ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ

ចូរគេចចេញឱ្យផុតពីអន្ទាក់នៃការប្រៀបធៀប
តើអ្នកមានធ្លាប់គិតដូច្នេះដែរទេ៖ «បើខ្ញុំមានរាងស្ដើងស្អាត នោះប្រហែលជាខ្ញុំនឹងបានប្ដីហើយមកដល់ឥឡូវ» ឬថា «ប្រសិនបើខ្ញុំឆ្លាតដូចគាត់ នោះប្រហែលជាខ្ញុំត្រូវគេដំឡើងឋានៈឱ្យហើយ» ឬក៏ថា «តើហេតុអ្វីបានជាកូនខ្ញុំមិនមានចរិតដូចកូនគាត់នោះ?»។ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកដូចជាអស់ខ្យល់ ដោយសារតែអ្នកមិនដូចគេ នោះអ្នកប្រហែលជាកំពុងតែធ្លាក់នៅក្នុងអន្ទាក់នៃការប្រៀបធៀបនោះហើយ។
ពេលខ្ញុំកំពុងធំលូតលាស់ដឹងក្ដី ពួកប្រុសៗគេចូលចិត្តប្រៀបធៀបខ្ញុំទៅនឹងប្អូនស្រីរបស់ខ្ញុំ។ ពួកគេធ្លាប់និយាយគ្នាថា ខ្ញុំមិនសូវស្អាតប៉ុន្មានទេ ប៉ុន្តែបើប្អូនស្រីខ្ញុំវិញ គឺ "ស្អាតដល់ក"។ ពេលខ្ញុំឮភាសាដូច្នេះម្ដងៗ នោះវាប្រៀបដូចជាមានគេមកឆក់ទាញជើងខ្ញុំឱ្យផ្ងារអញ្ចឹង។ ខ្ញុំពិតជាស្រេកឃ្លានចង់បានការទទួលស្គាល់និងមើលឃើញពីគេណាស់ ប៉ុន្តែជួសវិញ ខ្ញុំតែងតែទទួលរងនូវក្ដីឈឺចាប់ ដោយសារតែរឿងបដិសេធ និងសារខកចិត្តជាច្រើនលើកច្រើនសា។ ខ្ញុំធ្លាប់មានទម្លាប់ថា ប្រសិនបើខ្ញុំទទួលទានបន្តិចបន្តួច លាបពណ៌សក់ ហើយស្លៀកពាក់ឡូយៗឱ្យត្រូវរូបរាង នោះខ្ញុំប្រហែលជាអាចមានរូបឆោមប្រហាក់ប្រហែលនឹងប្អូនស្រីខ្ញុំ ហើយបើបានតែប៉ុណ្ណឹង នោះខ្ញុំល្អល្មមគ្រប់គ្រាន់ហើយ។
មួយរយៈកាលពេលក្រោយមក ក្នុងគ្រាដែលខ្ញុំឈរសម្លឹងមើលទៅកាន់ពពួកភ្នំថ្ម ឈ្មោះ រ៉ក់គី ម៉ោនថិន នោះខ្ញុំពិតជាជ្រាលជ្រាវក្នុងចិត្ត ដោយសារតែសម្រស់ និងភាពរុងរឿងនៃភ្នំទាំងឡាយនោះ។ នៅក្នុងគ្រានោះ ព្រះជាម្ចាស់បានខ្សឹបមកកាន់ដួងចិត្តរបស់ខ្ញុំ ថាព្រះអង្គបានបង្កើតភ្នំអស់ទាំងនោះ ហើយនិង រូបខ្ញុំមក។ ក្នុងព្រះបន្ទូលដ៏ស្រទន់ ព្រះអង្គមានបន្ទូល៖ «រូបកូនគឺស្រស់សោភាជាងភ្នំអស់ទាំងនេះទៅទៀត»។ រូបខ្ញុំពិតជាពិបាកឱបក្រសោបចំពោះគំនិត ដែលថាព្រះអាទិករដដែលតែមួយ ដែលបានបង្កើតទេសភាពយ៉ាងស្រស់ត្រកាល ក៏បានសូនឆ្នៃខ្ញុំមកនៅក្នុងផ្ទៃម្ដាយរបស់ខ្ញុំ ហើយបានផ្ដល់នូវរូបឆោមទ្រង់ទ្រាយទាំងប៉ុន្មាន ដែលខ្ញុំធ្លាប់រិះគន់ទៅវិញ។ តាំងពីគ្រានោះមក ខ្ញុំបានសម្រេចចិត្តថា ប្រសិនបើព្រះមានបន្ទូលថាខ្ញុំមានរូបឆោមស្រស់សោភា នោះខ្ញុំនឹងចាប់ផ្ដើមជឿទៅលើព្រះបន្ទូលនេះដែរ។
មានមនុស្សជាច្រើននាក់ គាត់បានគិតជាក់ក្នុងចិត្តគំនិត ថាខ្លួនពុំទាន់ល្អល្មមគ្រប់គ្រាន់នៅឡើយ។ មិនថាជាយើងចង់បានដល់កម្រិតណានោះទេ—ទាំងស្គម ទាំងសុខភាពល្អ ទាំងរឹងមាំ ទាំងឆ្លាតវៃ ទាំងកំប្លែង—យើងមិនដែលគិតថាវាល្មមគ្រប់គ្រាន់ឡើយ។ ជារឿងជាក់ស្ដែង យើងគ្រាន់តែប្រៀបធៀបខ្លួនឯង ទៅកាន់រូបខាងក្រៅដែលយើងអាចមើលឃើញ ហើយមានពេលខ្លះ អ្វីដែលយើងមើលឃើញថាដូចជាជីវិតដែលងាយស្រួល នោះតាមពិតទៅ ជារឿងឈឺចាប់ទៅវិញ។ យើងប្រហែលជាប្រៀបធៀបខ្លួនឯងទៅកាន់រូបឆោមអ្នកមានមាឌតូចជាងខ្លួន ដោយមិនដឹងថាអ្នកនោះកំពុងតែមានវិបត្តិនៃអាការៈបង្អត់អាហារខ្លួនឯង។ យើងប្រហែលជាគិតថាស្រ្តីម្នាក់ជាមិត្តរួមការងារ គាត់មានសព្វគ្រប់បែបយ៉ាង ប៉ុន្តែតាមពិតទៅ ចំណងអាពាហ៍ពិពាហ៍របស់គាត់កំពុងតែបាក់បែក។ យើងប្រហែលជាប្រាថ្នាចង់បានរូបភាពនៃជីវិតគ្រួសារដ៏ល្អឥតខ្ចោះដូចអ្នកដទៃ តែមិនបានយល់ដឹងពីទុក្ខសោកនិងការឈឺចាប់ទាំងឡាយដែលពួកគេមាន ដោយព្រោះរឿងធ្លាក់បាក់ទឹកចិត្តនានានោះទេ។ សេចក្ដីពិតនោះគឺថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។
យើងត្រូវតែបញ្ឈប់ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យឱ្យយើងមានលក្ខណៈដូចគ្នា នោះព្រះអង្គប្រហែលជាបង្កើតពុម្ពគំរូល្អឥតខ្ចោះមួយ សម្រាប់មនុស្សជាតិហើយ។ ជួសវិញ ព្រះអង្គបង្កើតយើងមកប្លែកពិសេស ផ្សេងៗពីគ្នា។ វាគឺជារឿងសំខាន់ណាស់ដែលយើងត្រូវយល់ដឹងឱ្យជាក់ច្បាស់ពីសេចក្ដីនេះ ដោយសារតែទស្សនៈដែលយើងសម្លឹងមើលឃើញពីខ្លួនឯង វានឹងកំណត់ពីការដែលយើងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផ្សេងទៀត។ វាប៉ះពាល់ទៅលើការសម្រេចចិត្តរបស់យើង។ វាដឹកនាំជីវិតរបស់យើង។ នៅពេលដែលយើងប្រៀបធៀបខ្លួនឯងទៅកាន់អ្នកដទៃ នោះយើងលះចោល និងទុកឱ្យក្ដីសុខសាន្ត អំណរ និងទំនុកចិត្តដែលព្រះជាម្ចាស់ប្រទានមកឱ្យយើង ទៅជាអសារបង់។ ទោះជាយ៉ាងនេះក្ដី នៅពេលដែលយើងដាក់ការគិតរបស់យើងឱ្យស្ដាប់បង្គាប់តាមព្រះគ្រីស្ទ និងតម្រឹមចិត្តគំនិតរបស់យើងជាមួយនឹងអ្វីៗដែលព្រះមានបន្ទូលស្របតាមព្រះគម្ពីរ នោះយើងនឹងស្វែងរកឃើញពីមាគ៌ារបស់ព្រះអង្គ សម្រាប់ជីវិតរបស់យើង។ ហើយជីវិតដែលព្រះអង្គសព្វព្រះទ័យសម្រាប់យើង វានឹងបានពេញលេញ ទៅជាបរិបូរណ៍ដែរ។
ជំហានសកម្មភាព៖
ប្រសិនបើអ្នកមិនធ្លាប់ប្រកាសថាខ្លួនគឺជាស្នាព្រះហស្ដនិងជាមនុស្សដ៏អស្ចារ្យដែលព្រះបានបង្កើតមកនោះទេ ចូរចាប់ផ្ដើមប្រកាសឥឡូវនេះ។ ប្រសិនបើអ្នកភ្លេចរស់នៅស្របតាមសេចក្ដីពិតនេះជាប្រចាំថ្ងៃ ចូរចាប់ផ្ដើមរស់នៅតាមសេចក្ដីពិតនេះសាជាថ្មី។ ចូរយករាល់គំនិតអវិជ្ជមានទាំងឡាយ ដែលថា "ខ្ញុំមិនទាន់គ្រប់គ្រាន់" "ខ្ញុំមិនល្អនៅឡើយ" "ខ្ញុំចង់បានរូបដូចអ្នកនេះ" ឬ "ខ្ញុំប្រាថ្នាចង់ឱ្យព្រះធ្វើឱ្យខ្ញុំដូចនេះ ដូចនោះ" ចូរយកគំនិតទាំងឡាយនេះទៅឃុំឃាំង ហើយពន្លត់វាចោលទៅ។ អ្នកគឺជាមនុស្សពិសេស ដែលជាសន្តនិករដ៏ស្រស់សោភា ដែលជាស្នាព្រះហស្ដ តាក់តែងឡើងយ៉ាងអស្ចារ្យដោយព្រះជាម្ចាស់។ ព្រះមិនចេះបង្កើតកំហុសឡើយ។ អ្នកបានបង្កើតមកក្នុងរូបអង្គរបស់ព្រះ។ អ្នកជាមនុស្សមានតម្លៃ ថ្លៃវិសេសវិសាល។ ចូរជ្រើសរើសជឿទៅលើសេចក្ដីពិតនេះ។
អំពីគម្រោងអាននេះ

ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។
More