១​ធីម៉ូ‌ថេ 2

2
ពាក្យ​ទូន្មាន​ក្នុង​ការ​សូម‌អង្វរ​អុលឡោះ
1ជា​បឋម ខ្ញុំ​សូម​ផ្ដែ‌ផ្ដាំ​ឲ្យ​គេ​ទូរអា និង​អង្វរ​អុលឡោះ​ទាំង​អរ​គុណ សម្រាប់​មនុស្ស​ទាំង​អស់​ផង។ 2ត្រូវ​សូម‌អង្វរ​សម្រាប់​ស្ដេច និង​អ្នក​កាន់​អំណាច​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខ​ក្សេម‌ក្សាន្ដ គ្មាន​ចលាចល ទាំង​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​អស់​ពី​ចិត្ដ និង​មាន​ជីវិត​ថ្លៃ‌ថ្នូរ។ 3នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ចិត្ត​អុលឡោះ ជា​ម្ចាស់‌សង្គ្រោះ​របស់​យើង 4ដែល​ទ្រង់​ពេញ​ចិត្ត​ឲ្យ​មនុស្ស​ទាំង​អស់ បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់
5ដ្បិត​មាន​ម្ចាស់​តែ​មួយ
មាន​ស្ពាន​មេត្រី​តែ​មួយ​រវាង​អុលឡោះ
និង​មនុស្ស​លោក
គឺ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែល​ជា​មនុស្ស។
6គាត់​បាន​លះបង់​ជីវិត
ដើម្បី​លោះ​មនុស្ស​ទាំង​អស់។
នេះ​ជា​សក្ខី‌ភាព​មួយ ដែល​អ៊ីសា​បាន​បង្ហាញ​នៅ​ពេល​កំណត់។ 7អ៊ីសា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក និង​ធ្វើ​ជា​តួន​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។
8ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​ទូរអា ទាំង​លើក​ដៃ​ឡើង​លើ​ដោយ​ចិត្ដ​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។
9ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាប​សា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ 10តែ​ត្រូវ​តុប‌តែង​ខ្លួន ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ ឲ្យ​បាន​សមរម្យ​ជា​ស្ដ្រី​ដែល​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។ 11ពេល​រៀន​គីតាប ស្ដ្រីៗ​ត្រូវ​នៅ​ស្ងៀម ហើយ​ស្ដាប់​បង្គាប់​ទាំង​ស្រុង។ 12ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ស្ដ្រី​ណា​បង្រៀន ឬ​ត្រួត‌ត្រា​លើ​ប្ដី​ឡើយ គឺ​ឲ្យ​នាង​នៅ​ស្ងៀម​វិញ 13ដ្បិត​អុលឡោះ​បាន​បង្កើត​អាដាម​ជា​មុន រួច​បង្កើត​នាង​ហាវ៉ា​តាម​ក្រោយ។ 14មិន​មែន​អាដាម​ទេ​ដែល​ចាញ់​បោក គឺ​នាង​ហាវ៉ា​វិញ​ទេ​តើ ដែល​ចាញ់​បោក ទាំង​រំលោភ​លើ​បញ្ញត្ដិ​របស់​អុលឡោះ​ទៀត​ផង។ 15ក៏​ប៉ុន្ដែ អុលឡោះ​សង្គ្រោះ​ស្ដ្រី មក​ពី​នាង​បង្កើត​កូន ហើយ​លុះ​ត្រា​តែ​នាង​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន មាន​ចិត្ដ​ស្រឡាញ់ មាន​កិរិយា​បរិសុទ្ធ និង​សុភាព​រាប‌សា​ផង។

ទើបបានជ្រើសរើសហើយ៖

១​ធីម៉ូ‌ថេ 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល