ទំនុកតម្កើង 119:129-160
ទំនុកតម្កើង 119:129-160 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ សេចក្ដីបន្ទាល់របស់ព្រះអង្គសុទ្ធតែអស្ចារ្យ ហេតុនេះហើយបានជាព្រលឹងទូលបង្គំ ប្រតិបត្តិតាម។ ការបើកសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ ប្រទានឲ្យមានពន្លឺ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់។ ទូលបង្គំហាមាត់ ដកដង្ហើមធំ ព្រោះទូលបង្គំចង់បានបទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមព្រះអង្គផង។ សូមរក្សាជំហានទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយសូមកុំឲ្យអំពើទុច្ចរិតមានអំណាច លើទូលបង្គំឡើយ។ សូមលោះទូលបង្គំឲ្យរួចពី ការសង្កត់សង្កិនរបស់មនុស្ស ដើម្បីឲ្យទូលបង្គំបានប្រតិបត្តិតាម ព្រះឱវាទរបស់ព្រះអង្គ។ សូមឲ្យព្រះភក្ត្រព្រះអង្គ ភ្លឺមកលើអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គផង។ ទឹកភ្នែកទូលបង្គំហូររហាម ព្រោះគេមិនប្រតិបត្តិតាម ក្រឹត្យវិន័យរបស់ព្រះអង្គ។ ៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសុចរិត ហើយវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ។ ព្រះអង្គបានតាំងសេចក្ដីបន្ទាល់របស់ព្រះអង្គ ដោយសេចក្ដីសុចរិត និងដោយសេចក្ដីស្មោះត្រង់ទាំងអស់។ ទូលបង្គំមានចិត្តឈឺឆ្អាលជាខ្លាំង ព្រោះបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ បានសម្រិតសម្រាំងយ៉ាងល្អ ហើយអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយ ប៉ុន្តែ ទូលបង្គំមិនភ្លេចព្រះឱវាទ របស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។ សេចក្ដីបន្ទាល់របស់ព្រះអង្គ សុចរិតអស់កល្បជានិច្ច សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំស្រែករកព្រះអង្គយ៉ាងអស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ។ ទូលបង្គំអំពាវនាវរកព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានកាន់តាម សេចក្ដីបន្ទាល់របស់ព្រះអង្គ។ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ សូមស្តាប់សំឡេងទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមសេចក្ដីយុត្តិធម៌របស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ ព្រះអង្គគង់នៅជិត ហើយបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតត្រង់។ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានតាំងសេចក្ដីទាំងនោះមក ឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលទុក្ខព្រួយរបស់ទូលបង្គំ ហើយរំដោះទូលបង្គំផង ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យ របស់ព្រះអង្គទេ។ សូមការពាររឿងក្ដីរបស់ទូលបង្គំ ហើយលោះទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ការសង្គ្រោះស្ថិតនៅឆ្ងាយពីមនុស្សអាក្រក់ ដ្បិតគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះយេហូវ៉ាអើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គធំវិសេសណាស់ សូមប្រទានឲ្យទូលបង្គំមានជីវិត តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលបៀតបៀន ហើយបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើន ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។ ទូលបង្គំមើលទៅមនុស្សក្បត់ដោយស្អប់ខ្ពើម ព្រោះគេមិនប្រតិបត្តិតាម ព្រះបន្ទូលរបស់ព្រះអង្គទេ។ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ បូករួមអស់ទាំងព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយគ្រប់ទាំងវិន័យដ៏សុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។
ទំនុកតម្កើង 119:129-160 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដំបូន្មានរបស់ព្រះអង្គល្អវិសេសណាស់ ហេតុនេះហើយបានជាទូលបង្គំខំប្រឹងធ្វើតាម។ ការស្វែងយល់ព្រះបន្ទូលរបស់ព្រះអង្គ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។ ទូលបង្គំត្រងត្រាប់ស្ដាប់ព្រះបន្ទូល របស់ព្រះអង្គដោយយកចិត្តទុកដាក់ ដ្បិតទូលបង្គំចង់ស្គាល់បទបញ្ជា របស់ព្រះអង្គណាស់។ សូមបែរព្រះភ័ក្ត្រទតមកទូលបង្គំ សូមប្រណីសន្ដោសទូលបង្គំ ដូចព្រះអង្គធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។ សូមពង្រឹងទូលបង្គំឲ្យបានមាំមួន តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ហើយកុំបណ្តោយឲ្យទូលបង្គំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ សូមរំដោះទូលបង្គំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមព្រះឱវាទរបស់ព្រះអង្គ។ សូមសម្តែងព្រះហឫទ័យអាណិតមេត្តា ដល់ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ហើយសូមបង្រៀនទូលបង្គំឲ្យស្គាល់ ច្បាប់របស់ព្រះអង្គផង!។ ទូលបង្គំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គសុចរិត វិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ! ព្រះអង្គប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ ទូលបង្គំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ទូលបង្គំ បំភ្លេចព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលសន្យារបស់ព្រះអង្គ សម្រេចជាក់ស្តែងហើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ស្រឡាញ់ព្រះបន្ទូលនេះណាស់។ ទូលបង្គំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែទូលបង្គំមិនភ្លេចព្រះឱវាទរបស់ព្រះអង្គឡើយ។ សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។ ទូលបង្គំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ព្រះអង្គ ធ្វើឲ្យទូលបង្គំមានអំណរ។ ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត! ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វរព្រះអង្គយ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកទូលបង្គំផង ដើម្បីឲ្យទូលបង្គំ ប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ! ទូលបង្គំអង្វរព្រះអង្គ សូមសង្គ្រោះទូលបង្គំផង ដើម្បីឲ្យទូលបង្គំប្រព្រឹត្តតាមដំបូន្មាន របស់ព្រះអង្គ! ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។ សូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ដោយព្រះហឫទ័យមេត្តាករុណា ឱព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យរស់នៅ តាមវិន័យរបស់ព្រះអង្គ។ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ ព្រះអង្គនៅជិតទូលបង្គំ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ តាំងពីយូរយារណាស់មកហើយ ទូលបង្គំបានដឹងថា ព្រះអង្គប្រទានដំបូន្មានរបស់ព្រះអង្គមក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយរំដោះទូលបង្គំឲ្យមានសេរីភាពផង សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ! មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកច្បាប់របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ ព្រះអង្គតែងតែមានព្រះហឫទ័យអាណិតមេត្តាជានិច្ច សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ តាមវិន័យដែលព្រះអង្គបានបង្គាប់មក។ អស់អ្នកដែលបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានគ្នាច្រើនណាស់ តែទូលបង្គំមិនងាកចេញពីដំបូន្មាន របស់ព្រះអង្គឡើយ។ ពេលទូលបង្គំឃើញមនុស្សក្បត់ ទូលបង្គំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមព្រះបន្ទូល របស់ព្រះអង្គទេ។ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ គោលការណ៍នៃព្រះបន្ទូលរបស់ព្រះអង្គ ជាសេចក្ដីពិត ហើយវិន័យទាំងប៉ុន្មានដែលព្រះអង្គសម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។
ទំនុកតម្កើង 119:129-160 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ សេចក្ដីបន្ទាល់របស់ទ្រង់សុទ្ធតែអស្ចារ្យ ហេតុនោះបានជាព្រលឹងនៃទូលបង្គំគោរពកាន់តាម ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោតល្ងង់មានយោបល់ ទូលបង្គំបានហាមាត់ដកដង្ហើមធំ ដោយនឹករឭកដល់សេចក្ដីបង្គាប់របស់ទ្រង់ សូមទ្រង់បែរមកមានសេចក្ដីអាណិតមេត្តា ដល់ទូលបង្គំ ដូចជាទ្រង់តែងធ្លាប់ធ្វើដល់អស់អ្នក ដែលស្រឡាញ់ព្រះនាមទ្រង់ សូមតាំងជំហាននៃទូលបង្គំឲ្យដើរតាមព្រះបន្ទូលទ្រង់ សូមកុំឲ្យសេចក្ដីទុច្ចរិតណាមានអំណាច លើទូលបង្គំឡើយ សូមលោះទូលបង្គំឲ្យរួចពីការសង្កត់សង្កិន របស់មនុស្ស នោះទូលបង្គំនឹងកាន់តាមបញ្ញត្តទ្រង់ សូមឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើអ្នកបំរើទ្រង់ ហើយបង្រៀនអស់ទាំងបញ្ញត្តទ្រង់ដល់ទូលបង្គំផង ទឹកភ្នែកទូលបង្គំហូររហាម ពីព្រោះគេមិនកាន់តាមក្រិត្យវិន័យរបស់ទ្រង់។ ៙ ឱព្រះយេហូវ៉ាអើយ ទ្រង់សុចរិត ហើយសេចក្ដីវិនិច្ឆ័យរបស់ទ្រង់ក៏សុទ្ធតែទៀងត្រង់ ទ្រង់បានតាំងសេចក្ដីបន្ទាល់របស់ទ្រង់នៅលើ សេចក្ដីយុត្តិធម៌ ហើយលើសេចក្ដីស្មោះត្រង់ដ៏ពិតផង សេចក្ដីឧស្សាហ៍របស់ទូលបង្គំបានស៊ីបង្ហិនទូលបង្គំ ពីព្រោះពួកអ្នកតតាំងនឹងទូលបង្គំ គេបានភ្លេចព្រះបន្ទូលទ្រង់ ព្រះបន្ទូលទ្រង់បានត្រូវសំរងយ៉ាងបរិសុទ្ធ ជាទីបំផុតហើយ ហេតុនោះអ្នកបំរើរបស់ទ្រង់ក៏ស្រឡាញ់ណាស់ ឯទូលបង្គំជាអ្នកតូច ហើយត្រូវគេមើលងាយ ប៉ុន្តែទូលបង្គំមិនភ្លេចបញ្ញត្តរបស់ទ្រង់ឡើយ សេចក្ដីសុចរិតរបស់ទ្រង់ជាសេចក្ដីសុចរិត ដ៏នៅអស់កល្បជានិច្ច ហើយក្រិត្យវិន័យទ្រង់ជាសេចក្ដីពិត សេចក្ដីទុក្ខ នឹងសេចក្ដីលំបាក បានមកគ្របសង្កត់ លើទូលបង្គំហើយ ទោះបើយ៉ាងនោះ គង់តែសេចក្ដីបង្គាប់របស់ទ្រង់ ជាទីរីករាយដល់ទូលបង្គំដែរ សេចក្ដីបន្ទាល់របស់ទ្រង់ សុទ្ធតែសុចរិតនៅជាដរាប សូមប្រោសឲ្យទូលបង្គំមានយោបល់ នោះទូលបង្គំនឹងបានរស់នៅ។ ៙ ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ សូមស្តាប់សំឡេងទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំ មានកំឡាំងឡើង តាមច្បាប់របស់ទ្រង់ ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រិត្យវិន័យទ្រង់ទេ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ ទ្រង់គង់នៅជិតដែរ ហើយគ្រប់ទាំងសេចក្ដីបង្គាប់របស់ទ្រង់ សុទ្ធតែពិតត្រង់ តាំងពីយូរមកហើយ ទូលបង្គំបានដឹង ដោយសារសេចក្ដីបន្ទាល់របស់ទ្រង់ថា ទ្រង់បានតាំងសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច។ ៙ សូមទតមើលសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ ហើយជួយឲ្យរួចផង ដ្បិតទូលបង្គំមិនភ្លេចក្រិត្យវិន័យរបស់ទ្រង់ឡើយ សូមការពាររឿងក្តីរបស់ទូលបង្គំ ហើយលោះទូលបង្គំផង សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមព្រះបន្ទូលទ្រង់ សេចក្ដីសង្គ្រោះរមែងនៅឆ្ងាយពីពួកមនុស្សអាក្រក់ ពីព្រោះគេមិនស្វែងរកបញ្ញត្តរបស់ទ្រង់ ឱព្រះយេហូវ៉ាអើយ សេចក្ដីមេត្តាករុណា ដ៏ទន់សន្តោសរបស់ទ្រង់ នោះលើសលប់ សូមប្រោសឲ្យទូលបង្គំមានកំឡាំង តាមច្បាប់របស់ទ្រង់ ឯពួកអ្នកដែលបៀតបៀន ហើយតតាំងនឹងទូលបង្គំ គេមានគ្នាច្រើន ប៉ុន្តែទូលបង្គំមិនបានបែរចេញ ពីសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ ទូលបង្គំបានពិចារណាមើលមនុស្សក្បត់ ហើយក៏ស្អប់ខ្ពើមគេ ដោយព្រោះមិនកាន់តាមព្រះបន្ទូលទ្រង់សោះ សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់ បូករួមអស់ទាំងព្រះបន្ទូលនៃទ្រង់ទៅឃើញថា ពិតត្រង់ទាំងអស់ ហើយគ្រប់ទាំងច្បាប់ដ៏សុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចដែរ។