នេះជាកន្លែងដែលកូនចៅអ៊ីស្រាអែលបានធ្វើដំណើរជាដំណាក់ៗ ចេញពីស្រុកអេស៊ីព្ទ តាមក្បួនទ័ព ក្រោមការដឹកនាំរបស់លោកម៉ូសេ និងអើរ៉ុន។ លោកម៉ូសេបានកត់ត្រាពីកន្លែងចាប់ផ្ដើមរបស់ពួកគេ ពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយនេះជាកន្លែងចេញដំណើររបស់គេ ជាដំណាក់ៗ ដូចតទៅ៖ ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់ រីឯសាសន៍អេស៊ីព្ទវិញ កំពុងតែកប់ខ្មោចកូនច្បងទាំងប៉ុន្មានរបស់គេ ដែលព្រះយេហូវ៉ាបានប្រហារនៅកណ្ដាលពួកគេ។ ព្រះយេហូវ៉ាក៏វិនិច្ឆ័យទោសពួកព្រះរបស់ពួកគេដែរ។ ដូច្នេះ កូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកបោះជំរំនៅស៊ូកូថ។ គេចេញពីស៊ូកូថ មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។ គេចេញពីអេថាម ហើយវិលទៅពីហាហ៊ីរ៉ុថ ដែលនៅទល់មុខបាលសេផុន រួចបោះជំរំនៅមុខមីកដុល។ គេចេញពីពីហាហ៊ីរ៉ុថ ឆ្លងកាត់សមុទ្រ ចូលទៅក្នុងទីរហោស្ថាន ហើយគេដើរបីថ្ងៃក្នុងទីរហោស្ថានអេថាម រួចបោះជំរំនៅម៉ារ៉ា។ គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមមានរន្ធទឹកដប់ពីរ និងដើមលម៉ើចិតសិប រួចគេបោះជំរំនៅទីនោះ។ គេចេញពីអេលីម មកបោះជំរំក្បែរសមុទ្រក្រហម។ គេចេញពីសមុទ្រក្រហម មកបោះជំរំនៅទីរហោស្ថានស៊ីន។ គេចេញពីទីរហោស្ថានស៊ីន មកបោះជំរំនៅដុបកា។ គេចេញពីដុបកា មកបោះជំរំនៅអាលូស។ គេចេញពីអាលូស មកបោះជំរំនៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យប្រជាជនផឹក។ គេចេញពីរេផិឌីម មកបោះជំរំនៅទីរហោស្ថានស៊ីណាយ។ គេចេញពីទីរហោស្ថានស៊ីណាយ មកបោះជំរំនៅគីប្រុត-ហាតាវ៉ា។ គេចេញពីគីប្រុត-ហាតាវ៉ា មកបោះជំរំហាសិរ៉ូត។ គេចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។ គេចេញពីរីតម៉ា មកបោះជំរំនៅរីម៉ុន-ពេរេស។ គេចេញពីរីម៉ុន-ពេរេស មកបោះជំរំនៅលិបណា។ គេចេញពីលិបណា មកបោះជំរំនៅរីសា។ គេចេញពីរីសា មកបោះជំរំនៅកេហេឡាថា។ គេចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសាភើរ។ គេចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។ គេចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។ គេចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត។ គេចេញពីតាហាត មកបោះជំរំនៅតារ៉ាស។ គេចេញពីតារ៉ាស មកបោះជំរំនៅមីតកា។ គេចេញពីមីតកា មកបោះជំរំនៅហាស្មូណា។ គេចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។ គេចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ គេចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោ-គីតកាត់។ គេចេញពីហោ-គីតកាត់ មកបោះជំរំនៅយ៉ុតបាថា។ គេចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។ គេចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។ គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។ គេចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ជាយស្រុកអេដុម។ សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។ ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។ បន្ទាប់មក គេចេញពីភ្នំហោរ មកបោះជំរំនៅសាលម៉ូណា។ គេចេញពីសាលម៉ូណា មកបោះជំរំនៅពូណូន។ គេចេញពីពូណូន មកបោះជំរំនៅអូបូត។ គេចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងដែនដីស្រុកម៉ូអាប់។ គេចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ គេចេញពីឌីបូន-កាដ មកបោះជំរំនៅអាលម៉ូន-ឌីប្លាថែម។ គេចេញពីអាលម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនេបូរ។ គេចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។ គេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងវាលទំនាបស្រុកម៉ូអាប់។
អាន ជនគណនា 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 33:1-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ