ព័ត៌មានគម្រោងអាន

ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 4 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងក្ដីមេត្តាករុណា


ពេលស្មឹងស្មាធិ៍


ព្រះជាម្ចាស់ពុំបានប្រទានថ្ងៃសប្ប័ទជាច្បាប់ទាស់ប្រឆាំងនឹងយើងទេ ប៉ុន្តែជាសកម្មភាពនៃក្ដីមេត្តាករុណាសម្រាប់យើងទៅវិញ។ ហេតុនេះហើយបានជាពួកសាវ័កបានទទួលការអនុញ្ញាតឱ្យទទួលទានគួរស្រូវ ដើម្បីចម្អែតភាពស្រេកឃ្លានរបស់ពួកគេ នៅថ្ងៃសប្ប័ទ (ម៉ាថាយ ១២៖១-៨)។ ហេតុនេះហើយបានជាបុរសដែលស្វិតដៃ ត្រូវបានទទួលការព្យាបាលនៅថ្ងៃសប្ប័ទ (ម៉ាថាយ ១២៖៩-១៣)។ ព្រះយេស៊ូវទតឃើញពីភាពស្រេកឃ្លានរបស់ពួកសាវ័ក និងពីទុក្ខសោកសង្រេងរបស់មនុស្ស រួចព្រះអង្គមានព្រះទ័យក្ដួលអាណិត។ ថ្ងៃសប្ប័ទ នោះគឺជាថ្ងៃសម្រាប់ការបំប៉ន ផ្ដល់ចំណីអាហារ និងការព្យាបាល។ មិនមែនជាសកម្មភាពហាមឃាត់ ("មិនត្រូវធ្វើអ្វីទាំងអស់") ឬក៏ជាសកម្មភាពដែលតម្រូវឱ្យប្រព្រឹត្ត ("ថ្វាយតង្វាយ") ដែលជាស្នូលនៃថ្ងៃសប្ប័ទនោះទេ។ គោលដៅចម្បងនៃថ្ងៃសប្ប័ទ នោះគឺបង្ហាញឱ្យយើងមើលឃើញពីក្ដីមេត្តាករុណារបស់ព្រះទេតើ។



នៅក្នុងសម្ព័ន្ធមេត្រីចាស់ ថ្ងៃសប្ប័ទគឺជាការសម្ដែងបង្ហាញនៃសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ ជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គ ដូចគ្នានឹងពិធីកាត់ស្បែកដែរ។ ថ្ងៃសប្ប័ទបម្រើបានជាថ្ងៃឈប់សម្រាក ជាប្រយោជន៍ក្នុងការសម្លឹងមើលទៅព្រះ និងស្ញប់ស្ញែងពីក្ដីមេត្តាករុណានិងភាពបរិសុទ្ធរបស់ព្រះអង្គ។ «អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ» (និក្ខមនំ ៣១៖១៣)។ ប្រជារាស្រ្តនៃព្រះទទួលបានក្ដីមេត្តាករុណាពីព្រះ។ ពួកគេ "បានឆ្លង" ក្ដីមេត្តាករុណានោះ រួចហើយគេបន្តចម្លងក្ដីមេត្តានេះ ជាព្រះពរទៅដល់មនុស្សទូទាំងពិភពលោក។



នៅពេលដែលយើងមករួមគ្នា ដើម្បីថ្វាយបង្គំនិងប្រកបគ្នា នៅពេលដែលយើងស្ដាប់ពីព្រះសូរសៀងនៃព្រះ និងនិយាយទៅព្រះអង្គ នោះយើងបំពេញជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង ហើយយើងអបអរសាទរពីក្ដីមេត្តាករុណារបស់ព្រះអង្គ។ នៅឯក្រុមជំនុំ ការគិតបែបសេដ្ឋកិច្ច ដោយយោងតាមការប្រព្រឹត្ត ព្រមទាំងការគិតបែបកម្សាន្តអារម្មណ៍ នោះនាំឱ្យមនុស្សបែកខ្ញែក។ ហេតុដូច្នេះ វេនថ្វាយបង្គំ មិនមែនជាការធ្វើពាណិជ្ជកម្ម ឬការសម្ដែងទេ។ វាក៏មិនមែនជាការខិតខំប្រឹងប្រែងបែបខាងសាសនា ឬបែបការលក់ដូរខាងឯសាសនាដែរ។ អ្វីៗកើតឡើងនៅក្នុងក្រុមជំនុំ នោះគឺមានន័យធំធេងជាងនេះទៅទៀត។ ក្រុមជំនុំគឺជាកន្លែងដែលព្រលឹងរបស់យើងអាចទទួលបានការសម្រាក និងជាកន្លែងដែលយើងអាចទទួលបាននូវក្ដីមេត្តាករុណារបស់ព្រះ។ នៅឯក្រុមជំនុំ ព្រះជាម្ចាស់ប៉ះពាល់រូបយើងជាមួយនឹងក្ដីមេត្តាករុណារបស់ព្រះអង្គ។ អស់អ្នកណាដែលទទួលបានក្ដីមេត្តាពីព្រះ នោះនឹងក្លាយទៅជាអ្នកដែលឱ្យនូវក្ដីមេត្តា។ «ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ» (លូកា ៦៖៣៦)។



តាមរយៈអំណោយទាននៃក្ដីមេត្តា នោះព្រះរៀបចំយើងឱ្យចេះរស់នៅ និងប្រព្រឹត្តដោយក្ដីមេត្តា ដើម្បីឱ្យយើងចេះប្រព្រឹត្តការល្អដល់គ្នាទៅវិញទៅមក។ ខគម្ពីរនៅថ្ងៃនេះ ជួយលើកទឹកចិត្តយើងឱ្យធ្វើជាមនុស្សដែលគិតពីព្រះយេស៊ូវ នៅក្នុងពិភពលោកនេះ។



សំណួរសម្រាប់ឆ្លុះបញ្ចាំង



  • ចូរស្មឹងស្មាធិ៍ចំពោះគំនិតទាំងនេះ៖ ព្រះជាម្ចាស់ពុំបានប្រទានថ្ងៃសប្ប័ទ ជាច្បាប់ទាស់ប្រឆាំងនឹងយើងទេ ប៉ុន្តែជាសកម្មភាពនៃក្ដីមេត្តាករុណាសម្រាប់យើងទៅវិញ។

  • តើឱ្យខ្ញុំអាចទទួលបានពីក្ដីមេត្តាករុណានៃព្រះ ដែលសម្ដែងបង្ហាញនៅក្នុងថ្ងៃសប្ប័ទ ដោយគិតពីព្រះនិងគិតពីមនុស្សដែលនៅជុំវិញរូបខ្ញុំ ដោយរបៀបណា?

  • តើមានទង្វើផ្លាស់ប្រែតិចតួចណាដែលខ្ញុំអាចធ្វើទៅបាន ដើម្បីយកក្ដីមេត្តាករុណានៃព្រះ ដាក់ជាអាទិភាព នៅថ្ងៃសប្ប័ទ––ក្នុងនាមជាបុគ្គល ជាសមាជិកក្នុងក្រុមគ្រួសារ និងជាម្នាក់ក្នុងក្រុមជំនុំ?


ប្រធានបទសម្រាប់អធិស្ឋាន



  • យើងសូមអធិស្ឋានសម្រាប់ពេលវេលាដើម្បីឱ្យយើងផ្ដោតចិត្តទៅព្រះ។ យើងបំបែករបៀបគិតបែបជាធម្មតារបស់យើង ដែលផ្ដោតតែទៅលើការប្រព្រឹត្ត និងដូចជាការទិញដូរចេញ។ យើងទូលសូមព្រះសម្រាប់ក្ដីមេត្តារបស់ព្រះអង្គ (ដូចក្នុងបទចម្រៀង ឃីរី អេលីសហ្សន - Kyrie eleison ៖ ព្រះអង្គអើយ សូមមេត្តាដល់យើង!)។

  • យើងសូមអធិស្ឋានសម្រាប់ការអត់ឱនទោសសម្រាប់ពេលវេលាដែលវេនថ្វាយបង្គំធ្លាប់គ្រាន់តែជាពិធី និងសកម្មភាពបែបសាសនា ជាជាងកិច្ចជួបជាមួយនឹងព្រះជាម្ចាស់។

  • យើងសូមអធិស្ឋានសម្រាប់មនុស្សគ្រប់រូបដែលបង្រៀនពីព្រះបន្ទូលព្រះ និងពីសារនៃក្ដីមេត្តារបស់ព្រះ សូមឱ្យព្រះបន្ទូលនោះបានឱ្យគេស្ដាប់និងទៅដល់ចិត្តមនុស្ស។

  • យើងអធិស្ឋានសូមឱ្យព្រះបើកភ្នែកយើង ដើម្បីឱ្យយើងមានចិត្តមេត្តាទៅកាន់អ្នកជិតខាងរបស់យើង ដូចដែលព្រះបានមានក្ដីមេត្តាជាមួយនឹងយើងដែរ។

  • យើងសូមអធិស្ឋានសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ សូមព្រះអង្គបង្ហាញដល់យើងពីរបៀបដែលយើងអាចយកព្រះអង្គជាទីមួយ ជាចំណុចកណ្ដាលនៃជីវិតយើង ហើយសូមឱ្យយើងចេះថែទាំរាល់អ្វីៗដែលព្រះបានបង្កើត។


លំនាំអធិស្ឋាន


ឱ ព្រះជាម្ចាស់ ដែលពេញដោយក្ដីមេត្តា យើងខ្ញុំលើកតម្កើងនិងអបអរសាទរចំពោះព្រះអង្គ! យើងថ្វាយបង្គំព្រះអង្គ។ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះជាអម្ចាស់ ពេញដោយព្រះចេស្ដា!» យើងសូមអធិស្ឋានជាមួយនឹងទ័ពនៃពួកទេវតា។



សូមអត់ឱនទោសដល់យើងខ្ញុំ ដែលយើងខ្ញុំធ្លាប់គិតតែអំពីខ្លួនឯង ហើយផ្ដោតតែទៅលើសកម្មភាពផ្ទាល់ខ្លួន នៅគ្រាដែលយើងខ្ញុំគួរផ្ដោតចិត្តទៅលើព្រះអង្គ។ សូមព្រះអង្គប្រោសវេនថ្វាយបង្គំរបស់យើងខ្ញុំសាជាថ្មី ឱ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឱ្យយើងខ្ញុំបានជួបជាមួយនឹងព្រះអង្គសាជាថ្មី និងដើម្បីឱ្យដួងចិត្តនៃយើងខ្ញុំបានផ្លាស់ប្រែ ដោយក្ដីមេត្តាករុណារបស់ព្រះអង្គ។ សូមប្រទានពរដល់អស់អ្នកដែលប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។ សូមបើកភ្នែកនិងដួងចិត្តរបស់យើងខ្ញុំ ឱ្យយើងខ្ញុំបានយល់ពីតម្រូវការរបស់អ្នកជិតខាង និងសង្គមរបស់យើងខ្ញុំ។ សូមប្រទានគំនិត និងចិត្តក្លាហានដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចដាក់ទុន ដោយក្ដីមេត្តា ទៅក្នុងក្រុមជំនុំរបស់ព្រះអង្គ និងមនុស្សក្នុងពិភពលោក។ អាមែន។







ដោយ៖ លា ឆ្វេយឺ (Lea Schweyer) ប្រធាននៃប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ នៅប៉ែក រ៉ីហិន បេធីងហ្គិន (Riehen-Bettingen) នៃប្រទេសស្វីស។


អត្ថបទគម្ពីរ

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុ...

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ