ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ

Living Changed: Embracing Identity

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

ជ្រើសរើសចូលរួមជាចំណែកក្នុងគម្រោងផែនការរបស់ព្រះ 

នៅពេលយើងយល់ស្របទៅនឹងតែមហើយនិងពាក្យសម្ដីដែលគេដាក់ឱ្យយើង ឬជឿលើអ្វីដែលកំណត់មិនសមនឹងយើង នោះយើងបាត់បង់នូវជីវិតដ៏ស្រស់ត្រកាល ដែលព្រះជាម្ចាស់សព្វព្រះទ័យសម្រាប់យើង។ ព្រះអង្គបានបង្កើតយើងមកជាមួយនឹងគ្រឿងផ្សំដ៏ពិសេស ដែលនោះរួមមានទាំង គុណសម្បត្តិ ចំណុចខ្លាំង និងអំណោយទានជាច្រើន។ ហើយព្រះអង្គមានក្ដីសង្ឃឹមថាយើងនឹងជ្រើសរើសប្រើប្រាស់របស់អស់ទាំងនោះ ដើម្បីព្រះរាជ្យរបស់ព្រះអង្គ។ តែទោះជាយ៉ាងនេះក្ដី នៅពេលដែលយើងផ្ដោតចិត្តគំនិតតែទៅលើភាពស្រពេចស្រពិល ភាពអសន្តិសុខ គំនិតនិងអារម្មណ៍អវិជ្ជមាន នោះសេចក្ដីអស់ទាំងនោះ វាមករំខានយើងឱ្យចាកចេញឆ្ងាយពីគោលបំណងរបស់ព្រះអង្គសម្រាប់យើង។

ជាច្រើនឆ្នាំមុន ខ្ញុំបានឮអំពីក្រុមសិក្សាព្រះគម្ពីរសម្រាប់ស្រ្តីៗ ហើយខ្ញុំមានចិត្តចង់ចូលរួមសិក្សានឹងគេ។ ពេលនោះអារម្មណ៍ខ្ញុំទើសទាល់ ដោយគិតមិនល្អពីរូបខ្លួនឯង រហូតធ្វើឱ្យខ្ញុំមិនហ៊ានចង់ទៅវិញ។ ខ្ញុំបានប្រាប់ទៅខ្លួនឯងថាគ្មាននរណាចង់ឱ្យស្ត្រីមេផ្ទះ ដែលមានមាឌធាត់ជ្រុល និងជាមនុស្សមិនមានអ្វីចូលរួមក្នុងពេលពិភាក្សា ដោយសារតែខ្លួនមិនសូវចេះព្រះគម្ពីរ ឱ្យទៅចូលរួមរៀនជាមួយនឹងគេទេ។ តែមិនដឹងជាយ៉ាងម៉េច ខ្ញុំក៏ហ៊ានមានះលើភាពភ័យខ្លាច ហើយបានទៅចូលរួមជាមួយនឹងគេទៅវិញ។ ដូចដែលអ្វីព្រះជាម្ចាស់តែងតែធ្វើ នោះព្រះអង្គបានប្រើការបោះជំហានដ៏តូចក្នុងការចុះចូល ដើម្បីឱ្យខ្ញុំបានចាប់ផ្ដើមមានការបំផ្លាស់បំប្រែនៅខាងក្នុងរូបខ្ញុំ។ ព្រះអង្គបានជួយឱ្យខ្ញុំមើលឃើញពីតម្លៃ និងឃើញពីរូបរាងផ្ទាល់របស់ខ្ញុំក្នុងផ្លូវមួយ ដែលល្អប្រសើរជាងនេះ។ 

អ្វីដែលខ្ញុំពុំបានសម្គាល់ដឹងមុននាពេលនោះ នោះគឺថាព្រះជាម្ចាស់កំពុងតែស្នើឱ្យខ្ញុំទុកចិត្តលើព្រះអង្គ ដើម្បីឱ្យខ្ញុំអាចជួយដល់ស្ត្រីដទៃផ្សេងទៀត ឱ្យចេះរៀនទុកចិត្តលើព្រះដូចគ្នា។ គឺមានតែនៅពេលដែលខ្ញុំចេះចុះចូល ដោយហ៊ានថ្វាយភាពអសន្តិសុខ ភាពស្រពេចស្រពិលរបស់ខ្ញុំតែប៉ុណ្ណោះ ទើបរូបខ្ញុំអាចឈានចូលទៅក្នុងការត្រាស់ហៅរបស់ព្រះសម្រាប់រូបខ្ញុំ។ ជាក់ស្ដែង អ្វីដែលខ្ញុំបានរៀននៅក្នុងក្រុមសិក្សាព្រះគម្ពីរ គឺជាមាតិកាទាំងមូលដែលខ្ញុំបានយកវាមកប្រើប្រាស់ នៅពេលដែលខ្ញុំចាប់ផ្ដើមបង្រៀន។ ប្រសិនបើខ្ញុំអនុញ្ញាតឱ្យភាពភ័យខ្លាចរបស់ខ្ញុំ ឃាំងខ្ញុំមិនឱ្យទៅចូលរួមសិក្សានាថ្ងៃនោះ ប្រហែលជាជីវិតនិងការបម្រើរបស់ខ្ញុំ វានឹងដើរតាមទិសដៅអ្វីប្លែកផ្សេងមែនទែន។ ហើយប្រហែលសូម្បីតែភាពអស់កល្បសម្រាប់រូបខ្ញុំ ក៏មិនច្បាស់លាស់ដែរ មើលទៅ។ 

ការស្គាល់ថាយើងជានរណានៅក្នុងព្រះគ្រីស្ទ អាចឱ្យយើងមាននូវទំនុកចិត្ត ដែលមានប្រភពមកពីព្រះ។ វាមិនមែនដោយសារតែភាពមិនល្អឥតខ្ចោះ បញ្ចៀសនូវភាពស្រពេចស្រពិល និងអសន្តិសុខចេញពីរូបយើងទេ ប៉ុន្តែដោយសារតែយើងចាប់ផ្ដើមសម្គាល់ឃើញថាភាពទន់ខ្សោយរបស់យើង បាននាំឱ្យយើងបានល្អឥតខ្ចោះ ដោយរួមនៅក្នុងកម្លាំងអំណាចចេស្ដារបស់ព្រះវិញ។ ជាក់ជាប្រាកដមែន ថាព្រះជាម្ចាស់មិនតម្រូវឱ្យយើងល្អរហូតដល់គ្មានកំហុសសោះនោះទេ។ ព្រះជាម្ចាស់ ទ្រង់ពិតជាជំនាញខាងប្រើប្រាស់មនុស្ស ដែលគេគិតថាខ្លួនគ្មានតម្លៃ មិនគ្រប់គ្រាន់ និងអសមត្ថភាព។ ក្នុងព្រះគម្ពីរទាំងមូល ព្រះអង្គធ្វើការតាមរយៈមនុស្សមិនល្អឥតខ្ចោះ មកពីសាសន៍នានា គ្រប់ភេទ និងគ្រប់វ័យ ដើម្បីសម្រេចផែនការនិងគោលបំណងរបស់ព្រះអង្គ។ គ្មានអ្វីមួយអាចមកបង្ខូចកិត្យានុភាព (បង្ខូចតម្លៃ) របស់យើង នៅក្នុងកែវព្រះនេត្រ (កែវភ្នែក) របស់ព្រះអង្គបានឡើយ។ មានតែយើងប៉ុណ្ណោះ ដែលអាចដកខ្លួនយើងផ្ទាល់ចេញពីការត្រាស់ហៅរបស់ព្រះអង្គ។ យើងអាចជ្រើសរើស ថាយើងនឹងអនុញ្ញាតឱ្យព្រះជាម្ចាស់កំណត់តម្លៃលើរូបយើង ហើយឱ្យរូបយើងមានបំណែកក្នុងគម្រោងផែនការរបស់ព្រះអង្គ ឬក៏យើងនឹងអនុញ្ញាតឱ្យអ្នកដទៃកំណត់តម្លៃលើរូបយើង ហើយថែមទាំងនាំឱ្យយើងបាត់បង់ឱកាស ដើម្បីជះឥទ្ធិពលដ៏អស់កល្បជានិច្ច។

ជំហានសកម្មភាព៖

ចូរពិចារណាលើសំណួរទាំងនេះមួយភ្លែត តើសេចក្ដីកុហកដែលអ្នកបានជឿចំពោះខ្លួនឯងបានឃាំងរូបអ្នកពីការស្ដាប់ឮនូវការដឹកនាំរបស់ព្រះសម្រាប់ជីវិតរបស់អ្នក ដោយរបៀបណា? តើអ្នកស្ដាប់ទៅលើការគិត និងក្តីរំពឹងរបស់អ្នកដទៃជុំវិញខ្លួនអ្នកច្រើនជាង ឬក៏អ្នកផ្ដោតគំនិតអារម្មណ៍ទៅលើអ្វីដែលព្រះជាម្ចាស់កំពុងតែមានបន្ទូលមកកាន់ដួងចិត្តរបស់អ្នក? ចូរកុំឱ្យរូបអ្នកបាត់បង់ឱកាសរួមចំណែកក្នុងគោលបំណងរបស់ព្រះសម្រាប់ជីវិតរបស់អ្នក ដោយសារតែអ្នកដាក់អត្តសញ្ញាណរបស់អ្នកទៅក្នុងអ្វីផ្សេង។ ចូរទូលសូមព្រះជាម្ចាស់ឱ្យដកឫសនៃសេចក្ដីកុហកទាំងអម្បាលម៉ាន ដែលអ្នកបានកប់នៅក្នុងដួងចិត្តរបស់អ្នកចោល។ ចូរអនុញ្ញាតឱ្យព្រះអង្គសាងសង់ជាថ្មីនូវអ្វីដែលបានបាក់បែក។ រួចហើយ ចូរទូលសូមព្រះអង្គឱ្យបង្ហាញដល់អ្នកពីរបៀបដែលអ្នកអាចជួយបម្រើដល់ព្រះរាជ្យរបស់ព្រះអង្គឱ្យបានរីកចម្រើនឡើង។ អ្នកមានទីដ៏វិសេសមួយនៅក្នុងព្រះហឫទ័យ (ដួងចិត្ត) របស់ព្រះជាម្ចាស់ ហើយអ្នកពិតជាមានមុខងារដ៏ពិសេសនៅក្នុងគម្រោងផែនការរបស់ព្រះអង្គ។

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Living Changed: Embracing Identity

ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធ​កិច្ចស្ដ្រីដែលផ្លាស់ប្រែ (Changed Women's Ministries) ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.changedokc.com