កិច្ចការ 23
23
1ប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សា ហើយនិយាយថា៖ “បងប្អូនអើយ រហូតមកដល់ថ្ងៃនេះ ខ្ញុំបានរស់នៅដោយសតិសម្បជញ្ញៈត្រឹមត្រូវទាំងស្រុងនៅចំពោះព្រះ”។ 2ពេលនោះ មហាបូជាចារ្យអាណានាស បញ្ជាពួកអ្នកដែលឈរនៅក្បែរប៉ូលឲ្យទះមាត់គាត់។ 3ប៉ូលក៏និយាយនឹងលោកថា៖ “កំពែងដែលលាបកំបោរសអើយ ព្រះនឹងវាយអ្នកវិញ! អ្នកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ ប៉ុន្តែបែរជាបញ្ជាឲ្យទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះឬ?”។
4ពួកអ្នកដែលឈរនៅទីនោះនិយាយថា៖ “តើអ្នកហ៊ានជេរប្រមាថមហាបូជាចារ្យរបស់ព្រះឬ?”។
5ប៉ូលក៏តបថា៖ “បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ពិតមែនហើយ មានសរសេរទុកមកថា:‘អ្នកមិនត្រូវនិយាយអាក្រក់ចំពោះមេគ្រប់គ្រងនៃប្រជាជនរបស់អ្នកឡើយ’#23:5 《និក្ខមនំ》 22:28។”។ 6នៅពេលប៉ូលឃើញថា ពួកគេមួយប៉ែកជាពួកសាឌូស៊ី និងមួយប៉ែកទៀតជាពួកផារិស៊ី គាត់ក៏ស្រែកឡើងនៅកណ្ដាលក្រុមប្រឹក្សាថា៖ “បងប្អូនអើយ! ខ្ញុំជាពួកផារិស៊ីម្នាក់ ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំកំពុងត្រូវបានកាត់ក្ដីអំពីសេចក្ដីសង្ឃឹមនៃការរស់ឡើងវិញរបស់មនុស្សស្លាប់!”។ 7កាលគាត់និយាយដូច្នេះ ក៏មានការប្រកែកកើតឡើងរវាងពួកផារិស៊ី និងពួកសាឌូស៊ី ហើយអង្គប្រជុំក៏បាក់បែកគ្នា។ 8ដ្បិតពួកសាឌូស៊ីនិយាយថា គ្មានការរស់ឡើងវិញ ហើយក៏គ្មានទូតសួគ៌ ឬវិញ្ញាណឡើយ រីឯពួកផារិស៊ីទទួលស្គាល់ទាំងអស់។
9ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុស#23:9 កំហុស―ន័យត្រង់គឺ “ការអាក្រក់”។អ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?#23:9 ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?―ឯកសារបុរាណខ្លះថា “ប្រសិនបើមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ កុំឲ្យយើងប្រឆាំងនឹងព្រះឡើយ”។”។ 10ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។
ផែនការសម្ងាត់សម្លាប់ប៉ូល
11នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“#23:11 ឯកសារបុរាណខ្លះបន្ថែម “ប៉ូលអើយ”។ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
12លុះភ្លឺឡើង ពួកយូដារៀបផែនការសម្ងាត់ ទាំងនាំគ្នាស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។ 13អ្នកដែលរៀបផែនការសម្ងាត់នេះ មានច្រើនជាងសែសិបនាក់។ 14អ្នកទាំងនោះបានទៅជួបពួកនាយកបូជាចារ្យ និងពួកចាស់ទុំ ហើយនិយាយថា៖ “យើងខ្ញុំបានស្បថថា មិនហូបអ្វីឡើយ រហូតទាល់តែយើងខ្ញុំបានសម្លាប់ប៉ូល។ 15ដូច្នេះ ឥឡូវនេះ សូមអស់លោកជាមួយនឹងក្រុមប្រឹក្សា ស្នើមេបញ្ជាការឲ្យនាំវាចុះមកជួបអស់លោក#23:15 ឯកសារបុរាណខ្លះបន្ថែម “នៅថ្ងៃស្អែក”។ ដោយធ្វើដូចជាអស់លោកចង់ពិនិត្យពិច័យមើលឲ្យរឹតតែច្បាស់ថែមទៀត រីឯយើងខ្ញុំនឹងត្រៀមជាស្រេចដើម្បីសម្លាប់វា មុននឹងវាមកដល់”។
16ប៉ុន្តែក្មួយប្រុសរបស់ប៉ូលបានឮអំពីការពួនស្ទាក់នេះ គាត់ក៏មក ហើយចូលទៅបន្ទាយប្រាប់ប៉ូល។ 17ប៉ូលក៏ហៅមេទាហានលើមួយរយនាក់ម្នាក់មកប្រាប់ថា៖ “សូមនាំយុវជននេះទៅជួបមេបញ្ជាការផង ដ្បិតគាត់មានរឿងមួយរាយការណ៍ដល់លោក”។
18ដូច្នេះ មេទាហាននោះក៏នាំគាត់ទៅជួបមេបញ្ជាការ ហើយនិយាយថា៖ “ប៉ូលដែលជាអ្នកទោស បានហៅខ្ញុំ ហើយសុំខ្ញុំឲ្យនាំយុវជននេះមកជួបលោក ពីព្រោះគាត់មានរឿងមួយជម្រាបលោក”។
19មេបញ្ជាការបានដឹកដៃយុវជននោះ ចេញទៅដោយឡែក ហើយសួរថា៖ “តើមានរឿងអ្វីដែលត្រូវប្រាប់ខ្ញុំ?”។
20គាត់និយាយថា៖ “ពួកយូដាបានព្រមព្រៀងគ្នានឹងសុំលោកឲ្យនាំប៉ូលចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ដោយធ្វើដូចជាចង់សាកសួរអំពីរឿងគាត់ឲ្យរឹតតែច្បាស់ថែមទៀត។ 21ដូច្នេះ សូមលោកកុំព្រមតាមពួកគេឡើយ ដ្បិតមានមនុស្សជាងសែសិបនាក់ពីចំណោមពួកគេកំពុងពួនស្ទាក់គាត់។ អ្នកទាំងនោះបានស្បថថា មិនហូបមិនផឹក រហូតទាល់តែបានសម្លាប់ប៉ូល។ ឥឡូវនេះ ពួកគេបានត្រៀមជាស្រេច ហើយកំពុងរង់ចាំការយល់ព្រមពីលោក”។
22ពេលនោះ មេបញ្ជាការក៏ឲ្យយុវជននោះទៅវិញ ទាំងបង្គាប់ថា៖ “កុំប្រាប់អ្នកណាថា អ្នកបានរាយការណ៍ការនេះដល់ខ្ញុំឡើយ”។
ទៅសេសារាទាំងយប់
23បន្ទាប់មក មេបញ្ជាការហៅមេទាហានលើមួយរយនាក់ពីរនាក់មក និយាយថា៖ “ចូររៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីឲ្យចេញដំណើរទៅសេសារា នៅម៉ោងប្រាំបួនយប់#23:23 ម៉ោងប្រាំបួនយប់―ន័យត្រង់គឺ “ម៉ោងទីបី”។នេះ។ 24ចូររៀបចំសត្វជំនិះដើម្បីឲ្យប៉ូលជិះដែរ ហើយនាំគាត់ទៅរកអភិបាលភេលីចដោយសុវត្ថិភាព”។
25លោកបានសរសេរសំបុត្រមួយ មានសេចក្ដីដូចតទៅ៖
26“ខ្ញុំបាទក្លូឌាសលូស៊ា សូមគោរពជូន ឯកឧត្ដមភេលីច ជាអភិបាល។
27បុរសនេះត្រូវពួកជនជាតិយូដាចាប់ ហើយរៀបនឹងត្រូវពួកគេសម្លាប់ បានជាខ្ញុំបាទនាំទាហានមកសង្គ្រោះគាត់ ដោយដឹងថាគាត់មានសញ្ជាតិរ៉ូម៉ាំង។ 28ខ្ញុំបាទបាននាំគាត់ចុះទៅឯក្រុមប្រឹក្សារបស់ពួកគេដែរ ដោយចង់ដឹងពីមូលហេតុដែលពួកគេប្ដឹងគាត់។ 29ខ្ញុំបាទបានឃើញថា គាត់ត្រូវបានប្ដឹងអំពីបញ្ហាទាក់ទងនឹងក្រឹត្យវិន័យរបស់ពួកគេ ហើយគ្មានបណ្ដឹងអ្វីដែលសមតែស្លាប់ ឬជាប់ឃុំឃាំងឡើយ។ 30ក្រោយមក ខ្ញុំបាទបានទទួលដំណឹងថា#23:30 ឯកសារបុរាណខ្លះបន្ថែម “ពួកជនជាតិយូដា”។ មានផែនការសម្ងាត់ទាស់នឹងបុរសនេះ ដូច្នេះខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្ដមភ្លាម ទាំងបង្គាប់ពួកដើមចោទឲ្យចោទប្រកាន់គាត់នៅមុខលោក#23:30 ឯកសារបុរាណខ្លះបន្ថែម “សូមជម្រាបលា”។”។
31ដូច្នេះ ពួកទាហានក៏យកប៉ូលទៅតាមពាក្យដែលបានបញ្ជាដល់ពួកគេ ហើយនាំគាត់ទៅអាន់ទីប៉ាទ្រីសទាំងយប់។ 32នៅថ្ងៃបន្ទាប់ ពួកពលថ្មើរជើងត្រឡប់ទៅបន្ទាយវិញ ដោយឲ្យពលសេះបន្តដំណើរជាមួយប៉ូល។ 33នៅពេលចូលទៅសេសារា ពួកពលសេះក៏ប្រគល់សំបុត្រដល់អភិបាល ព្រមទាំងប្រគល់ប៉ូលដល់លោកផង។ 34បន្ទាប់ពីអានសំបុត្រ អភិបាល#23:34 ឯកសារបុរាណខ្លះគ្មាន “អភិបាល”។ក៏សួរថាប៉ូលមកពីខេត្តណា។ លុះជ្រាបថាមកពីគីលីគា 35លោកក៏មានប្រសាសន៍ថា៖ “ខ្ញុំនឹងបើកសវនាការអំពីរឿងអ្នក កាលណាពួកដើមចោទរបស់អ្នកមកដល់”។ លោកបានបញ្ជាឲ្យយាមប៉ូលនៅក្នុងវិមានរបស់ហេរ៉ូឌ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 23: GKHB
គំនូសចំណាំ
ចម្លង
ប្រៀបធៀប
ចែករំលែក
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative