ម៉ាកុស 5
5
ដេញអារក្សនៅគេរ៉ាស៊ីន
1ព្រះយេស៊ូវ និងពួកសិស្សមកដល់ត្រើយម្ខាងបឹង#5:1 បឹង―ឬ “សមុទ្រ”; គឺ “បឹងកាលីឡេ”។ គឺដល់តំបន់របស់ជនជាតិគេរ៉ាស៊ីន#5:1 គេរ៉ាស៊ីន―ឯកសារបុរាណខ្លះថា “កាដារ៉ា”។។ 2នៅពេលព្រះយេស៊ូវយាងឡើងពីទូក ស្រាប់តែមានបុរសម្នាក់ដែលមានវិញ្ញាណអសោចចូល ចេញពីរូងផ្នូរមកជួបព្រះអង្គ។ 3បុរសនោះស្នាក់នៅតាមរូងផ្នូរ គ្មានអ្នកណាអាចចងគាត់បានទៀតឡើយ សូម្បីតែជាមួយនឹងច្រវាក់ក៏ដោយ។ 4គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។ 5គាត់តែងតែស្រែកជានិច្ចនៅតាមរូងផ្នូរ និងភ្នំ ទាំងយប់ទាំងថ្ងៃ ព្រមទាំងឆូតខ្លួនដោយថ្មផង។
6នៅពេលឃើញព្រះយេស៊ូវពីចម្ងាយ គាត់ក៏រត់មកថ្វាយបង្គំព្រះអង្គ 7ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។ 8ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖“វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។
9ព្រះអង្គទ្រង់សួរវាថា៖“តើឯងឈ្មោះអ្វី?”។
វាទូលឆ្លើយថា៖ “ទូលបង្គំឈ្មោះកងទ័ព#5:9 កងទ័ព―ឬ “ឡេហ្គីអន”; ជាកងទាហានរ៉ូម៉ាំង មានចំនួនប្រហែល 6,000 នាក់។ ពីព្រោះយើងខ្ញុំមានគ្នាច្រើន”។ 10វាក៏ទទូចអង្វរព្រះអង្គ កុំឲ្យព្រះអង្គបណ្ដេញពួកវាចេញពីតំបន់នោះឡើយ។
11នៅទីនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមភ្នំ។ 12វិញ្ញាណអសោចទាំងនោះ#5:12 វិញ្ញាណអសោចទាំងនោះ―ឬ “ពួកវា”; ឯកសារបុរាណខ្លះថា “អារក្សទាំងអស់”។ទូលអង្វរព្រះអង្គថា៖ “សូមបញ្ជូនយើងខ្ញុំទៅក្នុងជ្រូកទាំងនោះទៅ ដើម្បីឲ្យយើងខ្ញុំបានចូលក្នុងពួកវា”។ 13ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា#5:13 ឯកសារបុរាណខ្លះបន្ថែម “ភ្លាម”។។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។ 14ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយប្រាប់រឿងនេះនៅក្នុងទីក្រុង និងនៅតាមភូមិ។ គេក៏នាំគ្នាមក#5:14 មក―ឯកសារបុរាណខ្លះថា “ចេញមក”។មើលអ្វីដែលបានកើតឡើង។ 15ពួកគេមករកព្រះយេស៊ូវ ហើយឃើញបុរសអារក្សចូល គឺម្នាក់ដែលធ្លាប់មាន “កងទ័ព” ចូលនោះ កំពុងអង្គុយដោយមានស្លៀកសម្លៀកបំពាក់ និងដឹងស្មារតី ក៏ធ្វើឲ្យពួកគេខ្លាច។ 16ពួកអ្នកដែលឃើញក៏រៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលបានកើតឡើងដល់បុរសអារក្សចូល និងអំពីជ្រូកទាំងនោះ។ 17ពួកគេចាប់ផ្ដើមទូលអង្វរព្រះអង្គឲ្យចាកចេញពីតំបន់របស់ពួកគេ។
18នៅពេលព្រះអង្គកំពុងយាងចុះទូក បុរសដែលមានអារក្សចូលពីមុនក៏ទូលអង្វរព្រះអង្គឲ្យគាត់បាននៅជាមួយព្រះអង្គ។ 19ប៉ុន្តែព្រះអង្គមិនអនុញ្ញាតទេ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរទៅផ្ទះវិញ ទៅរកជនរួមជាតិរបស់អ្នកចុះ ហើយប្រាប់ពួកគេថាព្រះអម្ចាស់បានធ្វើយ៉ាងណាដល់អ្នក និងថាព្រះអង្គទ្រង់មេត្តាយ៉ាងណាដល់អ្នក”។ 20គាត់ក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសនៅដេកាប៉ូលីថា ព្រះយេស៊ូវបានធ្វើយ៉ាងណាដល់គាត់។ មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល។
ក្មេងស្រីរស់ឡើងវិញ និងស្ត្រីបានជា
21ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅត្រើយម្ខាងវិញ។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏គង់នៅមាត់បឹង។ 22ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ 23ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
24ដូច្នេះ ព្រះអង្គក៏យាងទៅជាមួយគាត់។ មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ទាំងប្រជ្រៀតព្រះអង្គផង។ 25មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ 26នាងបានរងទុក្ខយ៉ាងខ្លាំងក្រោមការព្យាបាលរបស់គ្រូពេទ្យជាច្រើន ទាំងចំណាយអ្វីៗទាំងអស់ដែលនាងមាន ប៉ុន្តែគ្មានប្រយោជន៍អ្វីសោះ ផ្ទុយទៅវិញកាន់តែឈឺធ្ងន់ថែមទៀត។ 27នៅពេលឮអំពីព្រះយេស៊ូវ នាងក៏មកពីខាងក្រោយព្រះអង្គក្នុងហ្វូងមនុស្ស ហើយពាល់ព្រះពស្ត្ររបស់ព្រះអង្គ។ 28ដ្បិតនាងគិតថា៖ “បើសិនខ្ញុំបានពាល់ត្រឹមតែអាវវែងរបស់លោក ខ្ញុំនឹងបានជាសះស្បើយ”។ 29ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។
30ព្រះយេស៊ូវទ្រង់ជ្រាបក្នុងអង្គទ្រង់ភ្លាមថា ព្រះចេស្ដាបានចេញពីព្រះអង្គ ព្រះអង្គក៏ងាកនៅក្នុងហ្វូងមនុស្ស ហើយមានបន្ទូលថា៖“នរណាពាល់អាវខ្ញុំ?”។
31ពួកសិស្សទូលព្រះអង្គថា៖ “លោកឃើញហ្វូងមនុស្សប្រជ្រៀតលោកហើយ ម្ដេចក៏សួរថា: ‘នរណាពាល់ខ្ញុំ?’”។
32ប៉ុន្តែព្រះអង្គទតមើលជុំវិញ ដើម្បីឲ្យឃើញអ្នកដែលធ្វើការនេះ។ 33ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។ 34ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
35ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានគេមកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ លោកនៅតែរំខានលោកគ្រូធ្វើអីទៀត?”។
36ប៉ុន្តែព្រះយេស៊ូវទ្រង់មិនអើពើនឹងស្ដាប់ពាក្យដែលគេនិយាយទេ#5:36 ព្រះយេស៊ូវទ្រង់មិនអើពើនឹងស្ដាប់ពាក្យដែលគេនិយាយទេ―ឯកសារបុរាណខ្លះថា “ព្រះយេស៊ូវទ្រង់ឮពាក្យដែលគេនិយាយ”។ ក៏មានបន្ទូលនឹងអ្នកគ្រប់គ្រងសាលាប្រជុំថា៖“កុំខ្លាចឡើយ! ចូរគ្រាន់តែជឿប៉ុណ្ណោះ”។ 37ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុស#5:37 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់យ៉ាកុបប៉ុណ្ណោះ។ 38នៅពេលពួកគេមកដល់ផ្ទះរបស់អ្នកគ្រប់គ្រងសាលាប្រជុំ ព្រះអង្គទតឃើញភាពវឹកវរ មានគេទ្រហោយំ និងស្រែកយ៉ាងខ្លាំង។ 39ព្រះអង្គក៏យាងចូលទៅ មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាវឹកវរ និងទ្រហោយំដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ”។
40ពួកគេក៏សើចចំអកដាក់ព្រះអង្គ។ ព្រះអង្គទ្រង់ឲ្យពួកគេទាំងអស់គ្នាចេញ ហើយនាំឪពុកម្ដាយរបស់ក្មេង និងពួកអ្នកដែលនៅជាមួយព្រះអង្គចូលទៅកន្លែងដែលក្មេងនោះនៅ#5:40 កន្លែងដែលក្មេងនោះនៅ―ឯកសារបុរាណខ្លះថា “កន្លែងដែលក្មេងនោះដេក”។។ 41ព្រះអង្គកាន់ដៃក្មេងនោះ ហើយមានបន្ទូលនឹងនាងថា៖“តាលីថាគូម!#5:41 តាលីថាគូម!―ជាភាសាអើរ៉ាម។” ដែលមានអត្ថន័យប្រែថា“ក្មេងស្រីអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”។ 42ក្មេងស្រីនោះក៏ក្រោកឡើងភ្លាម ចាប់ផ្ដើមដើរទៅដើរមក ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ ភ្លាមនោះ ពួកគេភ្ញាក់ផ្អើល ហើយងឿងឆ្ងល់យ៉ាងខ្លាំង។ 43ព្រះយេស៊ូវទ្រង់ហាមពួកគេយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យអ្នកណាដឹងរឿងនេះឡើយ រួចព្រះអង្គមានបន្ទូលឲ្យគេឲ្យអាហារនាងហូប៕
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 5: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative