កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះរួចហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។ នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។ រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេថានី នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង។ នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។ នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ