រ៉ូម 8:9-16, 26-28

រ៉ូម 8:9-16 គខប

ចំពោះ​បងប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន បងប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ទោះ​បី​រូប​កាយ​របស់​បងប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បងប្អូន​ដែរ មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រោស​បងប្អូន​ឲ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បងប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បងប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បងប្អូន​នោះ​ដែរ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។ ប្រសិន​បើ​បងប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​មុខ​តែ​មាន​ជីវិត ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា! គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។

រ៉ូម 8:26-28 គខប

យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ

វីដេអូសម្រាប់ រ៉ូម 8:9-16,26-28