រ៉ូម 8:9-16, 26-28

រ៉ូម 8:9-16 គកស១៦

ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។ ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

អាន រ៉ូម 8

រ៉ូម 8:26-28 គកស១៦

ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

អាន រ៉ូម 8

វីដេអូសម្រាប់ រ៉ូម 8:9-16,26-28