១​ពេត្រុស 3

3
ទំនាក់‌ទំនង​រវាង​ស្វាមី និង​ភរិយា
1រីឯ​បង​ប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បង​ប្អូន ទាក់‌ទាញ​ចិត្ដ​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​បន្ទូល​របស់​អុលឡោះ ឲ្យ​បាន​ស្គាល់​ទ្រង់ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សំដី​ទេ 2គឺ​គេ​គ្រាន់​តែ​ឃើញ​បង​ប្អូន​មាន​កិរិយា​បរិសុទ្ធ និង​ចេះ​គោរព​កោត​ខ្លាច។ 3កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ 4តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ដ​របស់​បង​ប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លប់​នៅ​ចំពោះ​អុលឡោះ​នោះ​វិញ គឺ​មាន​ចិត្ដ​ស្លូត‌បូត ស្រគត់‌ស្រគំ។ 5នៅ​ជំនាន់​ដើម ស្ដ្រីៗ​បរិសុទ្ធ​ដែល​សង្ឃឹម​លើ​អុលឡោះ តែង​កាន់​ចិត្ដ​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុប‌តែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន 6ដូច​ជា​សាទី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​អ៊ីព្រហ៊ីម ទាំង​ហៅ​គាត់​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បង​ប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។
7រីឯ​បង​ប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ដ្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​អុលឡោះ​ប្រោស‌ប្រណី​ប្រទាន​មក​បង​ប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រា‌រាំង​ការ​ទូរអា​របស់​បង​ប្អូន​ឡើយ។
ទំនាក់‌ទំនង​រវាង​បង​ប្អូន
8នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ដ​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បង​ប្អូន​បង្កើត មាន​ចិត្ដ​អាណិត​មេត្ដា និង​សុភាព។ 9កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់ តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង​ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​ប្រព្រឹត្ដ​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង​ប្អូន​បាន​ទទួល​ពរ​របស់​ទ្រង់​តាម​បន្ទូល​សន្យា​នៃ​ទ្រង់។
10 «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង​បាន​សុភមង្គល
អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់
ព្រម​ទាំង​ទប់​បបូរ​មាត់
កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។
11 អ្នក​នោះ​ត្រូវ​ចៀស​វាង​កុំ​ប្រព្រឹត្ដ​អំពើ​អាក្រក់
ហើយ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ
និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ដ
12 ដ្បិត​អុលឡោះ‌ជាអម្ចាស់​មើល​មក​មនុស្ស​សុចរិត
ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​គេ
ប៉ុន្ដែ ទ្រង់​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ដ
អំពើ​អាក្រក់»
13ប្រសិន​បើ​បង​ប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បង​ប្អូន 14យ៉ាង​ណា​មិញ បើ​បង​ប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត នោះ​បង​ប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ 15តែ​ត្រូវ​ទុក​ឲ្យ​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​សំដែង​អំណាច ក្នុង​ចិត្ដ​គំនិត​របស់​បង​ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង​ប្អូន​នោះ​ជា‌និច្ច 16ប៉ុន្ដែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់​ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង​ប្អូន ជា​អ្នក​ជឿ​អាល់ម៉ា‌ហ្សៀស ត្រង់​ចំណុច​ណា​មួយ​បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។ 17សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ដ​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ដ​អំពើ​អាក្រក់ ប្រសិន​បើ​អុលឡោះ​គាប់​ចិត្ត​យ៉ាង​នេះ។
18សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។ 19នៅ​ពេល​នោះ ដែល​ជាប់​ឃុំ‌ឃាំង 20ជា​ព្រលឹង​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​អុលឡោះ កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ទ្រង់​អត់‌ធ្មត់​នៅ​សម័យ​ណាពី​ណុះហ៍​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។ 21នេះ​ជា​និមិត្ដ​រូប​នៃ​ពិធី​ជ្រមុជ​ទឹក​ដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ប្រគល់​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​រស់​ឡើង​វិញ 22គាត់​បាន​ឡើង​ទៅ​សូរ៉កា នៅ​ខាង​ស្ដាំ​អុលឡោះ ហើយ​ពួក​ម៉ាឡា‌អ៊ីកាត់ ព្រម​ទាំង​ពួក​មាន​អំណាច​នានា និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​គាត់​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១​ពេត្រុស 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល