ជនគណនា 20
20
ប្រភពទឹកនៅមេរីបា
(និក្ខមនំ ១៧.១-៧)
1សហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។
2ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ 3ប្រជាជនរករឿងលោកម៉ូសេថា៖ «ប្រសិនបើយើងខ្ញុំផុតដង្ហើមជាមួយបងប្អូនរបស់យើងខ្ញុំ ដែលបានផុតដង្ហើមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នោះប្រសើរជាង! 4ហេតុអ្វីបានជាពួកលោកនាំក្រុមជំនុំរបស់ព្រះអម្ចាស់ឲ្យមកស្លាប់ នៅវាលរហោស្ថាននេះ ជាមួយហ្វូងសត្វរបស់ពួកយើងដូច្នេះ? 5ហេតុអ្វីបានជាពួកលោកនាំពួកយើងចាកចេញពីស្រុកអេស៊ីប មកនៅកន្លែងដ៏អាក្រក់នេះ? ទីនេះមិនមែនជាកន្លែងដែលយើងអាចសាបព្រោះបានទេ ហើយក៏គ្មានដើមឧទុម្ពរ ដើមទំពាំងបាយជូរ និងដើមទទឹមដែរ។ រីឯទឹកសម្រាប់ផឹកក៏គ្មាន»។ 6លោកម៉ូសេ និងលោកអើរ៉ុននាំគ្នាចាកចេញពីក្រុមជំនុំ ឆ្ពោះទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ លោកទាំងពីរក្រាបចុះ ឱនមុខដល់ដី ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញ។
7 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 8«ចូរយកដំបង រួចអ្នក និងអើរ៉ុន ជាបងរបស់អ្នក ប្រមូលសហគមន៍ឲ្យជួបជុំគ្នា។ ត្រូវបង្គាប់ថ្មដានៅចំពោះមុខពួកគេ នោះនឹងមានទឹកហូរចេញពីថ្មដា។ អ្នកត្រូវធ្វើឲ្យទឹកហូរចេញពីថ្មដានោះ សម្រាប់សហគមន៍ និងហ្វូងសត្វផឹក»។ 9លោកម៉ូសេយកដំបងដែលស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអង្គបានបង្គាប់លោក។ 10លោកម៉ូសេ និងលោកអើរ៉ុន កោះហៅសហគមន៍ឲ្យមកជួបជុំគ្នានៅមុខថ្មដា។ លោកម៉ូសេមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាមនុស្សបះបោរអើយ ចូរស្ដាប់! តើពួកយើងអាចធ្វើឲ្យមានទឹកហូរចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នា បានឬមិនបាន?»។ 11លោកម៉ូសេលើកដៃឡើង ហើយយកដំបងរបស់លោកវាយថ្មដាពីរដង ស្រាប់តែមានទឹកហូរចេញមកយ៉ាងបរិបូណ៌។ សហគមន៍ក៏នាំគ្នាផឹកទឹក ហើយហ្វូងសត្វក៏ផឹកដែរ។
12ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ «អ្នកទាំងពីរពុំបានជឿលើយើង អ្នកទាំងពីរពុំបានសម្តែងឲ្យកូនចៅអ៊ីស្រាអែលស្គាល់ភាពវិសុទ្ធរបស់យើងទេ ហេតុនេះ អ្នកទាំងពីរមិនអាចនាំក្រុមជំនុំនេះចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យពួកគេឡើយ»។ 13គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។
ស្ដេចស្រុកអេដុមមិនព្រមឲ្យអ៊ីស្រាអែលឆ្លងកាត់ទឹកដីរបស់គេ
14លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ 15បុព្វបុរសរបស់យើងខ្ញុំបានចុះទៅស្រុកអេស៊ីប ហើយយើងខ្ញុំរស់នៅក្នុងស្រុកនោះជាយូរឆ្នាំ។ ក៏ប៉ុន្តែ ជនជាតិអេស៊ីបបានធ្វើបាបពួកយើង គឺទាំងយើងខ្ញុំផ្ទាល់ ទាំងបុព្វបុរសរបស់យើងខ្ញុំ។ 16យើងខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់យើងខ្ញុំ។ ព្រះអង្គបានចាត់ទេវតា*មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ព្រះករុណា។ 17យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ព្រះករុណា តែយើងខ្ញុំមិនដើរកាត់ស្រែ ឬចម្ការទំពាំងបាយជូររបស់ព្រះករុណាទេ ហើយយើងខ្ញុំក៏មិនទទួលទានទឹកពីអណ្ដូងរបស់ព្រះករុណាដែរ គឺយើងខ្ញុំគ្រាន់តែសុំដើរតាមផ្លូវធំ#២០.១៧ ពាក្យដើម «ផ្លូវស្ដេច»។ ប្រហែលជាផ្លូវដ៏សំខាន់ ដែលក្បួនអ្នកដំណើរតែងតែឆ្លងកាត់។ ដោយឥតងាកទៅឆ្វេង ឬងាកទៅស្ដាំឡើយ រហូតទាល់តែយើងខ្ញុំឆ្លងផុតទឹកដីរបស់ព្រះករុណា»។ 18ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ទឹកដីរបស់យើងដាច់ខាត បើមិនដូច្នោះទេ យើងនឹងលើកទ័ពចេញទៅវាយប្រហារអ្នករាល់គ្នាជាមិនខាន!»។ 19ជនជាតិអ៊ីស្រាអែលទូលស្ដេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ព្រះករុណា នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។ 20ស្ដេចស្រុកអេដុមតបថា៖ «កុំឆ្លងកាត់ដាច់ខាត!»។ ជនជាតិអេដុមលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទាំងប្រដាប់អាវុធ ចេញទៅទប់ជនជាតិអ៊ីស្រាអែល 21មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួន ជនជាតិអ៊ីស្រាអែលក៏ដើរវាងទឹកដីរបស់គេ។
លោកអើរ៉ុនទទួលមរណភាព
22សហគមន៍អ៊ីស្រាអែលទាំងមូលចេញដំណើរពីកាដេសទៅដល់ភ្នំហោរ។ 23ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅភ្នំហោរ ដែលនៅជាប់នឹងព្រំប្រទល់ស្រុកអេដុមថា៖ 24«បន្តិចទៀត អើរ៉ុននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើង នៅប្រភពទឹកមេរីបា។ 25ចូរនាំអើរ៉ុន និងអេឡាសារ ជាកូនប្រុសរបស់គាត់ ឡើងទៅលើភ្នំហោរ។ 26នៅទីនោះ ចូរដោះសម្លៀកបំពាក់ចេញពីអើរ៉ុន រួចពាក់ឲ្យអេឡាសារ ជាកូនរបស់គាត់វិញ គឺនៅទីនោះហើយដែលអើរ៉ុនត្រូវទទួលមរណភាព»។
27លោកម៉ូសេបានធ្វើតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ពួកលោកនាំគ្នាឡើងទៅលើភ្នំហោរ នៅចំពោះមុខសហគមន៍អ៊ីស្រាអែលទាំងមូល។ 28#នក. ២៩.២៩; ជគ. ៣៣.៣៨; ទក. ១០.៦លោកដោះសម្លៀកបំពាក់ចេញពីលោកអើរ៉ុន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ លោកអើរ៉ុនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ លោកម៉ូសេ និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។ 29សហគមន៍ទាំងមូលបានឃើញលោកអើរ៉ុនផុតដង្ហើម ហើយកូនចៅអ៊ីស្រាអែលទាំងអស់នាំគ្នាកាន់ទុក្ខលោកអើរ៉ុន អស់រយៈពេលសាមសិបថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.