ជនគណនា 33:1-49
ជនគណនា 33:1-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នេះជាកន្លែងដែលកូនចៅអ៊ីស្រាអែលបានធ្វើដំណើរជាដំណាក់ៗ ចេញពីស្រុកអេស៊ីព្ទ តាមក្បួនទ័ព ក្រោមការដឹកនាំរបស់លោកម៉ូសេ និងអើរ៉ុន។ លោកម៉ូសេបានកត់ត្រាពីកន្លែងចាប់ផ្ដើមរបស់ពួកគេ ពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយនេះជាកន្លែងចេញដំណើររបស់គេ ជាដំណាក់ៗ ដូចតទៅ៖ ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់ រីឯសាសន៍អេស៊ីព្ទវិញ កំពុងតែកប់ខ្មោចកូនច្បងទាំងប៉ុន្មានរបស់គេ ដែលព្រះយេហូវ៉ាបានប្រហារនៅកណ្ដាលពួកគេ។ ព្រះយេហូវ៉ាក៏វិនិច្ឆ័យទោសពួកព្រះរបស់ពួកគេដែរ។ ដូច្នេះ កូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកបោះជំរំនៅស៊ូកូថ។ គេចេញពីស៊ូកូថ មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។ គេចេញពីអេថាម ហើយវិលទៅពីហាហ៊ីរ៉ុថ ដែលនៅទល់មុខបាលសេផុន រួចបោះជំរំនៅមុខមីកដុល។ គេចេញពីពីហាហ៊ីរ៉ុថ ឆ្លងកាត់សមុទ្រ ចូលទៅក្នុងទីរហោស្ថាន ហើយគេដើរបីថ្ងៃក្នុងទីរហោស្ថានអេថាម រួចបោះជំរំនៅម៉ារ៉ា។ គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមមានរន្ធទឹកដប់ពីរ និងដើមលម៉ើចិតសិប រួចគេបោះជំរំនៅទីនោះ។ គេចេញពីអេលីម មកបោះជំរំក្បែរសមុទ្រក្រហម។ គេចេញពីសមុទ្រក្រហម មកបោះជំរំនៅទីរហោស្ថានស៊ីន។ គេចេញពីទីរហោស្ថានស៊ីន មកបោះជំរំនៅដុបកា។ គេចេញពីដុបកា មកបោះជំរំនៅអាលូស។ គេចេញពីអាលូស មកបោះជំរំនៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យប្រជាជនផឹក។ គេចេញពីរេផិឌីម មកបោះជំរំនៅទីរហោស្ថានស៊ីណាយ។ គេចេញពីទីរហោស្ថានស៊ីណាយ មកបោះជំរំនៅគីប្រុត-ហាតាវ៉ា។ គេចេញពីគីប្រុត-ហាតាវ៉ា មកបោះជំរំហាសិរ៉ូត។ គេចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។ គេចេញពីរីតម៉ា មកបោះជំរំនៅរីម៉ុន-ពេរេស។ គេចេញពីរីម៉ុន-ពេរេស មកបោះជំរំនៅលិបណា។ គេចេញពីលិបណា មកបោះជំរំនៅរីសា។ គេចេញពីរីសា មកបោះជំរំនៅកេហេឡាថា។ គេចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសាភើរ។ គេចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។ គេចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។ គេចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត។ គេចេញពីតាហាត មកបោះជំរំនៅតារ៉ាស។ គេចេញពីតារ៉ាស មកបោះជំរំនៅមីតកា។ គេចេញពីមីតកា មកបោះជំរំនៅហាស្មូណា។ គេចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។ គេចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ គេចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោ-គីតកាត់។ គេចេញពីហោ-គីតកាត់ មកបោះជំរំនៅយ៉ុតបាថា។ គេចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។ គេចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។ គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។ គេចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ជាយស្រុកអេដុម។ សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។ ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។ បន្ទាប់មក គេចេញពីភ្នំហោរ មកបោះជំរំនៅសាលម៉ូណា។ គេចេញពីសាលម៉ូណា មកបោះជំរំនៅពូណូន។ គេចេញពីពូណូន មកបោះជំរំនៅអូបូត។ គេចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងដែនដីស្រុកម៉ូអាប់។ គេចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ គេចេញពីឌីបូន-កាដ មកបោះជំរំនៅអាលម៉ូន-ឌីប្លាថែម។ គេចេញពីអាលម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនេបូរ។ គេចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។ គេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងវាលទំនាបស្រុកម៉ូអាប់។
ជនគណនា 33:1-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់លោកម៉ូសេ និងលោកអើរ៉ុន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។ លោកម៉ូសេបានកត់ត្រាទុកពីដំណាក់មួយទៅដំណាក់មួយ ដែលពួកគេធ្វើដំណើរតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ពួកគេឆ្លងកាត់ដំណាក់ដូចតទៅ: ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ ពេលនោះ ជនជាតិអេស៊ីបបញ្ចុះសពកូនច្បងទាំងអស់របស់ពួកគេ ដែលព្រះអម្ចាស់ប្រហារ។ ធ្វើដូច្នេះ ព្រះអម្ចាស់បានវិនិច្ឆ័យទោសព្រះទាំងឡាយរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីក្រុងរ៉ាមសេសមកបោះជំរំនៅស៊ូកូត។ ពួកគេចាកចេញពីស៊ូកូត មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។ ពួកគេចាកចេញពីអេថាម វាងទៅពីហាហ៊ីរ៉ុត ដែលស្ថិតនៅទល់មុខនឹងបាលសេផុន ហើយបោះជំរំនៅក្បែរមីគដូល។ ពួកគេចាកចេញពីពីហាហ៊ីរ៉ុត ឆ្លងកាត់បាតសមុទ្រ ឆ្ពោះទៅកាន់វាលរហោស្ថាន ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថានអេថាម មកបោះជំរំនៅម៉ារ៉ា។ ពួកគេចាកចេញពីម៉ារ៉ាមកដល់អេលីម នៅអេលីមនេះមានប្រភពទឹកចំនួនដប់ពីរ និងលម៉ើចិតសិបដើម ពួកគេក៏បោះជំរំនៅទីនោះ។ ពួកគេចាកចេញពីអេលីម ទៅបោះជំរំនៅក្បែរសមុទ្រកក់។ ពួកគេចាកចេញពីសមុទ្រកក់ មកបោះជំរំនៅវាលរហោស្ថានស៊ីន។ ពួកគេចាកចេញពីវាលរហោស្ថានស៊ីន មកបោះជំរំនៅដូបកា។ ពួកគេចាកចេញពីដូបកា មកបោះជំរំនៅអាលូស។ ពួកគេចាកចេញពីអាលូស មកបោះជំរំនៅរេផិឌីម។ នៅកន្លែងនោះ ប្រជាជនរកទឹកផឹកពុំបានទេ។ ពួកគេចាកចេញពីរេផិឌីម មកបោះជំរំនៅវាលរហោស្ថានស៊ីណៃ។ ពួកគេចាកចេញពីវាលរហោស្ថានស៊ីណៃ មកបោះជំរំនៅគីប្រូត-ហាត់តាវ៉ា។ ពួកគេចាកចេញពីគីប្រូត-ហាត់តាវ៉ា មកបោះជំរំនៅហាសិរ៉ូត។ ពួកគេចាកចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។ ពួកគេចាកចេញពីរីតម៉ា មកបោះជំរំនៅរីម៉ូន-ពេរេស។ ពួកគេចាកចេញពីរីម៉ូន-ពេរេស មកបោះជំរំនៅលីបណា។ ពួកគេចាកចេញពីលីបណា មកបោះជំរំនៅរីសា។ ពួកគេចាកចេញពីរីសា មកបោះជំរំនៅកេហេឡាថា។ ពួកគេចាកចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសេភើរ។ ពួកគេចាកចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។ ពួកគេចាកចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។ ពួកគេចាកចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត់។ ពួកគេចាកចេញពីតាហាត់ មកបោះជំរំនៅតារ៉ាស។ ពួកគេចាកចេញពីតារ៉ាស មកបោះជំរំនៅមីតកា។ ពួកគេចាកចេញពីមីតកា មកបោះជំរំនៅហាស្មូណា។ ពួកគេចាកចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។ ពួកគេចាកចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ ពួកគេចាកចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោគីតកាត់។ ពួកគេចាកចេញពីហាគីតកាត់ មកបោះជំរំនៅយ៉ុតបាថា។ ពួកគេចាកចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។ ពួកគេចាកចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។ ពួកគេចាកចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅវាលរហោស្ថានស៊ីន គឺនៅកាដេស។ ពួកគេចាកចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ដែលនៅជាយដែនស្រុកអេដុម។ លោកបូជាចារ្យអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះអម្ចាស់ ហើយលោកទទួលមរណភាពនៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប នៅថ្ងៃទីមួយ ខែទីប្រាំ។ ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ស្ដេចក្រុងអើរ៉ាត គឺស្ដេចជនជាតិកាណានដែលរស់នៅតំបន់ណេកិប ក្នុងស្រុកកាណាន បានឮដំណឹងថាជនជាតិអ៊ីស្រាអែលមកដល់តំបន់នោះ។ ជនជាតិអ៊ីស្រាអែលចាកចេញពីភ្នំហោរ មកបោះជំរំនៅសាល់ម៉ូណា។ ពួកគេចាកចេញពីសាល់ម៉ូណា មកបោះជំរំនៅពូណូន។ ពួកគេចាកចេញពីពូណូន មកបោះជំរំនៅអូបូត។ ពួកគេចាកចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ដែលនៅជាយដែនស្រុកម៉ូអាប់។ ពួកគេចាកចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ ពួកគេចាកចេញពីឌីបូន-កាដ មកបោះជំរំនៅអាល់ម៉ូន-ឌីប្លាថែម។ ពួកគេចាកចេញពីអាល់ម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនឹងក្រុងនេបូរ។ ពួកគេចាកចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ពួកគេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម នៅវាលទំនាបស្រុកម៉ូអាប់។
ជនគណនា 33:1-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាផ្លូវទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរតាមពួកពលគេ ដោយនូវសារម៉ូសេ ហើយនឹងអើរ៉ុន តាំងពីគេចេញពីស្រុកអេស៊ីព្ទមក ម៉ូសេបានកត់ដំណើរដែលគេដើរតាមដំណាក់នីមួយៗ តាមបង្គាប់ព្រះយេហូវ៉ា ដូច្នេះ អស់ទាំងដំណាក់គេដែលគេដើរដំណើរមក នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា ក្នុងកាលដែលគេកំពុងតែកប់ខ្មោចពួកកូនច្បងរបស់គេ ដែលព្រះយេហូវ៉ាបានវាយសំឡាប់នៅក្នុងពួកគេ ហើយព្រះយេហូវ៉ាក៏បានធ្វើទោសដល់អស់ទាំងព្រះរបស់គេដែរ។ ពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីរ៉ាមសេស មកស្នាក់នៅត្រង់ស៊ុកូត គេចេញពីស៊ុកូតមកស្នាក់នៅត្រង់អេថាមក្បែរទីរហោស្ថាន គេចេញពីអេថាម ក៏បែរទៅខាងពីហាហីរ៉ុថ ទល់មុខនឹងបាលសេផុន រួចស្នាក់នៅត្រង់មុខមីកដុល គេចេញពីមុខពីហាហីរ៉ុថដើរឆ្លងនៅកណ្តាលទឹកសមុទ្រទៅក្នុងទីរហោស្ថាន ក៏ដើរ៣ថ្ងៃទៅក្នុងទីរហោស្ថានអេថាម រួចស្នាក់នៅត្រង់ម៉ារ៉ា គេចេញពីម៉ារ៉ាមកដល់អេលីម ហើយនៅអេលីមនោះ មានរន្ធទឹក១២ នឹងដើមលម៉ើ៧០ គេក៏ស្នាក់នៅទីនោះ គេចេញពីអេលីមមកស្នាក់នៅក្បែរសមុទ្រក្រហម គេចេញពីសមុទ្រក្រហមមកស្នាក់នៅក្នុងទីរហោស្ថានស៊ីន គេចេញពីទីរហោស្ថានស៊ីនមកស្នាក់នៅត្រង់ដុបកា គេចេញពីដុបកាមកស្នាក់នៅត្រង់អាលូស គេចេញពីអាលូស មកស្នាក់នៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យគេផឹកសោះ គេចេញពីរេផិឌីមមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីណាយ គេចេញពីទីរហោស្ថានស៊ីណាយមកស្នាក់នៅត្រង់គីប្រុត-ហាតាវ៉ា គេចេញពីគីប្រុត-ហាតាវ៉ាមកស្នាក់នៅត្រង់ហាសិរ៉ូត គេចេញពីហាសិរ៉ូតមកស្នាក់នៅត្រង់រីតម៉ា គេចេញពីរីតម៉ាមកស្នាក់នៅត្រង់រីម៉ុន-ពេរេស គេចេញពីរីម៉ុន-ពេរេសមកស្នាក់នៅត្រង់លិបណា គេចេញពីលិបណា មកស្នាក់នៅត្រង់រីសា គេចេញពីរីសា មកស្នាក់នៅត្រង់កេហេឡាថា គេចេញពីកេហេឡាថាមកស្នាក់នៅត្រង់ភ្នំសាភើរ គេចេញពីភ្នំសាភើរមកស្នាក់នៅត្រង់ហារ៉ាដា គេចេញពីហារ៉ាដាមកស្នាក់នៅត្រង់ម៉ាកហេឡូត គេចេញពីម៉ាកហេឡូត មកស្នាក់នៅត្រង់តាហាត គេចេញពីតាហាតមកស្នាក់នៅត្រង់តារ៉ាស គេចេញពីតារ៉ាសមកស្នាក់នៅត្រង់មីតកា គេចេញពីមីតកាមកស្នាក់នៅត្រង់ហាស្មូណា គេចេញពីហាស្មូណាមកស្នាក់នៅត្រង់ម៉ូសេរ៉ូត គេចេញពីម៉ូសេរ៉ូតមកស្នាក់នៅត្រង់បេនេ-យ៉ាកាន គេចេញពីបេនេ-យ៉ាកានមកស្នាក់នៅត្រង់ហោគីតកាត់ គេចេញពីហោគីតកាត់មកស្នាក់នៅត្រង់យ៉ុតបាថា គេចេញពីយ៉ុតបាថាមកស្នាក់នៅត្រង់អាប្រូណា គេចេញពីអាប្រូណាមកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ គេចេញពីអេស៊ាន-គេប៊ើរមកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស គេចេញពីកាដេសមកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។ នៅទីនោះ អើរ៉ុនដ៏ជាសង្ឃបានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។ គ្រានោះ អើរ៉ាតជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។ ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរមកស្នាក់នៅត្រង់សាលម៉ូន៉ា គេចេញពីសាលម៉ូន៉ាមកស្នាក់នៅត្រង់ពូណូន គេចេញពីពូណូនមកស្នាក់នៅត្រង់អូបូត គេចេញពីអូបូតមកស្នាក់នៅត្រង់អ៊ីយេ-អាបារីម នៅព្រំប្រទល់ស្រុកម៉ូអាប់ គេចេញពីអ៊ីយេ-អាបារីមមកស្នាក់នៅត្រង់ឌីបូន-កាឌ់ គេចេញពីឌីបូន-កាឌ់មកស្នាក់នៅត្រង់អាលម៉ូន-ឌីប្លាថែម គេចេញពីអាលម៉ូន-ឌីប្លាថែមមកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ គេចេញពីភ្នំអាបារីមមកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ គេដំឡើងត្រសាលរបស់គេនៅក្បែរទន្លេយ័រដាន់ ចាប់តាំងពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងស្រុកវាលរបស់ម៉ូអាប់។