ព័ត៌មានគម្រោងអាន

ក្ដីសង្ឃឹមដ៏រស់៖ វេលាត្រៀមរំឭកថ្ងៃព្រះមានព្រះជន្មរស់ឡើងវិញគំរូ

Living Hope: A Countdown to Easter

ថ្ងៃទី 1 ក្នុងចំណោម 3 ថ្ងៃ

«ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ»


ចូរអ្នកស្រមៃលមើល ប្រសិនបើអ្នកកំពុងតែសម្លឹងមើលព្រះយេស៊ូវ ជាប់ឆ្កាងនៅលើឈើឆ្កាងនោះ។ របៀបតែមួយគត់ដែលទ្រង់អាចដកដង្ហើមបាន គឺមានតែត្រូវប្រឹងរុញ រូបកាយទាំងមូលផ្ទាល់របស់ព្រះអង្គ ឡើងទៅលើ ទាំងមានដែកគោល ទម្លុះចូលទៅក្នុងប្រអប់កដៃ និងប្រអប់កជើងរបស់ព្រះអង្គ ផង។ 


ក្នុងខណៈពេលដែលថ្ងៃជិតផុតបាត់ទៅ ព្រះអង្គប្រឹងសន្សំកម្លាំងសេសសល់បន្តិចបន្តួច ដែលទ្រង់នៅមាន ដើម្បីព្យាយាមរុញរូបកាយរបស់ទ្រង់ឡើង ដើម្បីឱ្យទ្រង់អាចមានខ្យល់សម្រាប់ស្រែកស្ងួតឡើងថា៖ «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» 


ប្រសិនបើយើងពិតជាស្មោះទៀងត្រង់ចំពោះខ្លួនឯង យើងប្រាកដជាធ្លាប់មានគ្រាខ្លះ ដែលយើងធ្លាប់សួរទៅដល់ព្រះជាម្ចាស់ថា​៖ «តើព្រះកំពុងតែគង់នៅឯណានាពេលឥឡូវនេះ? តើហេតុអ្វីបានជាព្រះអង្គបោះបង់ ទូលបង្គំ ចោល ដូច្នេះ?» 


តើឱ្យយើងត្រូវឆ្លើយតបយ៉ាងដូចម្ដេច នៅពេលដែលយើងរកឃើញថាខ្លួនឯង កំពុងស្ថិតនៅក្នុងស្ថានភាពឯកា ខ្វល់ព្រួយ ឬដូចជាមានគេបោះបង់ចោលនោះ? 


ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងនៅលើឈើឆ្កាង តាមពិតទៅ បានដកស្រង់មកពី ទំនុកតម្កើង ជំពូកទី ២២—ដែលជាបន្ទូលទំនាយ និងជាសម្រែកទុក្ខសោក ថ្លែងដោយព្រះបាទ ដាវីឌ។ នៅក្នុងរបៀបយ៉ាងពិសេសជាច្រើន ទំនុកតម្កើងនេះ គឺថ្លែងប្រាប់អំពី ព្រះយេស៊ូវ ក៏ប៉ុន្តែ អត្ថបទនេះ ក៏ផ្ដល់ឱ្យយើងនូវជំហានសកម្មភាព ចំនួន ៣ ដែលយើងអាចធ្វើតាម នៅពេល ដែលយើងមានអារម្មណ៍ថានៅកំព្រាឯកា ផងដែរ៖ 


១. ចូរឱ្យយើងមានចិត្ដស្មោះទៀងត្រង់ជាមួយនឹងព្រះជាម្ចាស់ ចំពោះអារម្មណ៍ដែលអ្នកកំពុងតែមាន។


ទំនាក់ទំនង គឺចាប់ផ្ដើមនៅត្រង់ចំណុចភាពជាក់ស្ដែង មិនលាក់លៀម។ ដូច្នេះហើយ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថា ព្រះជាម្ចាស់បោះបង់រូបអ្នកចោល ចូរប្រាប់ទៅដល់ព្រះអង្គ យ៉ាងដូច្នោះទៅ។ ចូរសួរព្រះអង្គនូវសំណួរ ហើយត្រៀមដួងចិត្ដរបស់អ្នក ក្នុងការស្ដាប់ចម្លើយរបស់ព្រះអង្គ។ 


២. ថ្វាយទៅដល់ព្រះជាម្ចាស់ នូវសិរីរុងរឿង ទោះជាយ៉ាងណាក៏ដោយ។


អារម្មណ៍របស់យើង មិនបំផ្លាស់បំប្រែនូវសេចក្ដីពិត ដែលថា ព្រះជាម្ចាស់ ទ្រង់សក្ដិសមនឹងទទួលការថ្វាយបង្គំ នោះឡើយ។ ជាជាក់ស្ដែង ជារឿយៗ តាមរយៈការសរសើរ និងថ្វាយបង្គំព្រះអង្គនោះហើយ ដែលយើងស្វែងរកឃើញថា យើងទទួលបានថ្នាំបន្សាប ចំពោះភាពខ្វល់ព្រួយទាំងប៉ុន្មានរបស់យើង។ នៅពេលដែលយើងសម្លឹងមើល ថាព្រះជាម្ចាស់ ទ្រង់ជានរណា នោះទស្សនៈយល់ឃើញរបស់យើងបានផ្លាស់ប្រែ—ទោះបីជាស្ថានភាពរបស់យើងមិនបានផ្លាស់ប្រែក៏ដោយ។


៣. ចូររំឭកព្រះជាម្ចាស់ ទៅតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។


នៅក្នុងទំនុកតម្កើងជំពូកទី ២២ ទាំងមូល ព្រះបាទដាវីឌ ប្រាប់ទៅដល់ព្រះជាម្ចាស់ត្រង់ៗថា៖ «ទូលបង្គំដឹងច្បាស់ថាព្រះអង្គជានរណា។ ហើយដោយសារតែព្រះអង្គតែងតែ ស្មោះត្រង់ចំពោះអត្តចរិតរបស់ទ្រង់ សូមព្រះអង្គបានរំដោះទូលបង្គំ ដូចដែលព្រះអង្គបានរំដោះប្រជាជាតិរបស់ទ្រង់ កាលពីគ្រាកន្លង មុនទូលបង្គំផង»។ ការរំឭកព្រះជាម្ចាស់ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ មិនមែនគ្រាន់តែជាសកម្មភាពមួយនៃជំនឿប៉ុណ្ណោះនោះទេ ប៉ុន្តែការនេះក៏ជួយដល់យើង ឱ្យយើងចងចាំអំពីភាពស្មោះត្រង់ ដែលជាអត្តចរិតរបស់ព្រះជាម្ចាស់ នោះដែរ។ 


ជាចុងក្រោយបំផុត ភាពស្មោះត្រង់របស់ព្រះជាម្ចាស់នេះ បានបើកសម្ដែងឱ្យឃើញ ដោយផ្ទាល់ នៅក្នុងអង្គព្រះយេស៊ូវ នៅពេលដែលព្រះអង្គត្រូវបានគេឆ្កាង។ ព្រះយេស៊ូវស្ម័គ្រចិត្ដរងទុក្ខតែឯកឯង នៅលើឈើឆ្កាង ដើម្បីឱ្យយើងអាចទទួលបានបទពិសោធន៍នៃការរួមប្រកប ជាដៃគូ រួមជាមួយនឹងព្រះជាម្ចាស់។ ព្រះយេស៊ូវ គឺជាការបំពេញនៃព្រះបន្ទូលសន្យា របស់ពាក្យទំនាយ ដែលមានចែងនៅក្នុង ទំនុកតម្កើង ជំពូកទី ២២ នេះ។ ហើយដោយសារតែព្រះអង្គទ្រាំតស៊ូ ការឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់នេះ យើងរាល់គ្នា មិនចាំបាច់ត្រូវទ្រាំ និងឃ្លាតចេញឆ្ងាយពីព្រះ នោះដែរ។ 


ចូរអធិស្ឋាន៖ ព្រះយេស៊ូវអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ សម្រាប់ការដែលទ្រង់សង្រ្គោះទូលបង្គំ ចេញពីការឃ្លាតឆ្ងាយពីព្រះអង្គអស់កល្បជានិច្ចនោះ។ ដោយសារតែព្រះអង្គបានស៊ូទ្រាំការឃ្លាតឆ្ងាយពីព្រះបិតា នោះទូលបង្គំមិនចាំបាច់ត្រូវស៊ូរងសេចក្ដីនេះឡើយ។ នៅថ្ងៃនេះ សូមព្រះអង្គជួយទូលបង្គំ ឱ្យចេះនៅស្ងៀម ហើយជញ្ជឺងគិត ទៅលើតម្លៃដ៏មហាសាលនៃថ្លៃយញ្ញបូជារបស់ព្រះអង្គ ហើយសូមឱ្យទូលបង្គំបានចេះថ្វាយសិរីរុងរឿង ដែលព្រះអង្គពិតជាសក្ដិសមទទួលផង។ មិនថាជាទូលបង្គំកំពុងមានអារម្មណ៍យ៉ាងណាក៏ដោយ ព្រះអង្គពិតនៅតែសក្ដិសមទទួលការសរសើរ និងថ្វាយបង្គំ ពីទូលបង្គំជានិច្ច។ ដូច្នេះហើយនៅថ្ងៃនេះ ទូលបង្គំជ្រើសរើសថ្វាយបង្គំព្រះអង្គ។ ទូលបង្គំអធិស្ឋានដោយនៅក្នុងព្រះនាមព្រះយេស៊ូវ។ អាមែន។


ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Living Hope: A Countdown to Easter

នៅពេលភាពងងឹតព័ទ្ធរឹតជុំជិតរូបអ្នក តើអ្នកត្រូវឆ្លើយតបយ៉ាងដូចម្ដេច? សម្រាប់រយៈពេលប៉ុន្មានជា ៣ ថ្ងៃខាងមុខនេះ ចូរអ្នកជ្រមុជចូលទៅក្នុងរឿងនៃបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ) ហើយស្វែងយល់ពីរបៀបដែលអ្នកអាចបន្តតោង...

More

អត្ថបទដើមនៃគម្រោងអាននេះ ត្រូវបានបង្កើតឡើង និងផ្តល់ជូន ដោយ YouVersion ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ