កិច្ចការ 22

22
1“អស់លោក​ជា​បងប្អូន និង​ជា​ឪពុក​អើយ ឥឡូវនេះ​សូម​ស្ដាប់​ពាក្យឆ្លើយការពារខ្លួន​របស់ខ្ញុំ​ទៅកាន់​អ្នករាល់គ្នា​សិន​!”។ 2នៅពេល​ប្រជាជន​បាន​ឮ​ប៉ូល​និយាយ​ជា​ភាសា​ហេព្រើរ ពួកគេ​រឹតតែ​ស្ងៀមស្ងាត់​ថែមទៀត​។ នោះ​ប៉ូល​និយាយ​បន្ត​ថា៖ 3“ខ្ញុំ​ជា​ជនជាតិយូដា បាន​កើត​នៅ​តើសុស​ក្នុង​គីលីគា ប៉ុន្តែ​ធំឡើង​នៅ​ទីក្រុង​នេះ ហើយ​ទទួល​ការ​អប់រំ​តាម​ក្រឹត្យវិន័យ​របស់​ដូនតា​យ៉ាងតឹងរ៉ឹង ក្រោមការបង្រៀន​របស់​កាម៉ាលាល​។ ខ្ញុំ​ជា​អ្នកស៊ប់​ចំពោះ​ព្រះ ដូច​អ្នក​ទាំងអស់គ្នា​នៅ​សព្វថ្ងៃនេះ​ដែរ​។ 4ខ្ញុំ​បាន​បៀតបៀន​មាគ៌ា​នេះ ដោយ​ចង​ទាំង​ប្រុស​ទាំង​ស្រី​ដាក់គុក រហូតដល់​ស្លាប់ 5ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។
ទីបន្ទាល់របស់ប៉ូល
6“ខណៈដែល​ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅជិតដល់​ដាម៉ាស់ មានកើតឡើងដូច្នេះ​: ប្រហែលជា​ថ្ងៃត្រង់ ស្រាប់តែ​មាន​ពន្លឺ​យ៉ាងខ្លាំង​ពី​លើមេឃ​ចាំងមក​ជុំវិញ​ខ្ញុំ​។ 7ខ្ញុំ​ក៏​ដួល​ទៅលើ​ដី ហើយ​ឮ​សំឡេង​មួយ​និយាយ​នឹង​ខ្ញុំ​ថា​:‘សូល សូល​! ហេតុអ្វីបានជា​អ្នក​បៀតបៀន​យើង​?’​។
8“ខ្ញុំ​ក៏​តបថា​: ‘ព្រះអម្ចាស់​! តើ​ព្រះអង្គ​ជា​នរណា​?’។
“ព្រះអង្គ​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘យើង​គឺ​យេស៊ូវ​អ្នកណាសារ៉ែត ដែល​អ្នក​កំពុង​បៀតបៀន’​។ 9រីឯ​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​នោះ​មែន#22:9 ឯកសារបុរាណខ្លះបន្ថែម “ហើយភ័យខ្លាច”។ ប៉ុន្តែ​មិន​បាន​ឮ​សំឡេង​ដែល​និយាយ​នឹង​ខ្ញុំ​នោះ​ទេ​។
10“ខ្ញុំ​និយាយថា​: ‘ព្រះអម្ចាស់ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូចម្ដេច​?’។
“ព្រះអម្ចាស់​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ក្រោកឡើង ចូលទៅ​ដាម៉ាស់​ចុះ ហើយនៅទីនោះ គេ​នឹង​ប្រាប់​អ្នក​នូវ​អ្វីៗ​ទាំងអស់​ដែល​បាន​កំណត់​ឲ្យ​អ្នក​ធ្វើ’​។
11“ដោយ​ខ្ញុំ​មើល​មិន​ឃើញ​ព្រោះតែ​រស្មីរុងរឿង​នៃ​ពន្លឺ​នោះ ខ្ញុំ​ក៏​ត្រូវ​អ្នក​ដែល​នៅជាមួយ​ខ្ញុំ ដឹកដៃ​ចូលទៅ​ដាម៉ាស់​។ 12មាន​បុរស​ម្នាក់​ឈ្មោះ​អាណានាស គាត់​មានជំនឿស៊ប់​ស្របតាម​ក្រឹត្យវិន័យ ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​ជនជាតិយូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ​។ 13គាត់​បាន​មករក​ខ្ញុំ ហើយ​ឈរនៅក្បែរ​ខ្ញុំ ទាំង​និយាយថា​: ‘សូល​ជា​បងប្អូន​អើយ ចូរឲ្យ​អ្នក​បាន​មើលឃើញវិញ​ចុះ​!’ នៅ​វេលានោះឯង ខ្ញុំក៏​ងើបភ្នែកឡើងឃើញ​គាត់​។ 14គាត់​និយាយ​ទៀត​ថា​: ‘ព្រះ​នៃ​ដូនតា​របស់យើង​បាន​ជ្រើសរើស​អ្នក​ឲ្យ​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ឲ្យ​ឃើញ​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ព្រមទាំង​ឲ្យ​ឮ​ព្រះសូរសៀង​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផង 15ដ្បិត​អ្នក​នឹង​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​មនុស្ស​ទាំងអស់ អំពី​អ្វីដែល​អ្នក​បាន​ឃើញ និង​បាន​ឮ​។ 16ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។
17“ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី 18ឃើញ​ព្រះអម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​:‘ចូរ​ប្រញាប់​ចាកចេញ​ពី​យេរូសាឡិម​ភ្លាម ពីព្រោះ​គេ​នឹង​មិន​ទទួលយក​ពាក្យបន្ទាល់​របស់អ្នក​អំពី​យើង​ទេ’​។
19“ខ្ញុំ​ទូលថា​: ‘ព្រះអម្ចាស់​អើយ អ្នកទាំងនោះ​ដឹង​ហើយ​ថា ទូលបង្គំ​តែងតែ​ចាប់​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ​ដាក់គុក ព្រមទាំង​វាយ​ពួកគេ​នៅតាម​សាលាប្រជុំ​ផង​។ 20កាល​គេ​បាន​បង្ហូរ​ឈាម​ស្ទេផាន​ដែល​ជា​សាក្សី​របស់ព្រះអង្គ ទូលបង្គំផ្ទាល់​ក៏​ឈរនៅទីនោះ​ដែរ ដោយ​យល់ស្រប#22:20 ឯកសារបុរាណខ្លះបន្ថែម “នឹងការសម្លាប់គាត់”។ ថែមទាំង​យាម​អាវវែង​របស់​ពួក​អ្នក​ដែល​សម្លាប់​គាត់​ទៀតផង’។
21“ព្រះអម្ចាស់​ក៏​មានបន្ទូល​នឹង​ខ្ញុំ​ថា​:‘ចូរ​ទៅ​ចុះ​! ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យទៅ​ឆ្ងាយ ទៅរក​បណ្ដា​សាសន៍ដទៃ’”។
សញ្ជាតិរ៉ូម៉ាំងរបស់ប៉ូល
22ពួកគេ​ស្ដាប់​ប៉ូល​ដល់ត្រឹម​ពាក្យ​នេះ ក៏​ស្រែកឡើង​ថា​៖ “កម្ចាត់​មនុស្ស​បែបនេះ​ចេញពី​ផែនដី​ទៅ! មិន​គួរឲ្យ​វា​នៅរស់​ទេ​!”។
23ពួកគេ​ស្រែកឡើង ទាំង​គ្រវែង​អាវវែង​របស់ខ្លួន​ចោល ហើយ​បាច​ធូលី​ទៅ​ក្នុង​ខ្យល់​។ 24មេបញ្ជាការ​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​ចូលទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​ឲ្យ​សួរចម្លើយ​គាត់​ដោយ​វាយនឹងខ្សែតី ដើម្បីឲ្យ​ដឹង​មូលហេតុ​ដែល​ពួកគេ​ស្រែក​ដាក់​គាត់​ដូច្នេះ​។ 25ប៉ុន្តែ​នៅពេល​ពួកគេ​បាន​ចងសន្ធឹង​ប៉ូល​នឹង​ខ្សែស្បែក គាត់​ក៏​និយាយ​នឹង​មេទាហានលើមួយរយនាក់ ដែល​ឈរ​នៅទីនោះ​ថា​៖ “តើ​ការ​ដែល​ពួកលោក​វាយ​មនុស្ស​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង​នឹងខ្សែតី​ដោយមិនបានកាត់ក្ដី ត្រូវច្បាប់​ឬទេ​?”។
26នៅពេល​ឮ​ដូច្នេះ មេទាហានលើមួយរយនាក់​ក៏​ចូលទៅ​រាយការណ៍​ដល់​មេបញ្ជាការ​ថា​៖ “តើ​លោក​បម្រុងនឹង​ធ្វើ​អ្វី​?#22:26 តើ​លោក​បម្រុងនឹង​ធ្វើ​អ្វី​?―ឯកសារបុរាណខ្លះថា “សូម​ប្រយ័ត្ន​អ្វី​ដែល​លោក​បម្រុង​នឹងធ្វើ”។ ដ្បិត​អ្នក​នេះ​មាន​សញ្ជាតិរ៉ូម៉ាំង​!”។
27មេបញ្ជាការ​ក៏​ចូលមកជិត សួរ​ប៉ូល​ថា​៖ “ចូរ​ប្រាប់​ខ្ញុំ​មក៍! តើ​អ្នក​មាន​សញ្ជាតិរ៉ូម៉ាំង​ឬ​?”។
ប៉ូល​ឆ្លើយថា​៖ “បាទ ខ្ញុំ​មាន”។
28មេបញ្ជាការ​និយាយថា​៖ “ខ្ញុំ​បាន​ទិញ​សញ្ជាតិ​នេះ​ដោយ​ចំនួនប្រាក់​ជាច្រើន”។
ប៉ូល​និយាយថា​៖ “ខ្ញុំ​មាន​សញ្ជាតិ​នេះ​តាំងពីកំណើត​មកម្ល៉េះ”។
29ពេលនោះ ពួក​អ្នក​ដែល​បម្រុងនឹង​សួរចម្លើយ​គាត់ ក៏​ដកខ្លួនចេញ​ភ្លាម​។ មេបញ្ជាការ​ក៏​ភ័យខ្លាច ដោយ​ដឹង​ថា​ប៉ូល​មាន​សញ្ជាតិរ៉ូម៉ាំង និង​ដឹង​ថា​ខ្លួន​បាន​ចាប់ចង​គាត់​។
ប៉ូលនៅមុខក្រុមប្រឹក្សា
30នៅ​ថ្ងៃបន្ទាប់ ដោយ​មេបញ្ជាការ​ចង់​ដឹង​យ៉ាងច្បាស់លាស់​នូវ​មូលហេតុ​ដែល​ប៉ូល​ត្រូវ​ពួក​ជនជាតិយូដា​ចោទប្រកាន់ ដូច្នេះ​លោក​ក៏​ស្រាយ​ប៉ូល#22:30 ដូច្នេះលោក​ក៏​ស្រាយ​ប៉ូល―ឯកសារបុរាណខ្លះថា “ដូច្នេះលោក​ក៏​ស្រាយ​ចំណងប៉ូល”។ ហើយ​បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​មកជួបជុំគ្នា#22:30 បញ្ជា​ឲ្យ​ពួក​នាយកបូជាចារ្យ និងក្រុមប្រឹក្សា​ទាំងមូល​មក​ជួបជុំ​គ្នា―ឯកសារបុរាណខ្លះថា “បញ្ជា​ពួក​នាយកបូជាចារ្យ និងក្រុមប្រឹក្សា​ទាំងមូលឲ្យ​មក”។ រួច​នាំ​ប៉ូល​មក​ឲ្យឈរ​នៅមុខ​ពួកគេ​។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 22: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល