កិច្ចការ 21
21
ឃាត់កុំឲ្យទៅយេរូសាឡិម
1យើងបានចាកចេញពីពួកគេ ក៏ចុះសំពៅ ហើយទៅត្រង់រហូតដល់កូស។ នៅថ្ងៃបន្ទាប់ យើងទៅដល់រ៉ូដូស ហើយពីទីនោះយើងទៅដល់ប៉ាតារ៉ា។ 2យើងឃើញសំពៅមួយដែលនឹងឆ្លងទៅហ្វេនីស៊ី ដូច្នេះយើងក៏ចុះសំពៅចេញដំណើរទៅ។ 3យើងបន្តដំណើរទៅស៊ីរី ទាំងឃើញស៊ីពរ៍នៅខាងឆ្វេង ក៏បង្ហួសទៅ រួចចូលចតនៅទីរ៉ុស ពីព្រោះសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។ 4យើងបានរកឃើញពួកសិស្ស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ពួកគេប្រាប់ប៉ូលដោយព្រះវិញ្ញាណ មិនឲ្យឡើងទៅយេរូសាឡិមឡើយ។ 5ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ 6យើងក៏លាគ្នាទៅវិញទៅមក ហើយចុះសំពៅ រីឯអ្នកទាំងនោះបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។
7នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ 8នៅថ្ងៃបន្ទាប់ យើង#21:8 យើង―ឯកសារបុរាណខ្លះថា “អ្នកដែលទៅតាមប៉ូល”។ចេញដំណើរទៅដល់សេសារា។ យើងបានចូលទៅក្នុងផ្ទះរបស់ភីលីពអ្នកផ្សាយដំណឹងល្អ ជាម្នាក់ក្នុងអ្នកជំនួយ#21:8 អ្នកជំនួយ―ជាពាក្យជំនួយ។ប្រាំពីរនាក់ ហើយស្នាក់នៅជាមួយគាត់។ 9គាត់មានកូនស្រីព្រហ្មចារីបួននាក់ដែលថ្លែងព្រះបន្ទូល។
10ខណៈដែលយើងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានព្យាការីម្នាក់ឈ្មោះអ័ក្កាបុសចុះមកពីយូឌា។ 11គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។ 12កាលបានឮពាក្យទាំងនេះ ទាំងយើង និងអ្នកស្រុកនោះក៏អង្វរប៉ូលកុំឲ្យឡើងទៅយេរូសាឡិម។
13ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។
14ដោយប៉ូលមិនយល់ព្រម យើងក៏ស្ងៀមទៅ ហើយនិយាយថា៖ “សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់បានសម្រេចចុះ”។
ប៉ូលនៅយេរូសាឡិម
15ប៉ុន្មានថ្ងៃក្រោយមក យើងរៀបចំធ្វើដំណើរ ហើយឡើងទៅយេរូសាឡិម។ 16មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។
17នៅពេលយើងទៅដល់យេរូសាឡិម បងប្អូនបានទទួលស្វាគមន៍យើងយ៉ាងរីករាយ។ 18នៅថ្ងៃបន្ទាប់ ប៉ូលបានចូលទៅជួបយ៉ាកុបជាមួយយើង ហើយពួកចាស់ទុំទាំងអស់ក៏មកជួបជុំគ្នានៅទីនោះដែរ។ 19ក្រោយពីជម្រាបសួរអ្នកទាំងនោះហើយ ប៉ូលក៏រៀបរាប់ប្រាប់ការនីមួយៗដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈការបម្រើរបស់គាត់។
20កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ#21:20 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូល#21:20 ប៉ូលជា―ជាពាក្យជំនួយ។ជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។ 21ប៉ុន្តែពួកគេបានឮអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលនៅក្នុងចំណោមសាសន៍ដទៃ ឲ្យបោះបង់ចោលម៉ូសេ ដោយប្រាប់ពួកគេមិនឲ្យធ្វើពិធីកាត់ស្បែកដល់កូនៗ ឬដើរតាមទំនៀមទម្លាប់ឡើយ។ 22ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពួកគេមុខជាឮថា អ្នកបានមកដល់មិនខាន#21:22 ពួកគេមុខជាឮថា អ្នកបានមកដល់មិនខាន―ឯកសារបុរាណខ្លះថា “ប្រជាជនមុខជាមកជួបជុំគ្នាមិនខាន ដ្បិតគេនឹងឮថាអ្នកបានមកដល់ហើយ”។។ 23ដោយហេតុនេះ ចូរអ្នកធ្វើការនេះដែលយើងប្រាប់ចុះ គឺយើងមានបុរសបួននាក់ដែលនៅជាប់បំណន់; 24ចូរអ្នកយកអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេដើម្បីកោរសក់ផង។ ធ្វើដូច្នេះ មនុស្សទាំងអស់នឹងដឹងថា អ្វីដែលពួកគេបានឮអំពីអ្នក នោះមិនពិតទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់ក៏ដើរត្រឹមត្រូវ ដោយកាន់តាមក្រឹត្យវិន័យដែរ។ 25ចំពោះសាសន៍ដទៃដែលបានជឿនោះ យើងបានផ្ញើសំបុត្រហើយ ដោយសម្រេចថា ពួកគេត្រូវចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ#21:25 ឯកសារបុរាណខ្លះបន្ថែម “ក្រៅពីសេចក្ដីទាំងនេះ គេមិនចាំបាច់កាន់តាមឡើយ”។”។
ចលាចលក្នុងបរិវេណព្រះវិហារ
26ដូច្នេះ នៅថ្ងៃបន្ទាប់ ប៉ូលក៏យកអ្នកទាំងនោះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ រួចចូលទៅក្នុងព្រះវិហារ បញ្ជាក់ពេលបញ្ចប់នៃថ្ងៃជម្រះកាយ គឺរយៈពេលរហូតដល់ត្រូវថ្វាយតង្វាយ សម្រាប់ពួកគេម្នាក់ៗ។ 27លុះជិតគ្រប់ប្រាំពីរថ្ងៃនោះ មានជនជាតិយូដាដែលមកពីអាស៊ីបានឃើញប៉ូលនៅក្នុងព្រះវិហារ ក៏ពន្យុះហ្វូងមនុស្សទាំងអស់ ហើយលូកដៃចាប់គាត់ 28ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។ 29តាមពិត ពួកគេបានឃើញទ្រភីមអ្នកអេភេសូរ នៅទីក្រុងជាមួយប៉ូល ដូច្នេះពួកគេស្មានថាប៉ូលបាននាំគាត់ចូលក្នុងព្រះវិហារ។
30ពេលនោះ ទីក្រុងទាំងមូលជ្រួលច្របល់ ហើយប្រជាជនក៏រត់មកចោមរោម ពួកគេចាប់ប៉ូលអូសចេញទៅខាងក្រៅព្រះវិហារ រួចទ្វារក៏បានបិទភ្លាម។ 31ខណៈដែលពួកគេបម្រុងនឹងសម្លាប់ប៉ូល មានដំណឹងទៅដល់មេបញ្ជាការនៃកងទាហានថា យេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ 32មេបញ្ជាការក៏យកពួកទាហាន និងពួកមេទាហានលើមួយរយនាក់ រត់ចុះទៅរកពួកគេភ្លាម។ នៅពេលឃើញមេបញ្ជាការ និងពួកទាហាន ពួកគេក៏ឈប់វាយប៉ូល។ 33ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។ 34ប៉ុន្តែក្នុងចំណោមហ្វូងមនុស្ស មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមិនអាចដឹងអ្វីច្បាស់លាស់បានព្រោះតែភាពវឹកវរ មេបញ្ជាការក៏បញ្ជាឲ្យនាំប៉ូលទៅក្នុងបន្ទាយ។ 35លុះទៅដល់កាំជណ្ដើរ ប៉ូលត្រូវពួកទាហានលើកសែង ដោយសារតែអំពើហិង្សារបស់ហ្វូងមនុស្ស។ 36ដ្បិតមានហ្វូងមនុស្សមកតាម ទាំងស្រែកថា៖ “កម្ចាត់វាទៅ!”។
ប៉ូលនិយាយការពារខ្លួននៅមុខប្រជាជន
37ខណៈដែលពួកទាហានរៀបនឹងនាំប៉ូលចូលទៅក្នុងបន្ទាយ គាត់និយាយនឹងមេបញ្ជាការថា៖ “តើខ្ញុំអាចនិយាយរឿងមួយនឹងលោកបានឬទេ?”។
មេបញ្ជាការក៏តបថា៖ “អ្នកចេះភាសាក្រិកដែរឬ? 38បើដូច្នេះ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលពីមុនបានធ្វើកុបកម្ម ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?”។
39ប៉ូលឆ្លើយថា៖ “ខ្ញុំជាជនជាតិយូដា ជាអ្នកតើសុសក្នុងគីលីគា មិនមែនជាពលរដ្ឋទីក្រុងតូចតាចទេ។ ខ្ញុំអង្វរលោក សូមអនុញ្ញាតឲ្យខ្ញុំនិយាយនឹងប្រជាជននេះផង”។
40មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 21: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative