ព័ត៌មានគម្រោងអាន

ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 7 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងចិត្តសប្បុរស


ពេលស្មឹងស្មាធិ៍


យើងរាល់គ្នាមានក្ដីប៉ងប្រាថ្នាសម្រាប់ភាពបរិសុទ្ធនិងភាពបានពេញគ្រប់លក្ខណៈ។ យើងប្រាថ្នាចង់បានជីវិតមានពេញដោយការល្អ និងទន្ទឹងចង់បានសង្គមដែល "មិនកំហូច" គឺយើងចង់បានពិភពលោកមួយដ៏ល្អបំផុត។ បទបញ្ជាថ្ងៃសប្ប័ទ គឺមានលើសពីការណែនាំ ដែលថាយើងមានថ្ងៃសម្រាកតែមួយថ្ងៃក្នុងមួយសប្ដាហ៍ទៅទៀត។ ក្រោមការដាស់តឿន នោះមានការណែនាំឱ្យចេះអបអរក្នុងឆ្នាំប្រោសលោះ (Jubilee) ដែលព្រះបានប្រទានដល់ប្រជារាស្រ្តទ្រង់ជ្រើសរើស ឱ្យគេបានដឹងនិងទទួលបានការភ្លក់រសជាតិដំបូង ពីអ្វីដែលជាក្ដីបរិសុទ្ធដ៏អស់កល្បជានិច្ច – ហើយរសជាតិនេះគឺជាថ្ងៃសប្ប័ទដ៏នៅអស់កល្បជានិច្ច។



កណ្ឌគម្ពីរកត់ត្រាដោយ លោក ម៉ូសេ និងកណ្ឌគម្ពីរសម្ពន្ធមេត្រីថ្មី ថ្លែងពីថ្ងៃសប្ប័ទ និងពីឆ្នាំប្រោសលោះ ក្នុងរបៀបដែលនាំឱ្យយើងនៅបន្តរក្សាចិត្តសប្បុរស ភាពយុត្តិធម៌ និងការស្ដារឡើងវិញ នៅកណ្ដាលចំណោមប្រជារាស្រ្តនៃព្រះ។ នៅក្នុងក្រុមគ្រួសារពីកុលសម្ពន្ធនីមួយៗ ពួកគេពឹងផ្អែកទៅលើដីល្មមគ្រប់គ្រាន់មួយកន្លែង ដើម្បីផ្គត់ផ្គង់ដល់សមាជិកនីមួយៗនៅក្នុងសហគមន៍របស់ពួកគេ។



ក្នុងមួយផ្នែក បទបញ្ជាថ្ងៃសប្ប័ទទ្រទ្រង់យើង ក្នុងនាមជាបុគ្គលម្នាក់ៗ។ បទបញ្ជាទាំងនោះជួយឱ្យយើងស្វែងរកឃើញនូវការសម្រាកពីការងារ និងអាចស្វែងរកឃើញពេលវេលាដើម្បីថ្វាយបង្គំដល់ព្រះ ហើយក្នុងអំឡុងពេលតែមួយ នោះការងាររបស់យើង អាចជួយផ្គត់ផ្គង់សម្រាប់តម្រូវការជាប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែលើសពីការជួយដល់យើងក្នុងនាមជាបុគ្គលម្នាក់ៗ នោះថ្ងៃសប្ប័ទផ្ដោតទៅលើជីវិតរួមនៃសហគមន៍ដែរ។ បទបញ្ញត្តិបង្ហាញដល់យើងឱ្យស្គាល់ពីព្រះ ថាព្រះអង្គមានលក្ខណៈបែបណា និងបង្ហាញឱ្យយើងស្គាល់ថាក្នុងភាពជាមនុស្សគួរមានរបៀបបែបណា – ហើយជាពិសេសក្នុងនាមជាគ្រីស្ទបរិស័ទ – យើងបានបង្កើតមកសម្រាប់ឱ្យរស់នៅក្នុងសហគមន៍។ ជីវិតរស់នៅបែបប្រទាក់ប្រទិនគ្នានេះ គួរតែមានរូបលក្ខណៈពេញដោយភាពសប្បុរស ដូចជារូបតំណាងនៃព្រះគុណនៃព្រះ ដែលយើងខ្លួនឯងផ្ទាល់បានទទួលក្នុងជីវិតមែន។ ជីវិតរបស់យើងគួរតែមានរូបលក្ខណៈបែបមានយុត្តិធម៌ ដែលយើងចែករំលែកនូវភាពយុត្តិធម៌នេះទៅដល់អ្នកដទៃទៀត ដោយសារតែព្រះជាម្ចាស់ គឺជាព្រះនៃយុត្តិធម៌។ ជីវិតរបស់យើងគួរតែមានរូបលក្ខណៈបែបចេះស្ដារឡើងវិញ ដោយការចេះជួយដល់មនុស្សនៅជុំវិញខ្លួនយើង ដើម្បីឱ្យគេបានដឹងពីគុណតម្លៃនិងភាពថ្លៃថ្នូររបស់គេ នៅក្នុងសង្គម។ សព្វថ្ងៃនេះ វាមិនចាំបាច់មានន័យថា យើងគួរតែមានដីមួយកន្លែងនោះទេ។ តែជួសវិញ យើងអាចប្ដេជ្ញាចិត្ត ក្នុងការចេះជួយគាំទ្រដល់អ្នកដទៃ ឱ្យគេអាចរកការងារធ្វើបាន មានកន្លែងរស់នៅសមរម្យ និងមានការប្រាស្រ័យទាក់ទងល្អនៅក្នុងជីវិតរស់នៅរបស់គេ។



នៅក្នុងពិភពលោកដែលបានរួបរួមគ្នា អ្នកជិតខាងរបស់យើងក៏មានបូករួមដោយមនុស្សរស់នៅជុំវិញពិភពលោកផងដែរ។ យើងត្រូវចេះអើពើដល់ប្រព័ន្ធជីវិតសត្វនិងរុក្ខជាតិ ដោយគិតពីលទ្ធផលនៃទង្វើដែលយើងប្រព្រឹត្ត ក្នុងការរស់នៅជាប្រចាំថ្ងៃរបស់យើង។ នៅពេលយើងចេះប្រព្រឹត្តត្រឹមត្រូវ ដោយការគោរពនិងចេះថែទាំ ចំពោះធនធានធម្មជាតិនិងបរិស្ថាន នោះយើងនឹងជួយឱ្យមានជីវិតនិងបានការសម្រាកក្នុងថ្ងៃសប្ប័ទ នាបណ្ដាទ្វីបអាហ្រ្វិក នៅអាស៊ី និងនៅទូទាំងពិភពលោក។ ក្ដីសប្បុរសមិនគិតពីព្រំប្រទល់នៃភូមិសាស្រ្តឡើយ។



សំណួរសម្រាប់ឆ្លុះបញ្ចាំង



  • តើរូបខ្ញុំផ្ទាល់ដែលធ្លាប់ទទួលបាននូវភាពសប្បុរស ភាពយុត្តិធម៌ ឬការស្ដារឡើងវិញ តាមរយៈអ្នកដទៃដែរឬទេ?

  • តើយើងបានរៀនអ្វីខ្លះអំពីព្រះជាម្ចាស់ នៅពេលដែលមានមនុស្សគេមានចិត្តសប្បុរស ចេះតយុទ្ធសម្រាប់យុត្តិធម៌ និងចេះជួយស្ដារឡើងវិញនូវភាពថ្លៃថ្នូរចំពោះអ្នកដទៃ?

  • តើឱ្យខ្ញុំអាចទទួលយល់ពីបទបញ្ជាថ្ងៃសប្ប័ទ –ដោយឡែកពីការសម្រាក– ក្នុងរូបភាពជាឱកាសសម្រាប់ការតយុទ្ធសម្រាប់ទង្វើយុត្តិធម៌សង្គម បានដោយរបៀបណា?

  • តើនៅក្នុងផ្នែកណានៃជីវិតរបស់ខ្ញុំ ដែលខ្ញុំអាចយកចិត្តសប្បុរសទៅអនុវត្ត នៅក្នុងរបៀបមួយថ្មីបាន?


ប្រធានបទសម្រាប់អធិស្ឋាន



  • យើងសូមអធិស្ឋានសម្រាប់អស់អ្នកដែលកំពុងទទួលរងផលដ៏អាក្រក់នៃភាពអយុត្តិធម៌។

  • យើងសូមអធិស្ឋានសម្រាប់អស់អ្នកដែលកំពុងស្ថិតក្នុងជាយជ្រោះនៃសង្គម ដែលគេប៉ងប្រាថ្នាចង់បានជីវិតមានគុណតម្លៃនិងភាពថ្លៃថ្នូរ។

  • យើងអធិស្ឋានសូមឱ្យក្រុមជំនុំមានការគិតពិចារណានិងឆ្លុះបញ្ចាំងពីភាពសប្បុរសនិងភាពយុត្តិធម៌របស់ព្រះ។

  • ព្រះអង្គអើយ សូមបង្ហាញដល់ទូលបង្គំ ឱ្យដឹងពីរបៀបដែលទូលបង្គំអាចចែករំលែកពីយុត្តិធម៌ និងក្ដីសប្បុរសរបស់ព្រះអង្គ នៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃរបស់ទូលបង្គំ។


លំនាំអធិស្ឋាន


សូមអរគុណដល់ព្រះវរបិតា សម្រាប់ក្ដីសប្បុរសដ៏ធំមហាសាលរបស់ព្រះអង្គ សម្រាប់យើងខ្ញុំរាល់គ្នា។ ក្ដីសប្បុរសនេះកើនឡើងយ៉ាងមហិមាក្នុងការលះបង់របស់ព្រះអង្គ ដែលបានប្រទានព្រះបុត្រា ដើម្បីឱ្យមកសុគតសម្រាប់យើងរាល់គ្នា។ មិនគ្រាន់តែព្រះអង្គបានបង្ហាញដល់យើងពីព្រះគុណ និងភាពយុត្តិធម៌របស់ព្រះអង្គ តាមរយៈជីវិតនៅលើផែនដីរបស់ព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គបានធ្វើឱ្យយើងអាចទទួលបានព្រះគុណនិងភាពយុត្តិធម៌របស់ទ្រង់ ដោយការសុគតរបស់ព្រះបុត្រានៅលើឈើឆ្កាង និងពីការរស់ឡើងវិញរបស់ព្រះអង្គ នៅថ្ងៃទីបី។



សូមប្រទានដល់យើងខ្ញុំនូវប្រាជ្ញានិងអំណាចចេស្ដា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឱ្យយើងរស់ក្នុងជីវិតដែលមានក្ដីសប្បុរសនិងភាពយុត្តិធម៌។ ហើយសូមជួយយើងខ្ញុំ ឱ្យចេះថែទាំរាល់អ្វីៗដែលព្រះអង្គបានបង្កើត ដោយសារតែយើងជាស្នាព្រះហស្ដ ក្នុងរូបអង្គរបស់ព្រះអង្គ។ សូមប្រទានឱ្យយើងមានកែវភ្នែកដែលឃើញពីអស់អ្នកដែលត្រូវការការស្ដារឡើងវិញ ដើម្បីឱ្យយើងអាចក្លាយទៅជាចរន្តនៃក្ដីស្រឡាញ់របស់ព្រះអង្គនៅថ្ងៃនេះ។ អាមែន។







ដោយ៖ ម៉ាក ចោះ (Marc Jost) អគ្គលេខាធិការនៃសម្ពន្ធគ្រីស្ទបរិស័ទនៅប្រទេសស្វីស (ផ្នែកភាសាអាល្លឺម៉ង់)


អត្ថបទគម្ពីរ

ថ្ងៃ 6ថ្ងៃ 8

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ