បទចម្រៀង 8:8-14

បទចម្រៀង 8:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ យើង​មាន​ប្អូន​ស្រី​ម្នាក់ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង? បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ ប្រសិន‌បើ​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើតា‌ត្រៅ​ឲ្យ​នាង។ ខ្ញុំ​ជា​កំផែង​មួយ ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់ ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។ ស្តេច​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​អ្នក​ដទៃ​ធ្វើ ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ដួង មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ។ ចម្ការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ​ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​មួយ​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចម្ការ​នឹង​បាន​ពីរ​រយ​ដែរ។ ៙ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ សម្លាញ់​របស់​ខ្ញុំ​កំពុង​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​យើង​បាន​ឮ​ផង។ ៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ចែក​រំលែក
អាន បទចម្រៀង 8

បទចម្រៀង 8:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់ តែ​នាង​មិន​ទាន់​ពេញ​រូប​រាង​ទេ នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការពារ​នាង ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ មក​បាំង​នាង។ ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។ ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយជូរ​មួយ នៅ​បាល‌ហាម៉ូន ស្ដេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែរក្សា មើល​ខុស​ត្រូវ។ ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្ដេច។ បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ តែ​ទុក​ពីរ​រយ​ស្លឹង​ឲ្យ​អ្នក​ថែរក្សា​ចម្ការ។ រីឯ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្ញុំ ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។ អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។ ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង! សម្លាញ់​ចិត្ត​អូន​អើយ សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ! សូម​រត់​យ៉ាង​លឿន​ដូច​ក្ដាន់ និង​ប្រើស​ស្ទាវ រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ​គន្ធ‌ពិដោរ។

ចែក​រំលែក
អាន បទចម្រៀង 8

បទចម្រៀង 8:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។ ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ បើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ តាត្រៅ​ឲ្យ​នាង។ ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយ តាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែល បណ្តាល​ឲ្យ​មាន​សេចក្ដី​សុខ ស្តេច​សាឡូម៉ូន​ទ្រង់​មាន​ចំការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ហាម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើ ដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់ ១​ពាន់​ដួង​មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចំការ​នោះ ឯ​ចំការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចំការ​នឹង​បាន​ដល់​២​រយ​ដែរ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ ពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​អញ​បាន​ឮ​ផង។ ៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើសឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ចែក​រំលែក
អាន បទចម្រៀង 8