កិច្ចការ 20

20
ប៉ូលនៅម៉ាសេដូន
1ក្រោយពី​ចលាចល​នេះ​បាន​ស្ងប់​ហើយ ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​លើកទឹកចិត្ត រួច​លា​ពួកគេ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។ 2នៅពេល​គាត់​ដើរចុះឡើង​តាម​តំបន់​ទាំងនោះ ទាំង​លើកទឹកចិត្ត​ពួកសិស្ស#20:2 ពួកសិស្ស―ន័យត្រង់គឺ “ពួកគេ”។​ដោយ​ពាក្យ​ជាច្រើន គាត់​ក៏​មកដល់​ក្រិក 3ហើយ​ស្នាក់នៅ​ទីនោះ​បី​ខែ​។ ពេល​គាត់​រៀបនឹង​ចុះសំពៅ​ទៅ​ស៊ីរី ពួកយូដា​រៀប​ផែនការសម្ងាត់​ទាស់នឹង​គាត់ ដូច្នេះ​គាត់​ក៏​សម្រេចចិត្ត​ត្រឡប់ទៅវិញ​ដោយ​កាត់តាម​ម៉ាសេដូន​។ 4អ្នក​ដែល​រួមដំណើរជាមួយ​គាត់#20:4 ឯកសារបុរាណខ្លះបន្ថែម “រហូតដល់អាស៊ី”។ មាន​សូប៉ាត្រុស​អ្នកបេរា​កូន#20:4 កូន―ជាពាក្យជំនួយ។​របស់​ពីរូស#20:4 ឯកសារបុរាណខ្លះគ្មាន “កូន​របស់​ពីរូស”។​, អើរីស្តាក​និង​សេគុនដុស អ្នកថែស្សាឡូនីច​, កៃយុស​អ្នកឌើបេ​, ធីម៉ូថេ​, ព្រមទាំង​ទីឃីកុស​និង​ទ្រភីម អ្នកអាស៊ី​។ 5អ្នកទាំងនេះ​បាន​ទៅមុន ហើយ​រង់ចាំ​យើង​នៅ​ទ្រអាស​។ 6ចំណែកឯ​យើង​វិញ យើង​បាន​ចុះសំពៅ​ពី​ភីលីព​ក្រោយ​ថ្ងៃ​បុណ្យនំប៉័ងឥតមេ ហើយ​អស់រយៈពេល​ប្រាំ​ថ្ងៃ​ទើប​មកដល់​ពួកគេ​នៅ​ទ្រអាស រួច​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​។
អើទីកុសរស់ឡើងវិញនៅទ្រអាស
7នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍#20:7 ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍―គឺ “ថ្ងៃអាទិត្យ”។ ពេល​ពួកសិស្ស#20:7 ពួកសិស្ស​―ឯកសារបុរាណខ្លះថា “យើង”។​ជួបជុំគ្នា​ដើម្បី​កាច់​នំប៉័ង ប៉ូល​និយាយ​នឹង​ពួកគេ ហើយ​ដោយសារ​គាត់​បម្រុងនឹង​ចេញដំណើរ​នៅ​ថ្ងៃបន្ទាប់ គាត់​ក៏​បន្ត​និយាយ​រហូតដល់​កណ្ដាលអធ្រាត្រ​។ 8រីឯ​នៅ​បន្ទប់ខាងលើ​ដែល​យើង​ជួបជុំគ្នា មាន​ចង្កៀង​ជាច្រើន​។ 9មាន​យុវជន​ម្នាក់​ឈ្មោះ​អើទីកុស អង្គុយ​នៅ​មាត់​បង្អួច ទាំង​ងងុយដេក​យ៉ាងខ្លាំង​។ ដោយសារ​ប៉ូល​និយាយ​យ៉ាងយូរ គាត់​បាន​លង់លក់ ហើយ​ធ្លាក់​ពី​ជាន់ទីបី​ទៅ​ខាងក្រោម ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​បាត់ហើយ​។ 10ប៉ុន្តែ​ប៉ូល​ចុះទៅក្រោម ហើយ​ឱនពីលើ​គាត់ ទាំង​ត្រកង​គាត់ រួច​និយាយថា​៖ “កុំ​ភ័យ​ឡើយ ដ្បិត​គាត់​នៅ​មាន​ជីវិត​ទេ​!”។ 11បន្ទាប់ពី​ឡើងទៅលើ​វិញ ប៉ូល​ក៏​កាច់​នំប៉័ង ហើយ​ហូប រួច​សន្ទនា​យ៉ាងយូរ​ទៀត រហូតដល់​ភ្លឺ ទើប​ចេញដំណើរទៅ​។ 12គេ​ក៏​នាំ​យុវជន​ដែល​នៅរស់​នោះ​ទៅវិញ ទាំង​ត្រូវបាន​សម្រាលទុក្ខ​ឥតឧបមា​។
ពីទ្រអាសទៅមីលេត
13យើង​ទៅដល់​សំពៅ​មុន ហើយ​ចុះសំពៅ​ទៅ​អាសុស ដោយ​បម្រុងនឹង​ទទួល​ប៉ូល​នៅទីនោះ ដ្បិត​គាត់​បាន​ចាត់ចែង​ដូច្នោះ ដោយសារ​ខ្លួនគាត់​មានបំណង​ធ្វើដំណើរដោយថ្មើរជើង​។ 14នៅពេល​គាត់​ជួប​យើង​នៅ​ក្រុង​អាសុស យើង​ក៏​ទទួល​គាត់​ឡើង​មក​សំពៅ រួច​ពួកយើង​ក៏​មកដល់​មីទូលេន។ 15យើង​បាន​ចុះសំពៅ​ពីទីនោះ ហើយ​នៅ​ថ្ងៃបន្ទាប់​ក៏​មក​ដល់​ទន្ទឹមនឹង​ឃីយ៉ូស​។ នៅ​ថ្ងៃ​បន្ទាប់មកទៀត យើង​មក​ដល់​សាម៉ុស លុះ​ថ្ងៃ​ក្រោយមកទៀត#20:15 ឯកសារបុរាណខ្លះបន្ថែម “ក្រោយពីស្នាក់នៅត្រូជីលីអ៊ូម”។ យើង​មកដល់​មីលេត​។ 16នេះគឺដោយសារ​ប៉ូល​បាន​សម្រេចចិត្ត​រួចហើយ​ថា​នឹង​ធ្វើដំណើរបង្ហួស​អេភេសូរ ដើម្បីកុំឲ្យ​ខាតពេល​នៅ​អាស៊ី ពីព្រោះ​គាត់​កំពុង​ប្រញាប់​ទៅ​ឲ្យ​ដល់​យេរូសាឡិម​នៅ​ថ្ងៃ​បុណ្យថ្ងៃទីហាសិប ប្រសិនបើ​អាច​។
លាចាស់ទុំអេភេសូរ
17ប៉ូល​បាន​ចាត់​គេ​ពី​មីលេត​ទៅ​អេភេសូរ ឲ្យ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​នោះ​មក​។ 18នៅពេល​ពួកគេ​មកដល់ ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​ដឹងថា តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ឈានជើងចូល​អាស៊ី គ្រប់​ពេលវេលា ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​យ៉ាងណា​—— 19ខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន​ទាំងស្រុង ដោយ​ទឹកភ្នែក និង​ដោយ​ការសាកល្បង​នានា​ដែល​កើតឡើង​ដល់​ខ្ញុំ ដោយសារតែ​ផែនការសម្ងាត់​របស់​ពួកយូដា​។ 20ចំពោះ​អ្វី​ដែល​មានប្រយោជន៍ គ្មានអ្វីមួយ​ដែល​ខ្ញុំ​រួញខ្លួន​មិន​ប្រាប់ ឬ​បង្រៀន​អ្នករាល់គ្នា ទាំង​នៅកន្លែងសាធារណៈ និង​ពីផ្ទះមួយទៅផ្ទះមួយ​នោះ​ទេ 21គឺ​ខ្ញុំ​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់​ទាំង​ជនជាតិយូដា ទាំង​ជនជាតិក្រិក អំពី​ការកែប្រែចិត្ត​ចំពោះ​ព្រះ និង​ជំនឿ​លើ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​ផង​។
22“ឥឡូវនេះ មើល៍! ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ជាប់ចំណង​ពី​ព្រះវិញ្ញាណ​។ ខ្ញុំ​មិន​ដឹងថា​នឹង​ជួប​អ្វី​នៅ​ទីនោះ​ទេ 23គ្រាន់តែ​ដឹង​ថា​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយ​ប្រាប់​ខ្ញុំ​នៅទីក្រុងនីមួយៗ​ថា មាន​ចំណង និង​ទុក្ខវេទនា​នៅ​រង់ចាំ​ខ្ញុំ​។ 24ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ#20:24 ឯកសារបុរាណខ្លះបន្ថែម “ដោយអំណរ”។ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។
25“ឥឡូវនេះ មើល៍! ខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​នឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀតឡើយ គឺ​អ្នក​ទាំងអស់គ្នា​ដែល​ខ្ញុំ​ដើរចុះឡើង​ប្រកាស​អាណាចក្រ​របស់ព្រះ​ដល់​នោះ​! 26ដូច្នេះ ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អ្នករាល់គ្នា​នៅ​ថ្ងៃនេះ​ថា ខ្ញុំ​គ្មានទោស​ចំពោះ​ឈាម​របស់​អ្នក​ទាំងអស់គ្នា​ទេ 27ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។ 28ចូរ​ប្រយ័ត្ន​ខ្លួន ហើយ​យកចិត្តទុកដាក់​ចំពោះ​ហ្វូងចៀម​ទាំងមូល​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​តំាង​អ្នករាល់គ្នា​ជា​អ្នកមើលខុសត្រូវ ដើម្បីឲ្យ​ឃ្វាល​ក្រុមជំនុំ​របស់​ព្រះ#20:28 របស់​ព្រះ―ឯកសារបុរាណខ្លះថា “របស់ព្រះអម្ចាស់”។ ដែល​ព្រះអង្គ​បាន​លោះ​ដោយ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។ 29ខ្ញុំ​ដឹង​ហើយ​ថា ក្រោយពី​ខ្ញុំ​ចាកចេញទៅ ចចក​ដ៏កំណាច​នឹង​ចូលមក​ក្នុងចំណោម​អ្នករាល់គ្នា ដោយ​ឥត​ត្រាប្រណី​ហ្វូងចៀម​ឡើយ 30ព្រមទាំង​នឹង​មាន​មនុស្ស​ដែល​អធិប្បាយ​បង្វែរ កើតមាន​ពីចំណោម​អ្នករាល់គ្នា​ផ្ទាល់ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​តាម​ខ្លួន។ 31ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដោយ​នឹកចាំ​ថា អស់រយៈពេល​បីឆ្នាំ ខ្ញុំ​បាន​ទូន្មាន​អ្នករាល់គ្នា​ម្នាក់ៗ​ទាំង​ទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ​ឡើយ​។
32#20:32 ឯកសារបុរាណខ្លះបន្ថែម “បងប្អូនអើយ”។​ឥឡូវនេះ ខ្ញុំ​សូម​ផ្ទុកផ្ដាក់​អ្នករាល់គ្នា​នឹង​ព្រះ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​នឹង​ស្អាងទឹកចិត្ត​អ្នករាល់គ្នា ព្រមទាំង​អាច​ប្រទាន​មរតក​ដល់អ្នករាល់គ្នា ក្នុងចំណោម​អស់អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​។ 33ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។ 34ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​ក៏​ដឹង​ដែរ​ថា ដៃ​ទាំងពីរ​នេះ​បាន​បម្រើ​សម្រាប់​តម្រូវការ​របស់ខ្ញុំ និង​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​។ 35ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​:‘ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល’”។
36បន្ទាប់ពី​និយាយ​សេចក្ដីទាំងនេះ​ហើយ ប៉ូល​ក៏​លុតជង្គង់ អធិស្ឋាន​ជាមួយ​ពួកគេ​ទាំងអស់គ្នា​។ 37ទាំងអស់គ្នា​យំសោក​យ៉ាងខ្លាំង ហើយ​ឱប​ក​ប៉ូល ទាំង​ថើប​គាត់​។ 38ពួកគេ​ឈឺផ្សាក្នុងចិត្ត ជាពិសេស​ចំពោះ​ពាក្យ​ដែល​ប៉ូល​និយាយ​ថា ពួកគេ​នឹង​មិន​ឃើញ​មុខ​គាត់​ទៀតឡើយ​។ បន្ទាប់មក ពួកគេ​ជូនដំណើរ​គាត់​ទៅដល់​សំពៅ៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 20: GKHB

គំនូស​ចំណាំ

ចម្លង

ប្រៀបធៀប

ចែក​រំលែក

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល