ”។រីឯ​អ្នកដទៃ រឿង​ទាំងអស់​មក​ជា​ពាក្យឧបមា​វិញ​។ 12នេះគឺ​ដើម្បីឲ្យ​:
‘ពួកគេ​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក
ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់
ក្រែងលោ​ពួកគេ​បែរមកវិញ
ហើយ​ត្រូវបាន​លើកលែងទោស # 4:12 ឯកសារបុរាណខ្លះបន្ថែម “បាប”។ # 4:12 《អេសាយ》 6:9-10។ ”។
ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ
13ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិន​យល់​ពាក្យឧបមា​នេះ​ទេ​ឬ​? បើដូច្នេះ តើ​អ្នករាល់គ្នា​នឹង​យល់​ពាក្យឧបមា​ទាំងអស់​យ៉ាងដូចម្ដេច​? 14អ្នកសាបព្រោះ គឺ​សាបព្រោះ​ព្រះបន្ទូល​។ 15គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ ជា​កន្លែងដែល​ព្រះបន្ទូល​ត្រូវបាន​សាបព្រោះ គឺ​មនុស្ស​បែបនេះ​: នៅពេល​ពួកគេ​ឮ​ហើយ សាតាំង​ក៏​មក​ឆក់យក​ព្រះបន្ទូល​ដែល​ត្រូវបាន​សាបព្រោះ​នៅក្នុង​ចិត្ត​ពួកគេ#4:15 នៅ​ក្នុងចិត្ត​ពួកគេ​―ឯកសារបុរាណខ្លះថា “នៅ​ក្នុង​ពួកគេ”។ទៅ​ភ្លាម។ 16#4:16 ឯកសារបុរាណខ្លះបន្ថែម “ដូចគ្នាដែរ”។គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​កន្លែងសម្បូរថ្ម គឺ​មនុស្ស​បែបនេះ​: នៅពេល​ពួកគេ​ឮ​ព្រះបន្ទូល​ហើយ ពួកគេ​ក៏​ទទួលយក​ភ្លាម​ដោយ​អំណរ 17ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួនគេ​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ លុះដល់​ពេល​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល ពួកគេ​ក៏​ជំពប់ដួលភ្លាម​។ 18គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​មនុស្ស​ផ្សេងទៀត​: ពួកគេ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល 19ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ ព្រមទាំង​ចំណង់​ផ្សេង​ៗ​ចូលមក​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។ 20រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​មនុស្ស​បែបនេះ​: ពួកគេ​ឮ​ព្រះបន្ទូល​ក៏​ទទួលយក រួច​បង្កើតផល គឺ​មួយ​ជា​សាមសិប មួយ​ជា​ហុកសិប និង​មួយ​ជា​មួយរយ”។
ពាក្យឧបមាអំពីចង្កៀង
21ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ចង្កៀង​យកមក មិនមែន​ដើម្បី​ដាក់​ក្រោម​ថាំង ឬ​ក្រោម​គ្រែ​ទេ មែនទេ​? តើ​មិនមែន​ដើម្បី​ដាក់​លើ​ជើងចង្កៀង​ទេ​ឬ​? 22ដូច្នេះ គ្មាន​ការ​សម្ងាត់​អ្វី​ដែល​មិន​ត្រូវបាន​សម្ដែង​ឡើយ ហើយក៏គ្មាន​អាថ៌កំបាំង​អ្វី​ដែល​មិន​ត្រូវ​បាន​លាតត្រដាង​ដែរ​។ 23អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ!”។ 24ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្វីដែល​អ្នករាល់គ្នា​ស្ដាប់​ចុះ​។ ដោយ​រង្វាល់​ណា​ដែល​អ្នករាល់គ្នា​វាល់​ឲ្យគេ នោះ​នឹង​ត្រូវបាន​វាល់​ឲ្យ​អ្នករាល់គ្នា​វិញ ព្រមទាំង​ត្រូវបាន​បន្ថែម​ឲ្យ​អ្នករាល់គ្នា#4:24 អ្នក​រាល់គ្នា―ឯកសារបុរាណខ្លះថា “អ្នកណាដែលឮ”។ទៀតផង​។ 25ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ”។
ពាក្យឧបមាអំពីគ្រាប់ពូជលូតលាស់
26ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“អាណាចក្រ​របស់​ព្រះ​ប្រៀបដូចជា​បុរស​ម្នាក់​ព្រោះ​គ្រាប់ពូជ​ទៅលើ​ដី 27គាត់​ដេកងើបៗ​ទាំងយប់ទាំងថ្ងៃ គ្រាប់ពូជ​នោះ​ក៏​ចេញពន្លក ហើយ​ដុះឡើង ប៉ុន្តែ​គាត់​មិន​ដឹង​ថា​របៀបណា​ឡើយ​។ 28ផែនដី​បង្កើតផល​ដោយខ្លួនវា គឺ​មុនដំបូង​ជា​ស្លឹក បន្ទាប់មក​ជា​កួរ បន្ទាប់មកទៀត​បាន​ដាក់គ្រាប់​ក្នុង​កួរ​។ 29នៅពេល​គ្រាប់​ទុំ គេ​ក៏​យក​កណ្ដៀវ​មកច្រូត​ភ្លាម ពីព្រោះ​ដល់​រដូវច្រូតកាត់​ហើយ”។
ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត
30ព្រះយេស៊ូវ​មានបន្ទូល​ទៀត​ថា៖“តើ​យើង​គួរ​ប្រៀបប្រដូច​អាណាចក្រ​របស់​ព្រះ​ទៅនឹងអ្វី ឬ​គួរ​ពិពណ៌នា#4:30 ពិពណ៌នា―ឯកសារបុរាណខ្លះថា “ប្រៀបប្រដូច”។ដោយ​ពាក្យឧបមា​អ្វី​? 31គឺ​ដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ នៅពេល​ព្រោះ​ទៅលើ​ដី វា​ល្អិតជាង​គ្រាប់ពូជ​ទាំងអស់​នៅលើ​ផែនដី 32ប៉ុន្តែ​នៅពេល​ព្រោះ​ហើយ វា​លូតលាស់​បាន​ធំជាង​ដំណាំបន្លែ​ទាំងអស់ ហើយ​បែកមែក​ធំ​ៗ ធ្វើឲ្យ​បក្សាបក្សីនៅលើអាកាស​អាច​ធ្វើសម្បុក​ក្រោម​ម្លប់​វា​បាន”។
ការប្រើពាក្យឧបមា
33ព្រះយេស៊ូវ​ទ្រង់​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​ដោយ​ពាក្យឧបមា​បែបនេះ​ជាច្រើន តាមដែល​ពួកគេ​អាច​ស្ដាប់​បាន។ 34ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បកស្រាយ​អ្វីៗ​ទាំងអស់ឲ្យតែ​ពួក​សិស្ស​របស់ព្រះអង្គ​ប៉ុណ្ណោះ​។
ខ្យល់ និងរលកស្ដាប់បង្គាប់
35លុះដល់​ពេលល្ងាច​ថ្ងៃ​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា៖“យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយម្ខាង”។ 36នៅពេល​ចាកចេញ​ពី​ហ្វូងមនុស្ស ពួកគេ​ក៏​នាំ​ព្រះយេស៊ូវ​ទៅ ទាំង​ព្រះអង្គ​គង់នៅ​ក្នុង​ទូក​។ មាន​ទូក#4:36 ទូក​―ឯកសារបុរាណខ្លះថា “ទូកតូច”។​ឯទៀតៗ​ទៅជាមួយ​ព្រះអង្គ​ដែរ​។ 37បន្ទាប់មក មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​កើតឡើង ហើយ​រលក​បក់បោក​មកក្នុង​ទូក ធ្វើឲ្យ​ទូក​បាន​ពេញព្រៀប​ហើយ​។ 38រីឯ​ព្រះយេស៊ូវ​គង់នៅ​កន្សៃទូក កំពុង​ផ្ទំលក់​លើ​ខ្នើយ​។ ដូច្នេះ ពួកគេ​ក៏​ដាស់​ព្រះអង្គ​ឡើង ហើយ​ទូលថា​៖ “លោកគ្រូ​! តើ​លោក​មិន​ខ្វល់​ថា យើងខ្ញុំ​កំពុង​វិនាស​ទេ​ឬ​?”។
39ព្រះអង្គ​ក៏​តើនឡើង ស្ដីឲ្យ​ខ្យល់ ហើយ​មានបន្ទូល​នឹង​រលក#4:39 រលក―ឬ “សមុទ្រ”។​ថា៖“ចូរ​ស្ងៀម​ស្ងប់​ទៅ​!”។ ពេលនោះក៏​ឈប់​ខ្យល់ ហើយ​មាន​ភាពស្ងប់ស្ងាត់​ឈឹង​។ 40ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​? តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​?”។
41ពួកគេ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយ​និយាយ​គ្នាទៅវិញទៅមក​ថា៖ “ចុះ​តើ​លោកនេះ​ជា​នរណា​? សូម្បីតែ​ខ្យល់ និង​រលក​ក៏​ស្ដាប់បង្គាប់​លោក​ដែរ!”៕

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 4: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល