ទំនុកដំកើង 119:129-160

ទំនុកដំកើង 119:129-160 ពគប

៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូលបង្គំ​គោរព​កាន់​តាម ការ​បើក​សំដែង​ព្រះ‌បន្ទូល​ទ្រង់ នោះ​ផ្សាយ​ពន្លឺ​ចេញ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់ ទូលបង្គំ​បាន​ហា​មាត់​ដក​ដង្ហើម​ធំ ដោយ​នឹក​រឭក​ដល់​សេចក្ដី​បង្គាប់​របស់​ទ្រង់ សូម​ទ្រង់​បែរ​មក​មាន​សេចក្ដី​អាណិត​មេត្តា ដល់​ទូលបង្គំ ដូច​ជា​ទ្រង់​តែង​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់ សូម​តាំង​ជំហាន​នៃ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ព្រះ‌បន្ទូល​ទ្រង់ សូម​កុំ​ឲ្យ​សេចក្ដី​ទុច្ចរិត​ណា​មាន​អំណាច លើ​ទូលបង្គំ​ឡើយ សូម​លោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន របស់​មនុស្ស នោះ​ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង ទឹក​ភ្នែក​ទូលបង្គំ​ហូរ​រហាម ពី​ព្រោះ​គេ​មិន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​សុចរិត ហើយ​សេចក្ដី​វិនិច្ឆ័យ​របស់​ទ្រង់​ក៏​សុទ្ធ​តែ​ទៀង​ត្រង់ ទ្រង់​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ទ្រង់​នៅ​លើ សេចក្ដី​យុត្តិ‌ធម៌ ហើយ​លើ​សេចក្ដី​ស្មោះ‌ត្រង់​ដ៏​ពិត​ផង សេចក្ដី​ឧស្សាហ៍​របស់​ទូលបង្គំ​បាន​ស៊ី​បង្ហិន​ទូលបង្គំ ពី​ព្រោះ​ពួក​អ្នក​តតាំង​នឹង​ទូលបង្គំ គេ​បាន​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់ ព្រះ‌បន្ទូល​ទ្រង់​បាន​ត្រូវ​សំរង​យ៉ាង​បរិសុទ្ធ ជា​ទី​បំផុត​ហើយ ហេតុ​នោះ​អ្នក​បំរើ​របស់​ទ្រង់​ក៏​ស្រឡាញ់​ណាស់ ឯ​ទូលបង្គំ​ជា​អ្នក​តូច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែទូលបង្គំ​មិន​ភ្លេច​បញ្ញត្ត​របស់​ទ្រង់​ឡើយ សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​សេចក្ដី​សុចរិត ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​ក្រិត្យ‌វិន័យ​ទ្រង់​ជា​សេចក្ដី​ពិត សេចក្ដី​ទុក្ខ នឹង​សេចក្ដី​លំបាក បាន​មក​គ្រប​សង្កត់ លើ​ទូលបង្គំ​ហើយ ទោះ​បើ​យ៉ាង​នោះ គង់​តែ​សេចក្ដី​បង្គាប់​របស់​ទ្រង់ ជា​ទី​រីក‌រាយ​ដល់​ទូលបង្គំ​ដែរ សេចក្ដី​បន្ទាល់​របស់​ទ្រង់ សុទ្ធ​តែ​សុចរិត​នៅ​ជា​ដរាប សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ​នឹង​បាន​រស់​នៅ។ ៙ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង ទូលបង្គំ​នឹង​រក្សា​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ទូលបង្គំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់​ហើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​កាន់​តាម​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ទូលបង្គំ​បាន​ភ្ញាក់​មុន​ពេល​ព្រលឹម​ស្រាង ហើយ​បាន​បន្លឺ​ឡើង​ថា ទូលបង្គំ​បាន​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​ទ្រង់ ទូលបង្គំ​ភ្ញាក់​មុន​អស់​ទាំង​យាម​យប់ ហើយ​បើក​ភ្នែក ដើម្បី​រំពឹង​គិត​ពី​ព្រះ‌បន្ទូល​ទ្រង់ សូម​ស្តាប់​សំឡេង​ទូលបង្គំ តាម​សេចក្ដី​សប្បុរស របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ មាន​កំឡាំង​ឡើង តាម​ច្បាប់​របស់​ទ្រង់ ពួក​អ្នក​ដែល​រត់​តាម​សេចក្ដី​អាក្រក់ គេ​មក​កាន់​តែ​ជិត គេ​នៅ​ឆ្ងាយ​ពី​ក្រិត្យ‌វិន័យ​ទ្រង់​ទេ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​គង់​នៅ​ជិត​ដែរ ហើយ​គ្រប់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ តាំង​ពី​យូរ​មក​ហើយ ទូលបង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថា ទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។ ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូលបង្គំ ហើយ​លោះ​ទូលបង្គំ​ផង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់ សេចក្ដី​សង្គ្រោះ​រមែង​នៅ​ឆ្ងាយ​ពី​ពួក​មនុស្ស​អាក្រក់ ពី​ព្រោះ​គេ​មិន​ស្វែង​រក​បញ្ញត្ត​របស់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​មេត្តា‌ករុណា ដ៏​ទន់​សន្តោស​របស់​ទ្រង់ នោះ​លើស‌លប់ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ច្បាប់​របស់​ទ្រង់ ឯ​ពួក​អ្នក​ដែល​បៀត‌បៀន ហើយ​តតាំង​នឹង​ទូលបង្គំ គេ​មាន​គ្នា​ច្រើន ប៉ុន្តែទូលបង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ឡើយ ទូលបង្គំ​បាន​ពិចារណា​មើល​មនុស្ស​ក្បត់ ហើយ​ក៏​ស្អប់​ខ្ពើម​គេ ដោយ​ព្រោះ​មិន​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់​សោះ សូម​ទ្រង់​ពិចារណា​ដែល​ទូលបង្គំ​ស្រឡាញ់ ដល់​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​យ៉ាង​ណា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន កំឡាំង​ឡើង តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ បូក​រួម​អស់​ទាំងព្រះ‌បន្ទូល​នៃ​ទ្រង់​ទៅ​ឃើញ​ថា ពិត​ត្រង់​ទាំង​អស់ ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ដែរ។