ទំនុកតម្កើង 2:1-12
ទំនុកតម្កើង 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុអ្វីបានសាសន៍ទាំងឡាយជ្រួលជ្រើម ហើយប្រជាជនមានគំនិតធ្វើអ្វី ដែលឥតប្រយោជន៍ដូច្នេះ? ពួកស្ដេចនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងអ្នកដែលព្រះអង្គ បានចាក់ប្រេងតាំង ដោយពោលថា៖ «ចូរយើងផ្តាច់ចំណង និងបោះខ្សែចង របស់ព្រះអង្គចេញពីយើង»។ ឯព្រះដែលគង់នៅស្ថានសួគ៌ ព្រះអង្គអស់សំណើច ព្រះអម្ចាស់ចំអកឲ្យពួកគេ។ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយបំភ័យគេដោយសេចក្ដីឃោរឃៅថា៖ «យើងបានតាំងស្តេចរបស់យើងឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់យើង»។ ៙ ខ្ញុំនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ា មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ ។ ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។ អ្នកនឹងបំបាក់គេដោយដំបងដែក ហើយបោកកម្ទេចគេ ដូចជាភាជនៈរបស់ជាងស្មូន»។ ដូច្នេះ ឱស្ដេចទាំងឡាយអើយ ចូរមានប្រាជ្ញាឡើង! ឱពួកគ្រប់គ្រងនៅលើផែនដីអើយ ចូរទទួលដំបូន្មានចុះ! ចូរបម្រើព្រះយេហូវ៉ា ដោយកោតខ្លាច ហើយអរសប្បាយ ទាំងញ័ររន្ធត់ ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។
ទំនុកតម្កើង 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុអ្វីបានជាប្រជាជាតិទាំងឡាយ នាំគ្នាបង្កើតកោលាហល ហើយប្រជារាស្ត្រនានារអ៊ូរទាំ ដោយឥតខ្លឹមសារយ៉ាងនេះ? ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖ «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះអង្គ ហើយគ្រវែងច្រវាក់របស់ព្រះអង្គចេញទៅ!»។ ប៉ុន្តែ ព្រះអម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរមសុខ ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលថា៖ «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។ ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ។ បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។ ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយព្រះអង្គកម្ទេចគេ ដូចជាងស្មូនកម្ទេចភាជន៍» ឥឡូវនេះ ស្ដេចទាំងឡាយអើយ ចូររិះគិតពិចារណាឡើង! អ្នកគ្រប់គ្រងទាំងឡាយនៅលើផែនដីអើយ ចូរទទួលយកសេចក្ដីអប់រំទៅ! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ ចូរក្រាបថ្វាយបង្គំព្រះរាជបុត្រ ក្រែងព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតព្រះពិរោធរបស់ព្រះអង្គ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ទំនុកតម្កើង 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា អញបានតាំងស្តេចរបស់អញឡើងហើយ គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។ ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន បន្ទូលនឹងអញថា ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្តិ៍អាកររបស់ឯង ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ ចូរទទួលសេចក្ដីផ្ចាលចុះ ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់ ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីខ្ញាល់របស់ទ្រង់នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។