១ពេត្រុស 4
4
ការរស់នៅដោយមិនប្រព្រឹត្ដអំពើបាប
1ហេតុនេះ បើអាល់ម៉ាហ្សៀសបានរងទុក្ខលំបាក កាលគាត់មានឋានៈជាមនុស្ស បងប្អូនត្រូវប្រកាន់ចិត្ដគំនិតដូចគាត់ដែរ ដ្បិតអ្នកណាស៊ូទ្រាំរងទុក្ខលំបាកខាងរូបកាយ អ្នកនោះលែងទាក់ទាមអ្វីនឹងបាបទៀតហើយ 2ដើម្បីឲ្យបានរស់ ស្របតាមបំណងរបស់អុលឡោះ ក្នុងកំឡុងពេលនៃអាយុជីវិតដែលនៅសល់ក្នុងលោកនេះ គឺមិនរស់នៅតាមចំណង់តណ្ហារបស់មនុស្សទៀតទេ។ 3ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់អុលឡោះចូលចិត្ដនោះយូរពេកហើយ គឺបានប្រព្រឹត្ដអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។ 4ពួកគេងឿងឆ្ងល់ ដោយឃើញបងប្អូនពុំចូលរួមជាមួយគេ ក្នុងការប្រព្រឹត្ដអំពើថោកទាបហួសហេតុទាំងនោះទៀត ហើយគេក៏និយាយប្រមាថបងប្អូន។ 5អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្ដនៅចំពោះទ្រង់ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។ 6ហេតុនេះ សូម្បីតែមនុស្សស្លាប់ ក៏ទ្រង់បាននាំដំណឹងល្អទៅឲ្យគេឮដែរ។ ដូច្នេះ ទោះបីពួកគេត្រូវទទួលការវិនិច្ឆ័យទោសខាងរូបកាយពេលគេរស់នៅក្នុងលោកីយ៍នេះក៏ដោយ ក៏គេអាចមានជីវិតរស់ខាងវិញ្ញាណតាមអុលឡោះដែរ។
របៀបរស់នៅក្នុងក្រុមអូមាត់អ៊ីសា
7អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។ 8ជាបឋម ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្ដីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។ 9ត្រូវចេះទទួលគ្នាទៅវិញទៅមក ដោយរាក់ទាក់ឥតរអ៊ូរទាំឡើយ។
10បងប្អូនម្នាក់ៗបានទទួលអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកអំណោយទាន គ្រប់បែបយ៉ាងរបស់អុលឡោះ។ 11បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ទុក្ខលំបាករបស់អូមាត់អ៊ីសា
12បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្ដិការណ៍អ្វីមួយដ៏ចម្លែកឡើយ។ 13ផ្ទុយទៅវិញ ចូរមានចិត្ដរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយអាល់ម៉ាហ្សៀស។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលគាត់បង្ហាញសិរីរុងរឿងរបស់គាត់។
14ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែនាមរបស់អាល់ម៉ាហ្សៀស នោះបងប្អូនមានសុភមង្គលហើយ ដ្បិតរសអុលឡោះប្រកបដោយសិរីរុងរឿង គឺរសរបស់ទ្រង់ស្ថិតនៅលើបងប្អូន។ 15ក្នុងចំណោមបងប្អូន សូមកុំឲ្យមាននរណាម្នាក់រងទុក្ខលំបាក ព្រោះបានសម្លាប់គេ លួចគេ ប្រព្រឹត្ដអំពើអាក្រក់ ឬឡូកឡំក្នុងរឿងរ៉ាវរបស់អ្នកដទៃឡើយ។ 16ប៉ុន្ដែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាអូមាត់អ៊ីសា កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងអុលឡោះព្រោះតែនាមនេះ។
17ពេលកំណត់ ដែលអុលឡោះចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺទ្រង់វិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់មុនគេ។ ប្រសិនបើទ្រង់ចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទំរាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់អុលឡោះវិញ តើនឹងធ្លាក់ទៅដល់កំរិតណា!។ 18បើមនុស្សសុចរិតរួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ 19ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមបំណងអុលឡោះ ត្រូវប្រព្រឹត្ដអំពើល្អ ហើយផ្ញើជីវិតលើអុលឡោះដែលស្មោះត្រង់។
ទើបបានជ្រើសរើសហើយ៖
១ពេត្រុស 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.