ទំនុកតម្កើង 47:1-9

ទំនុកតម្កើង 47:1-9 គកស១៦

ម្នាល​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ទះ​ដៃ​អប​អរ​សាទរ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ​ដោយ​អំណរ​ឡើង! ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​នៅ​លើ​ផែនដី​ទាំង​មូល។ ព្រះ‌អង្គ​បង្ក្រាប​ជាតិ​សាសន៍ទាំង​ឡាយ ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​យើង ហើយ​នគរ​នានា នៅ​ក្រោម​ជើង​យើង។ ព្រះ‌អង្គ​បានជ្រើស​រើស​មត៌ក​ឲ្យ​យើង គឺ​ជា​ទី​មោទនភាព​របស់​លោក​យ៉ាកុប ជា​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់។ –បង្អង់ ៙ ព្រះ​បាន​យាង​ឡើង ដោយ​សំឡេង​អប​អរ គឺ​ព្រះ‌យេហូវ៉ា​យាង​ទៅ ដោយ​សំឡេង​ត្រែ។ ចូរ​ច្រៀង​សរសើរ​តម្កើង​ព្រះ ចូរ​ច្រៀង​សរសើរ! ចូរ​ច្រៀង​សរសើរ​តម្កើងព្រះ​មហា‌ក្សត្រ​នៃ​យើង ចូរ​ច្រៀង​សរសើរ! ដ្បិត​ព្រះ​ជា​ព្រះ​មហា‌ក្សត្រ លើ​ផែនដី​ទាំង​មូល ចូរ​ច្រៀង​សរសើរ​ដោយ​ទំនុក​តម្កើង ! ៙ ព្រះ​គ្រប់‌គ្រង​លើ​ជាតិ​សាសន៍​នានា ព្រះ​គង់​លើ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។ ពួក​អ្នក​ធំ​នៃ​ប្រជាជន​ទាំង‌ឡាយ​បាន​ជួប​ជុំ​គ្នា រួម​ជាមួយ​ប្រជា‌រាស្ត្រនៃ​ព្រះ របស់​លោក​អ័ប្រា‌ហាំ ដ្បិត​ខែល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ជា​របស់​ព្រះ ព្រះ‌អង្គ​បាន​ថ្កើង​ឡើង​យ៉ាង​ខ្ពង់​ខ្ពស់។