ម៉ាកុស 3
3
ប្រោសមនុស្សស្វិតដៃឲ្យជា
1ព្រះយេស៊ូវយាងចូលទៅក្នុងសាលាប្រជុំម្ដងទៀត។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ 2គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។ 3ព្រះអង្គមានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖“ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។ 4បន្ទាប់មក ព្រះអង្គទ្រង់សួរពួកគេថា៖“នៅថ្ងៃសប្ប័ទ តើមួយណាត្រូវច្បាប់: ធ្វើល្អ ឬធ្វើអាក្រក់? សង្គ្រោះជីវិត ឬសម្លាប់ជីវិត?”។ ប៉ុន្តែពួកគេនៅស្ងៀម។ 5ព្រះអង្គទតមើលជុំវិញទៅពួកគេដោយព្រះពិរោធ ទាំងពិបាកព្រះទ័យចំពោះភាពរឹងរូសនៃចិត្តរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសនោះថា៖“ចូរលាតដៃរបស់អ្នកចុះ!”។ គាត់ក៏លាតដៃ នោះដៃរបស់គាត់បានដូចដើមវិញ#3:5 ឯកសារបុរាណខ្លះបន្ថែម “គឺដូចដៃម្ខាងទៀត”។។ 6ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាភ្លាមជាមួយពួកគណៈហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។
ហ្វូងមនុស្សមកតាមព្រះយេស៊ូវ
7ព្រះយេស៊ូវយាងចាកចេញទៅបឹង#3:7 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។ជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា 8យេរូសាឡិម អេដុមា ខាងនាយទន្លេយ័រដាន់ ហើយពីជុំវិញទីរ៉ុស និងស៊ីដូនដែរ។ ហ្វូងមនុស្សដ៏ធំមករកព្រះអង្គ ដោយឮពីអ្វីៗដែលព្រះអង្គទ្រង់ធ្វើ។ 9ព្រះអង្គមានបន្ទូលនឹងពួកសិស្សឲ្យត្រៀមទូកតូចមួយសម្រាប់ព្រះអង្គ ដោយសារតែហ្វូងមនុស្ស ក្រែងលោពួកគេសង្កត់ព្រះអង្គ។ 10ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។ 11កាលណាពួកវិញ្ញាណអសោចឃើញព្រះអង្គ ពួកវាក៏ក្រាបចុះនៅមុខព្រះអង្គ ហើយស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ 12ប៉ុន្តែព្រះអង្គទ្រង់ហាមពួកវាយ៉ាងតឹងរ៉ឹង មិនឲ្យពួកវាធ្វើឲ្យគេស្គាល់ព្រះអង្គឡើយ។
ជ្រើសរើសសាវ័កដប់ពីរនាក់
13បន្ទាប់មក ព្រះយេស៊ូវយាងឡើងទៅលើភ្នំ ហើយហៅអ្នកដែលព្រះអង្គសព្វព្រះទ័យមក ពួកគេក៏មកឯព្រះអង្គ 14រួចព្រះអង្គតែងតាំងដប់ពីរនាក់ដែលព្រះអង្គហៅថាសាវ័ក#3:14 ឯកសារបុរាណខ្លះគ្មាន “ដែលព្រះអង្គហៅថាសាវ័ក”។ ដើម្បីឲ្យពួកគេនៅជាមួយព្រះអង្គ និងដើម្បីចាត់ពួកគេឲ្យទៅប្រកាសដំណឹងល្អ 15ព្រមទាំងឲ្យមានសិទ្ធិអំណាច#3:15 ឯកសារបុរាណខ្លះបន្ថែម “ប្រោសរោគាឲ្យជា”។ដេញអារក្សផង។
16ដូច្នេះ ព្រះអង្គបានតែងតាំងដប់ពីរនាក់#3:16 ឯកសារបុរាណខ្លះគ្មាន “ដូច្នេះ ព្រះអង្គបានតែងតាំងដប់ពីរនាក់”។:
ស៊ីម៉ូន——ព្រះអង្គដាក់ឈ្មោះថា ពេត្រុស;
17យ៉ាកុបកូនរបស់សេបេដេ
និងយ៉ូហានប្អូនប្រុស#3:17 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់យ៉ាកុប
——ព្រះអង្គដាក់ឈ្មោះពួកគេថា “បោនអ៊ើកេ”
ដែលមានអត្ថន័យប្រែថា “កូនផ្គរលាន់”;
18អនទ្រេ;
ភីលីព និងបារថូឡូមេ;
ម៉ាថាយ និងថូម៉ាស;
យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
ស៊ីម៉ូនអ្នកជាតិនិយម
19និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។
ការបាក់បែកផ្ទៃក្នុង
20ព្រះយេស៊ូវយាងចូលក្នុងផ្ទះ ហ្វូងមនុស្សក៏មកផ្ដុំគ្នាម្ដងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបអាហារបាន។ 21នៅពេលសាច់ញាតិរបស់ព្រះអង្គបានឮ ពួកគេក៏ចេញមកចាប់ព្រះអង្គ ពីព្រោះគេថា៖ “គាត់វិកលចរិតហើយ”។
22ពួកគ្រូវិន័យដែលចុះមកពីយេរូសាឡិមនិយាយថា៖ “គាត់មានបេលសេប៊ូលចូល គាត់ដេញអារក្សដោយមេអារក្សទេ”។
23ព្រះយេស៊ូវទ្រង់ហៅពួកគេមក ហើយមានបន្ទូលនឹងពួកគេជាពាក្យឧបមាថា៖“តើសាតាំងអាចដេញសាតាំងយ៉ាងដូចម្ដេចបាន? 24ប្រសិនបើអាណាចក្រមួយបាក់បែកផ្ទៃក្នុង អាណាចក្រនោះមិនអាចនៅឈរបានឡើយ 25ហើយប្រសិនបើគ្រួសារមួយបាក់បែកផ្ទៃក្នុង គ្រួសារនោះក៏មិនអាចនៅឈរបានដែរ។ 26ប្រសិនបើសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនវា ហើយបាក់បែកគ្នា វាមិនអាចនៅឈរបានទេ គឺចប់ហើយ។
27 “គ្មានអ្នកណាអាចចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់របស់របរគាត់បានឡើយ លុះត្រាតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបប្លន់ផ្ទះរបស់គាត់បាន។ 28ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាតិ#3:28 មនុស្សជាតិ―ន័យត្រង់គឺ “កូនរបស់មនុស្ស”។នឹងត្រូវបានលើកលែងទោស ចំពោះបាបទាំងអស់ និងពាក្យប្រមាថអ្វីក៏ដោយដែលគេនិយាយប្រមាថព្រះ 29ប៉ុន្តែអ្នកណាក៏ដោយដែលនិយាយប្រមាថទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ គ្មានការលើកលែងទោសជារៀងរហូត គឺមានទោសអំពីបាបអស់កល្បជានិច្ច#3:29 មានទោសអំពីបាបអស់កល្បជានិច្ច―ឯកសារបុរាណខ្លះថា “មានទោសដល់ការជំនុំជម្រះអស់កល្បជានិច្ច”។វិញ”។ 30ព្រះយេស៊ូវមានបន្ទូលដូច្នេះ ពីព្រោះគេនិយាយថា៖ “គាត់មានវិញ្ញាណអសោចចូល”។
សាច់ញាតិដ៏ពិត
31បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។ 32ហ្វូងមនុស្សដែលអង្គុយនៅជុំវិញព្រះអង្គ ក៏ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនប្រុសប្អូនស្រី#3:32 ឯកសារបុរាណខ្លះគ្មាន “ប្អូនស្រី”។#3:32 ប្អូនស្រី―ន័យត្រង់គឺ “បងប្អូនស្រី”។របស់លោកមករកលោកនៅខាងក្រៅ”។
33ព្រះអង្គមានបន្ទូលតបនឹងពួកគេថា៖“តើនរណាជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ?”។ 34ព្រះអង្គទតមើលអ្នកដែលកំពុងអង្គុយនៅជុំវិញព្រះអង្គ ហើយមានបន្ទូលថា៖“មើល៍! ម្ដាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ! 35ដ្បិតអ្នកណាក៏ដោយដែលប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះ អ្នកនោះហើយ ជាបងប្អូនប្រុសស្រី និងជាម្ដាយរបស់ខ្ញុំ”៕
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 3: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative