ជនគណនា 20:14-17
ជនគណនា 20:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ គឺពីដំណើរដែលដូនតារបស់យើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំបានរស់នៅស្រុកនោះជាយូរឆ្នាំ។ សាសន៍អេស៊ីព្ទបានធ្វើបាបយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ។ តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ព្រះអង្គក៏ឮសំឡេងយើងខ្ញុំ ហើយចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទ។ ឥឡូវនេះ មើល៍ យើងខ្ញុំនៅកាដេស ជាក្រុងមួយនៅជាប់នឹងដែនដីរបស់ព្រះកុរណា។ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ព្រះករុណាផង។ យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចម្ការទេ ក៏មិនផឹកទឹកពីអណ្តូងណាមួយដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវស្ដេច វិញ ដោយឥតងាកទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ រហូតទាល់តែយើងខ្ញុំបានឆ្លងផុតដែនដីរបស់ព្រះករុណា»។
ជនគណនា 20:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។ យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។ យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្ដាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។
ជនគណនា 20:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដំមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ គឺដែលពួកឰយុកោយើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរ ឯពួកសាសន៍អេស៊ីព្ទគេបានធ្វើបាបដល់យើងខ្ញុំ នឹងពួកឰយុកោយើងខ្ញុំផង តែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ឮសំឡេងយើងខ្ញុំ ហើយទ្រង់ចាត់ទេវតា១មក នាំយើងខ្ញុំចេញពីស្រុកអេស៊ីព្ទមក ឥឡូវនេះ មើល យើងខ្ញុំនៅត្រង់កាដេស ជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់ ដូច្នេះសូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងមិនដើរកាត់ស្រែ ឬចំការទេ ក៏មិនផឹកទឹកអណ្តូងដែរ គឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់ របស់ស្តេចវិញ ឥតមានបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ ទាល់តែបានឆ្លងហួសពីព្រំដែនទ្រង់ទៅ