រ៉ូម 8:9-16,26-28
រ៉ូម 8:9-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ដោយព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា អ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងព្រះវិញ្ញាណវិញ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយត្រូវស្លាប់ ព្រោះតែបាបក៏ដោយ តែព្រះវិញ្ញាណនាំឲ្យមានជីវិត ព្រោះតែសេចក្តីសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។ ដូច្នេះ បងប្អូនអើយ យើងជំពាក់ តែមិនមែនជំពាក់ចំពោះសាច់ឈាម ដើម្បីរស់តាមសាច់ឈាមនោះទេ ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា! គឺព្រះវិញ្ញាណទ្រង់ផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
រ៉ូម 8:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះវិញ្ញាណក៏ជួយដល់ភាពទន់ខ្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្តេចទេ តែព្រះវិញ្ញាណផ្ទាល់ ទ្រង់ទូលអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបាន។ ឯព្រះអង្គដែលឈ្វេងយល់ចិត្ត ទ្រង់ជ្រាបពីគំនិតរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យពួកបរិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះ។ យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
រ៉ូម 8:9-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនស្ថិតក្នុងនិស្ស័យលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រិស្តគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឲ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឲ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រិស្តឲ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ ហេតុនេះ បងប្អូនអើយ យើងមានជំពាក់ម្យ៉ាង តែមិនមែនជំពាក់នឹងនិស្ស័យលោកីយ៍ ដើម្បីរស់តាមនិស្ស័យលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមនិស្ស័យលោកីយ៍ បងប្អូនមុខតែមានជីវិត ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឲ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់ព្រះជាម្ចាស់មែន។
រ៉ូម 8:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យ៉ាងណាមិញ ព្រះវិញ្ញាណក៏យាងមកជួយយើងដែលទន់ខ្សោយនេះដែរ ដ្បិតយើងពុំដឹងអធិស្ឋាន*ដូចម្ដេច ដើម្បីឲ្យសមនោះឡើយ តែព្រះវិញ្ញាណផ្ទាល់ទ្រង់ទូលអង្វរឲ្យយើង ដោយព្រះសូរសៀងដែលគ្មាននរណាអាចថ្លែងបាន។ រីឯព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តមនុស្ស ព្រះអង្គជ្រាបព្រះបំណងរបស់ព្រះវិញ្ញាណ ព្រោះព្រះវិញ្ញាណទូលអង្វរឲ្យប្រជាជនដ៏វិសុទ្ធ ស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ព្រះជាម្ចាស់បានទទួលផលល្អ គឺអ្នកដែលព្រះអង្គបានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ព្រះអង្គ
រ៉ូម 8:9-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា នោះរូបសាច់បានស្លាប់ ដោយព្រោះអំពើបាបមែន តែវិញ្ញាណមានជីវិតវិញ ដោយព្រោះសេចក្ដីសុចរិត មួយទៀត បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា។ ដូច្នេះ បងប្អូនអើយ យើងមានសេចក្ដីជាប់ជំពាក់ មិនមែនជំពាក់ចំពោះសាច់ឈាម ឲ្យបានរស់តាមសាច់ឈាមនោះទេ ដ្បិតបើសិនជាអ្នករាល់គ្នារស់តាមសាច់ឈាម នោះនឹងត្រូវស្លាប់ទៅ តែបើសំឡាប់អំពើរបស់រូបសាច់ចេញ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នានឹងបានរស់វិញ ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបំរើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱអ័ប្បា ព្រះវរបិតាអើយ ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ
រ៉ូម 8:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកំសោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង ដោយដំងូរដែលរកថ្លែងពុំបានវិញ ប៉ុន្តែ ព្រះអង្គដែលស្ទង់ចិត្ត ទ្រង់ជ្រាបនូវគំនិតនៃព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណជួយអង្វរជួសពួកបរិសុទ្ធ ឲ្យត្រូវនឹងព្រះហឫទ័យព្រះ តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្ដីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់