១ធីម៉ូថេ 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា តាមបញ្ជារបស់អុលឡោះ ជាម្ចាស់សង្គ្រោះនៃយើង និងតាមបញ្ជារបស់អាល់ម៉ាហ្សៀសអ៊ីសា ជាទីសង្ឃឹមនៃយើង 2មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមអុលឡោះ ជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។
ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនក្លែងក្លាយ
3ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ 4ហើយក៏កុំឲ្យជាប់ចិត្ដទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់អុលឡោះដែលយើងស្គាល់តាមជំនឿ។ 5ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ 6អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសំដីឥតខ្លឹមសារ 7គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។
8យើងដឹងហើយថា ហ៊ូកុំល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ 9យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ 10ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្ដអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ 11ស្របតាមដំណឹងល្អ ស្ដីអំពីអុលឡោះប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលទ្រង់បានផ្ញើទុកនឹងខ្ញុំ។
ចិត្តសប្បុរសរបស់អុលឡោះ
12ខ្ញុំសូមអរគុណអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ គាត់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឲ្យបម្រើគាត់។ 13ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏គាត់មានចិត្តមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។ 14ប៉ុន្ដែ គុណរបស់អម្ចាស់នៃយើងមានច្រើនពន់ប្រមាណ គាត់ប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។ 15ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។ 16អុលឡោះមេត្ដាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យអាល់ម៉ាហ្សៀសអ៊ីសាសំដែងចិត្តអត់ធ្មត់គ្រប់ជំពូក ដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើគាត់ ហើយទទួលជីវិតអស់កល្បជានិច្ច។
17សូមឲ្យស្តេច
ដែលនៅអស់កល្បជានិច្ច
ជាអុលឡោះជាម្ចាស់តែមួយ
មានជីវិតមិនចេះសាបសូន្យ
ដែលមនុស្សមើលពុំឃើញ
បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង
អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
18ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នកស្របតាមបន្ទូលរបស់អុលឡោះដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ 19ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។ 20ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសហ្សៃតន ដើម្បីឲ្យគេរៀនឈប់ប្រមាថអុលឡោះទៀត។
ទើបបានជ្រើសរើសហើយ៖
១ធីម៉ូថេ 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.