ទំនុកតម្កើង 47:1-9
ទំនុកតម្កើង 47:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង! ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត ព្រះអង្គគួរស្ញែងខ្លាច ជាព្រះមហាក្សត្រដ៏ធំនៅលើផែនដីទាំងមូល។ ព្រះអង្គបង្ក្រាបជាតិសាសន៍ទាំងឡាយ ឲ្យស្ថិតនៅក្រោមអំណាចយើង ហើយនគរនានា នៅក្រោមជើងយើង។ ព្រះអង្គបានជ្រើសរើសមត៌កឲ្យយើង គឺជាទីមោទនភាពរបស់លោកយ៉ាកុប ជាអ្នកដែលព្រះអង្គស្រឡាញ់។ –បង្អង់ ៙ ព្រះបានយាងឡើង ដោយសំឡេងអបអរ គឺព្រះយេហូវ៉ាយាងទៅ ដោយសំឡេងត្រែ។ ចូរច្រៀងសរសើរតម្កើងព្រះ ចូរច្រៀងសរសើរ! ចូរច្រៀងសរសើរតម្កើងព្រះមហាក្សត្រនៃយើង ចូរច្រៀងសរសើរ! ដ្បិតព្រះជាព្រះមហាក្សត្រ លើផែនដីទាំងមូល ចូរច្រៀងសរសើរដោយទំនុកតម្កើង ! ៙ ព្រះគ្រប់គ្រងលើជាតិសាសន៍នានា ព្រះគង់លើបល្ល័ង្កដ៏បរិសុទ្ធរបស់ព្រះអង្គ។ ពួកអ្នកធំនៃប្រជាជនទាំងឡាយបានជួបជុំគ្នា រួមជាមួយប្រជារាស្ត្រនៃព្រះ របស់លោកអ័ប្រាហាំ ដ្បិតខែលទាំងប៉ុន្មាននៅលើផែនដី ជារបស់ព្រះ ព្រះអង្គបានថ្កើងឡើងយ៉ាងខ្ពង់ខ្ពស់។
ទំនុកតម្កើង 47:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ! ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។ ព្រះអង្គបានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុប ដែលព្រះអង្គស្រឡាញ់។ - សម្រាក ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះជាម្ចាស់! ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះមហាក្សត្រនៃយើង! ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រ នៃផែនដីទាំងមូល ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។ ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ*។ អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។
ទំនុកតម្កើង 47:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាល ជនទាំងឡាយអើយ ចូរទះដៃទាំងអស់គ្នាចុះ ចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាច ទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំ ព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំ គឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់។ –បង្អង់ ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោ គឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះ ចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំ ចូរច្រៀងសរសើរចុះ ដ្បិតព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូល ចូរច្រៀងសរសើរយ៉ាងពីរោះចុះ។ ៙ ព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសាសន៍ ព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់ ពួកអស់អ្នកធំនៃសាសន៍ទាំងឡាយបានប្រជុំគ្នា មកឯរាស្ត្ររបស់ព្រះនៃអ័ប្រាហាំ ដ្បិតអស់ទាំងខែលនៅផែនដីជារបស់ផងព្រះ ទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែង។