ទំនុកតម្កើង 119:129-160

ទំនុកតម្កើង 119:129-160 គកស១៦

៙ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នេះ​ហើយ​បាន​ជា​ព្រលឹង​ទូល‌បង្គំ ប្រតិ‌បត្តិ​តាម។ ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។ ទូល‌បង្គំ​ហា​មាត់ ដក​ដង្ហើម​ធំ ព្រោះ​ទូល‌បង្គំ​ចង់​បាន​បទ‌បញ្ជា របស់​ព្រះ‌អង្គ​ណាស់។ សូម​បែរ​មក​ទូល‌បង្គំ ហើយ​ប្រណី​សន្ដោស​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​ធ្លាប់​ធ្វើ​ដល់​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ​ផង។ សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។ សូម​លោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី ការ​សង្កត់‌សង្កិន​របស់​មនុស្ស ដើម្បី​ឲ្យ​ទូល‌បង្គំ​បានប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។ ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។ ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សុចរិត ហើយ​វិន័យ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ។ ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត និង​ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ទាំង​អស់។ ទូល‌បង្គំ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ព្រោះ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ បំភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ បាន​សម្រិត​សម្រាំង​យ៉ាង​ល្អ ហើយ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ស្រឡាញ់​ព្រះ​បន្ទូល​នេះ​ណាស់។ ទូល‌បង្គំ​ជា​មនុស្ស​តូច​តាច ហើយ​ត្រូវ​គេ​មើល‌ងាយ ប៉ុន្តែ ទូល‌បង្គំ​មិន​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ។ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។ ទុក្ខ​លំបាក និង​ភាព​តាន​តឹង បាន​គ្រប​សង្កត់​ទូល‌បង្គំ តែ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​ទី​រីក​រាយ​ដល់​ទូល‌បង្គំ។ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ សុចរិត​អស់​កល្ប​ជានិច្ច សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំ​នឹង​បាន​រស់​នៅ។ ៙ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​កាន់​តាម សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​មិន​បាន​លង់​លក់ នៅ​អស់​ទាំង​យាម​យប់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សញ្ជឹង​គិត អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​សេចក្ដី​យុត្តិធម៌​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​បៀត​បៀន​ទូល‌បង្គំ ដោយ​បំណង​អាក្រក់ នាំ​គ្នា​ចូល​មក​ជិត អ្នក​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ។ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។ តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។ ៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។ សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង! ការ​សង្គ្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ ដ្បិត​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះ‌អង្គទេ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ធំ​វិសេស​ណាស់ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​វិន័យ​របស់​ព្រះ‌អង្គ។ អស់​អ្នក​ដែល​បៀត‌បៀន ហើយ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំមាន​គ្នា​ច្រើន ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។ ទូល‌បង្គំ​មើល​ទៅ​មនុស្ស​ក្បត់​ដោយ​ស្អប់​ខ្ពើម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ទេ។ សូមទត​មើល​ថា ទូល‌បង្គំ​ស្រឡាញ់ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​យ៉ាង​ណា! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ មាន​ជីវិត​រស់ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ។ បូក​រួម​អស់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ពិត ហើយ​គ្រប់​ទាំង​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។