ទំនុកតម្កើង 2

2
ព្រះ‌បន្ទូល​សន្យា​ដល់​អ្នក​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង
1ហេតុ​អ្វី​បានសាសន៍​ទាំង​ឡាយ​ជ្រួល‌ជ្រើម
ហើយ​ប្រជាជន​មាន​គំនិត​ធ្វើ​អ្វី
ដែល​ឥត​ប្រយោជន៍​ដូច្នេះ?
2ពួក​ស្ដេច​នៅ​ផែនដី​លើក​គ្នា​ឡើង
ពួក​គ្រប់​គ្រង​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា
ហើយ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌អង្គ
បានចាក់​ប្រេង​តាំង ដោយ​ពោល​ថា៖
3«ចូរ​យើង​ផ្តាច់​ចំណង និង​បោះ​ខ្សែ​ចង
របស់​ព្រះ‌អង្គ​ចេញ​ពី​យើង»។
4ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​អស់​សំណើច
ព្រះ‌អម្ចាស់​ចំអក​ឲ្យ​ពួក‌គេ។
5បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅពួក‌គេ
ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
ហើយ​បំភ័យ​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​ថា៖
6«យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ
គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។
7៙ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ
គឺ​ព្រះ‌យេហូវ៉ា
មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖
«អ្នក​ជា​កូន​របស់​យើង
យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ ។
8ចូរ​សូម​ពី​យើង
នោះ​យើង​នឹង​ឲ្យសាសន៍​ទាំង‌ឡាយ
ទៅ​អ្នក​ទុក​ជា​មត៌ក
និង​ចុង​ផែនដីទាំង​មូល
ទុក​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។
9អ្នក​នឹង​បំបាក់​គេ​ដោយ​ដំបង​ដែក
ហើយ​បោក​កម្ទេច​គេ
ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។
10ដូច្នេះ ឱ​ស្ដេច​ទាំង​ឡាយ​អើយ
ចូរមាន​ប្រាជ្ញា​ឡើង!
ឱ​ពួក​គ្រប់​គ្រង​នៅលើ​ផែនដី​អើយ
ចូរ​ទទួល​ដំ‌បូន្មាន​ចុះ!
11ចូរ​បម្រើ​ព្រះ‌យេហូវ៉ា ដោយ​កោត​ខ្លាច
ហើយ​អរ​សប្បាយ ទាំង​ញ័រ​រន្ធត់
12ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង
ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ
ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ
នឹង​ឆួល​ឡើង
មាន​ពរ​ហើយ
អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ