១ធីម៉ូថេ 3
3
គុណសម្បត្តិរបស់អ្នកដឹកនាំក្រុមជំអះ
1ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ ចង់បានមុខងារជាអភិបាលគាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ 2អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ ចេះទប់ចិត្ត មានចិត្ដធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្ដសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ 4គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង 5ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំអះរបស់អុលឡោះកើត!។ 6មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចអ៊ីព្លេស។ 7មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្ដិ៍ឈ្មោះល្អ ពីសំណាក់អស់អ្នកដែលមិនមែនជាអូមាត់អ៊ីសាផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អ៊ីព្លេស។
គុណសម្បត្តិអ្នកជំនួយ
8រីឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ 9គាត់ត្រូវកាន់តាមជំនឿ ដែលអុលឡោះបានសំដែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ 10ត្រូវល្បងមើលចិត្ដគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
11ចំពោះស្ដ្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្ដស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
12អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង 13ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្ដិយស ព្រមទាំងមានចិត្ដអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
គម្រោងការដ៏លាក់កំបាំង
14ខ្ញុំសរសេរសំបុត្រនេះទាំងសង្ឃឹមថា នឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ 15ក៏ប៉ុន្ដែ បើខ្ញុំក្រមកដល់សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្ដយ៉ាងណាៗ ក្នុងដំណាក់របស់អុលឡោះ គឺក្នុងក្រុមជំអះរបស់ទ្រង់ដ៏នៅអស់កល្ប។ ក្រុមជំអះនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ 16យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ
អុលឡោះបានបង្ហាញឲ្យយើង
ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស
អុលឡោះបានរាប់គាត់ឲ្យសុចរិត
ដោយរសអុលឡោះ
ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់
គេប្រកាសអំពីគាត់
នៅក្នុងចំណោមជាតិសាសន៍នានា
គេបានជឿលើអាល់ម៉ាហ្សៀស
អុលឡោះបានលើកគាត់ឡើង
ឲ្យមានសិរីរុងរឿង។
ទើបបានជ្រើសរើសហើយ៖
១ធីម៉ូថេ 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.