ម៉ាថាយ 26:1-25

ម៉ាថាយ 26:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឆ្កាង»។ ពេល​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ទីលាន​របស់​សម្ដេច​សង្ឃ ឈ្មោះ​កៃផាស ពួក​គេ​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះ‌យេស៊ូវ ហើយ​សម្លាប់​ព្រះ‌អង្គ​ដោយ​ប្រើ​ឧបាយកល។ ប៉ុន្តែ គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌យេស៊ូវ​កំពុង​គង់​នៅ​ភូមិ​បេតថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​បំផុត ហើយ​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ពេល​ទ្រង់​កំពុង​គង់​នៅ​តុ​អាហារ។ ពេល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​ក៏​ខ្ជះ‌ខ្ជាយ​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​យក​ទៅ​លក់​បាន​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​យក​ប្រាក់​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រ​វិញ»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ចិត្ត​នាង​ដូច្នេះ? ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។ ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ឈ្មោះ​យូដាស‌អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ពួក​សង្គ្រាជ សួរ​ថា៖ «តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​អ្នក​នោះ​ជូន​អស់​លោក?» គេ​ក៏​រាប់​ប្រាក់​កាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង ហើយ​ចាប់​ពី​ពេល​នោះ​មក យូដាស​ចេះ​តែ​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះ‌អង្គ​ឲ្យ​ពួក​គេ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"» ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​រៀបចំ​ពិធី​បុណ្យ​រំលង។ លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ហើយ​ពេល​គេ​កំពុង​បរិ‌ភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​ចម្លង* គេ​នឹង​ចាប់​បុត្រ​មនុស្ស*​បញ្ជូន​ទៅ​ឆ្កាង»។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជា‌ជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ ឈ្មោះ​កៃផា ហើយ​បាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ​ធ្វើ​គុត។ ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេតថា‌នី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។ មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះអង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លុប។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះអង្គ។ ពួក​សិស្ស*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អីចឹង! បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។ ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ចការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។ ពេល​នោះ សិស្ស*​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស​អ៊ីស្កា‌រីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជា‌ចារ្យ* ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជា‌ចារ្យ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង។ ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* សិស្ស*​នាំ​គ្នា​មក​គាល់​ព្រះ‌យេស៊ូ ទូល​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទីក្រុង ប្រាប់​គាត់​ថា: “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។ សិស្ស​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូ​បង្គាប់ ហើយ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​ចម្លង។ លុះ​ដល់​ល្ងាច ព្រះអង្គ​រួម​តុ​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប។ នៅ​ពេល​បរិភោគ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូលបង្គំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំប៉័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ។ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

ចែក​រំលែក
អាន ម៉ាថាយ 26

ម៉ាថាយ 26:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា អ្នក​រាល់​គ្នា​ដឹង​ថា នៅ​២​ថ្ងៃ​ទៀត នឹង​ចូល​បុណ្យ​រំលង​ហើយ ឯ​កូន​មនុស្ស ក៏​ត្រូវ​គេ​បញ្ជូន​ទៅ ឲ្យ​ត្រូវ​ជាប់​ឆ្កាង​ដែរ។ នៅ​គ្រា​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ប្រជុំ​គ្នា​នៅ​ទី​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ព្រះ‌នាម​កៃផា ក៏​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះ‌យេស៊ូវ​ដោយ​ឧបាយ‌កល ហើយ​សំឡាប់​បង់ តែ​គេ​ថា កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​បណ្តាជន​កើត​កោលា‌ហល។ រីឯ​កាល​ព្រះ‌យេស៊ូវ​ទ្រង់​គង់​ក្នុង​ផ្ទះ​ស៊ីម៉ូន ជា​អ្នក​ឃ្លង់​នៅ​ភូមិ​បេថានី នោះ​មាន​ស្ត្រី​ម្នាក់​មក​ឯ​ទ្រង់ កាន់​ទាំង​ដប​ថ្ម​កែវ ដាក់​ប្រេង​ក្រអូប​មាន​ដំឡៃ​ដ៏​វិសេស នាង​ក៏​ចាក់​ប្រេង​នោះ​លើ​ព្រះ‌សិរ​ទ្រង់ ដែល​ទ្រង់​កំពុង​តែ​គង់​នៅ​តុ តែ​កាល​ពួក​សិស្ស​ទ្រង់​ឃើញ គេ​ក៏​នឹក​តូច​ចិត្ត ហើយ​និយាយ​ថា ធ្វើ​បង្ខាត​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ប្រាក់​ជា​ច្រើន ដើម្បី​នឹង​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប ហើយ​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ហេតុ​អ្វី​បាន​ជា​បង្អាក់​ដល់​ចិត្ត​នាង​ដូច្នេះ ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ដល់​ខ្ញុំ​ណាស់ ពី​ព្រោះ​អ្នក​រាល់​គ្នា​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ ដែល​នាង​នេះ​បាន​ចាក់​ប្រេង​ក្រអូប​លើ​ខ្លួន​ខ្ញុំ នោះ​គឺ​បាន​ធ្វើ​សំរាប់​រៀប​កប់​ខ្មោច​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា កន្លែង​ណា​ដែល​គេ​នឹង​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នេះ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល នោះ​គេ​នឹង​ដំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ទុក​សំរាប់​ជា​កេរ្តិ៍​នាង។ នៅ​គ្រា​នោះ មាន​ម្នាក់​ក្នុង​ពួក​១២​នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត វា​ទៅ​ឯ​ពួក​សង្គ្រាជ​សួរ​ថា បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ​មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ រួច​គេ​សំរេច​នឹង​ឲ្យ​ប្រាក់​៣០​រៀល​ដល់​វា ចាប់​តាំង​ពី​វេលា​នោះ​មក វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ។ នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ នោះ​ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀប​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា ទ្រង់​ឆ្លើយ​ថា ឲ្យ​ចូល​ទៅ​ក្នុង​ទី​ក្រុង ដល់​ម្នាក់​ណា​មួយ​នោះ ហើយ​ប្រាប់​ថា លោក​គ្រូ​មាន​ប្រសាសន៍​ថា កំណត់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជា​មួយ​នឹង​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេស៊ូវ ហើយ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង។ ដល់​ល្ងាច ទ្រង់​គង់​នៅ​តុ​ជា​មួយ​នឹង​ពួក​១២​នាក់ កាល​កំពុង​តែ​បរិភោគ នោះ​ទ្រង់​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ នោះ​គ្រប់​គ្នា​មាន​សេចក្ដី​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​តាំង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ឬ​អី តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​មួយ ដែល​លូក​ដៃ​ចុះ​ក្នុង​ចាន​ជា​មួយ​នឹង​ខ្ញុំ អ្នក​នោះ​ឯង​នឹង​បញ្ជូន​ខ្ញុំ​ទៅ ឯ​កូន​មនុស្ស ត្រូវ​ទៅ​មែន តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ពី​ដំណើរ​លោក ប៉ុន្តែ​វេទនា​ដល់​អ្នក​នោះ ដែល​នឹង​បញ្ជូន​កូន​មនុស្ស​ទៅ បើ​វា​មិន​បាន​កើត​មក នោះ​ល្អ​ដល់​វា​ជា​ជាង នោះ​យូដាស ជា​អ្នក​ដែល​បញ្ជូន​ទ្រង់ វា​ចាប់​ពាក្យ​ទូល​ថា លោក​គ្រូ​អើយ តើ​ខ្ញុំ​ឬ​អី ទ្រង់​មាន​បន្ទូល​ទៅ​វា​ថា ត្រូវ​ដូច​អ្នក​និយាយ​ហើយ។

ចែក​រំលែក
អាន ម៉ាថាយ 26