ទំនុកតម្កើង 47:1-9

ប្រជាជនទាំងឡាយអើយ ចូរទះដៃអបអរសាទរ! ចូរច្រៀងតម្កើងព្រះជាម្ចាស់ ដោយសប្បាយរីករាយ! ដ្បិតព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់ស្ញែងក្រៃលែង ព្រះអង្គជាព្រះមហាក្សត្រដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។ ព្រះអង្គបានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃលែង គឺយើងជាពូជពង្សលោកយ៉ាកុប ដែលព្រះអង្គស្រឡាញ់។ - សម្រាក ព្រះជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរសាទរយ៉ាងខ្ញៀវខ្ញារ ព្រះអម្ចាស់យាងទៅមុខ អមដោយសំឡេងត្រែ។ ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះជាម្ចាស់! ចូរនាំគ្នាស្មូត្រទំនុកតម្កើង ថ្វាយព្រះមហាក្សត្រនៃយើង! ដ្បិតព្រះជាម្ចាស់ជាព្រះមហាក្សត្រ នៃផែនដីទាំងមូល ចូរនាំគ្នាស្មូត្រកំណាព្យថ្វាយព្រះអង្គទៅ!។ ព្រះជាម្ចាស់គ្រងរាជ្យលើប្រជាជាតិនានា ព្រះអង្គគង់នៅលើបល្ល័ង្កដ៏វិសុទ្ធ*។ អ្នកដឹកនាំរបស់ប្រជាជាតិនានា មកជួបជុំគ្នា ជាមួយប្រជាជននៃព្រះរបស់លោកអប្រាហាំ ដ្បិតអ្នកដឹកនាំផែនដីទាំងមូល ស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ ព្រះអង្គជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់!។
ទំនុកតម្កើង 47:1-9