១​ពេត្រុស 2

2
ប្រជា‌រាស្ដ្រ​បរិសុទ្ធ
1ហេតុ​នេះ ចូរ​បង​ប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ច‌កល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ដ​ច្រណែន​ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ! 2ចូរ​ប្រាថ្នា​ចង់​បាន​បន្ទូល​នៃ​អុលឡោះ ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចំរើន​ឡើង​តាម​រយៈ​បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ 3បើ​បង​ប្អូន​ពិត​ជា​បាន​ពិសោធន៍​ដឹង​ថា អុលឡោះ‌ជាអម្ចាស់​សប្បុរស​មែន​នោះ!
4សូម​បង​ប្អូន​ចូល​មក​ជិត​អាល់ម៉ា‌ហ្សៀស ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​អុលឡោះ​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។ 5រីឯ​បង​ប្អូន​វិញ បង​ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ដំណាក់​របស់​រស‌អុលឡោះ ធ្វើ​ជា​ក្រុម​អ៊ីមុាំ​បរិសុទ្ធ ដើម្បី​ធ្វើ​គូរបាន​ខាង​វិញ្ញាណ ជា​ទី​គាប់​ចិត្ត​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស 6ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា៖
«យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់
ហើយ​មាន​តម្លៃ
យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។
អ្នក​ណា​ជឿ​លើ​ថ្ម​នោះ
អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ដ​ឡើយ»
7ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង​ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ
«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត
8 ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល
ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ដ
បាត់​ជំនឿ»
អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​អុលឡោះ​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​បន្ទូល​របស់​អុលឡោះ 9រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។ 10ពី​ដើម​បង​ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ​ទេ តែ​ឥឡូវ​នេះ​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ ពី​ដើម បង​ប្អូន​ពុំ​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ទេ តែ​ឥឡូវ​នេះបង​ប្អូន​បាន​ទទួល​ចិត្ត​មេត្ដា‌ករុណា​ហើយ
របៀប​រស់​នៅ​នៃ​អ្នក​បម្រើ​របស់​អុលឡោះ
11បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។ 12ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង​ប្អូន​ប្រព្រឹត្ដ​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង​ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​អុលឡោះ​មក គេ​នឹង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​ថែម​ទៀត​ផង។
13សូម​គោរព​ចុះ​ចូល​អំណាច​នានា នៅ​លើ​ផែនដី​នេះ​ដោយ​យល់​ដល់​អុលឡោះ‌ជាអម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ស្តេច ក្នុង​ឋានៈ​គាត់​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ 14ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​គាត់​ជា​តំណាង​របស់​ស្តេច ដែល​ស្តេច​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ល្អ។ 15អុលឡោះ​ពេញ​ចិត្ត​ឲ្យ​បង​ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ 16ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្ដែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ដ​ឲ្យ​សម​នឹង​ឋានៈ​បង​ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ។ 17ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។
គំរូ​អំពី​ទុក្ខ​លំបាក​របស់​អាល់ម៉ា‌ហ្សៀស
18បង​ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ដ​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។ 19បើ​មាន​បង​ប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​អុលឡោះ តោង​ចាត់​ទុក​ថា ទ្រង់​ពេញ​ចិត្ត​នឹង​បង​ប្អូន​នោះ​ហើយ។ 20ប្រសិន​បើ​បង​ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​គ្មាន​កិត្ដិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​បាន​ប្រព្រឹត្ដ​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​បង​ប្អូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះ​ជា​ពុំ​ខាន។
21ទ្រង់​ត្រាស់​ហៅ​បង​ប្អូន​មក
ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​អាល់ម៉ា‌ហ្សៀស​ក៏​បាន​រង‌ទុក្ខ​លំបាក
សម្រាប់​បង​ប្អូន ទុក​ជា​គំរូ​ឲ្យ
បង​ប្អូន​ដើរ​តាម​គន្លង​របស់​គាត់​ដែរ។
22 គាត់​ពុំ​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​និយាយ​វៀច​វេរ​ណា
ចេញ​ពី​មាត់​របស់​គាត់​ឡើយ
23ទោះ​បី​គេ​ជេរ​ប្រមាថ​គាត់
ក៏​គាត់​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
គាត់​បាន​រង‌ទុក្ខ​លំបាក
តែ​គាត់​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
គាត់​ផ្ញើ​ជីវិត​ទៅ​លើ​អុលឡោះ
ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្ដិធម៌។
24អាល់ម៉ា‌ហ្សៀស​បាន​ផ្ទុក​បាប​របស់​យើង
ក្នុង​រូប‌កាយ​របស់​គាត់
ដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់​ជំពិន
នឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិត
ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិ។
បង​ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ
ស្នាម​របួស​របស់​គាត់
25ដ្បិត​បង​ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង
តែ​ឥឡូវ​នេះ បង​ប្អូន​បាន​វិល​ត្រឡប់​មក​រក
គង្វាល និង​អ្នក​ថែ​រក្សា​ព្រលឹង
របស់​បង​ប្អូន​វិញ​ហើយ។

ទើបបានជ្រើសរើសហើយ៖

១​ពេត្រុស 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល