សាការី 7:3-7

សាការី 7:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​សួរ​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ និង​សួរ​ពួក​ហោរា​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​យំ ហើយ​តម​អាហារ​នៅ​ខែ​ទី​ប្រាំ ដូច​ជា​យើង​ធ្លាប់​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ឬ?» ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ ចូរ​ប្រាប់​ប្រជាជន​នៅ​ក្នុង​ស្រុក និង​ពួក​សង្ឃ​ថា ពេល​ណា​ឯង​រាល់​គ្នា​បាន​តមអាហារ ហើយ​យំ​សោក​នៅ​ខែទី​ប្រាំ និង​ខែ​ទីប្រាំពីរ គ្រប់​ទាំង​ចិត​សិប​ឆ្នាំ​មក​នេះ តើ​បាន​តម​អាហារ​ដោយ​គោរព​ដល់យើង​មែន​ឬ? ហើយ​កាល​ណា​ឯង​រាល់​គ្នា​បរិភោគអាហារ ឬ​ផឹក តើ​មិន​មែនបរិភោគ និង​ផឹក​ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ? តើ​នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ តាម​រយៈ​ពួក​ហោរា នៅ​ពេល​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខដុម នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ទី​ក្រុង​នៅ​ជុំ‌វិញ តំបន់​ណេកិប និង​ស្រុក​ទំនាបទេ​ឬ?

ចែក​រំលែក
អាន សាការី 7

សាការី 7:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​សួរ​ពួក​បូជា‌ចារ្យ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ពួក​បូជា‌ចារ្យ​ថា: តាំង​ពី​ចិត‌សិប​ឆ្នាំ​កន្លង​មក​នេះ ពេល​អ្នក​រាល់​គ្នា​តម​អាហារ និង​កាន់​ទុក្ខ នៅ​ខែ​ទី​ប្រាំ និង​ខែ​ទី​ប្រាំ‌ពីរ​នោះ តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ ដើម្បី​ផ្គាប់​ចិត្ត​យើង​មែន​ឬ? ពេល​អ្នក​រាល់​គ្នា​បរិភោគ​អាហារ ពេល​អ្នក​រាល់​គ្នា​សេព​សុរា​នោះ គឺ​ដើម្បី​ផ្គាប់​ចិត្ត​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ពី​ដើម កាល​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ព្យាការី​ជំនាន់​ដើម​ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ»។

ចែក​រំលែក
អាន សាការី 7

សាការី 7:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​នឹង​សួរ​ដល់​ពួក​សង្ឃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​ដល់​ពួក​ហោរា​ថា តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យំ​នៅ​ខែ​ស្រាពណ៍ ទាំង​ញែក​ខ្លួន​ចេញ ដូច​ជា​បាន​ធ្វើ​មក​ជា​យូរ​ឆ្នាំ​ហើយ​ឬ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា ចូរ​ប្រាប់​ដល់​បណ្តាជន​នៅ​ក្នុង​ស្រុក នឹង​ពួក​សង្ឃ​ថា កាល​ឯង​រាល់​គ្នា​បាន​តម​អត់ ហើយ​យំ​សោក នៅ​ខែ​ស្រាពណ៍ នឹង​ខែ​អស្សុជ ទាំង​៧០​ឆ្នាំ​មក​ហើយ​នេះ នោះ​តើ​បាន​តម​អត់​ដោយ​គោរព​ដល់​អញ​ឬ គឺ​ដល់​អញ​មែន​ឬ​អី ហើយ​កាល​ណា​ឯង​រាល់​គ្នា​ស៊ី ឬ​កាល​ណា​ផឹក នោះ​តើ​មិន​មែន​ស៊ី នឹង​ផឹក ជា​ប្រយោជន៍​ដល់​ខ្លួន​ទេ​ឬ តើ​មិន​មែន​ជា​សេចក្ដី​នោះ​ឯង​ទេ​ឬ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រកាស​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ជាន់​មុន ក្នុង​កាល​ដែល​ក្រុង​យេរូ‌សាឡិម​មាន​មនុស្ស​អាស្រ័យ​នៅៗ​ឡើយ ហើយ​មាន​សេចក្ដី​ចំរើន ព្រម​ទាំង​ទី​ក្រុង​នៅ​ជុំវិញ​ផង ហើយ​ស្រុក​ត្បូង នឹង​ស្រុក​ទំនាប​ក៏​មាន​មនុស្ស​អាស្រ័យ​នៅ​ដែរ។

ចែក​រំលែក
អាន សាការី 7