ម៉ាថាយ 26:1-25

ម៉ាថាយ 26:1-25 គកស១៦

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឆ្កាង»។ ពេល​នោះ ពួក​សង្គ្រាជ ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ទីលាន​របស់​សម្ដេច​សង្ឃ ឈ្មោះ​កៃផាស ពួក​គេ​ពិគ្រោះ​គ្នា ដើម្បី​ចាប់​ព្រះ‌យេស៊ូវ ហើយ​សម្លាប់​ព្រះ‌អង្គ​ដោយ​ប្រើ​ឧបាយកល។ ប៉ុន្តែ គេ​និយាយ​ថា៖ «កុំ​ធ្វើ​ក្នុង​រវាង​ពេល​បុណ្យ​នេះ​ឡើយ ក្រែង​កើត​ចលាចល​ក្នុង​ចំណោម​ប្រជា‌ជន»។ ពេល​ព្រះ‌យេស៊ូវ​កំពុង​គង់​នៅ​ភូមិ​បេតថានី ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់ នោះ​មាន​ស្ត្រី​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​កាន់​ដប​ថ្ម​កែវ​មួយ ដាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​បំផុត ហើយ​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ពេល​ទ្រង់​កំពុង​គង់​នៅ​តុ​អាហារ។ ពេល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​ក៏​ខ្ជះ‌ខ្ជាយ​ដូច្នេះ? ដ្បិត​ប្រេង​នេះ​អាច​យក​ទៅ​លក់​បាន​តម្លៃ​យ៉ាង​ខ្ពស់ ហើយ​យក​ប្រាក់​ទៅ​ចែក​ទាន​ឲ្យ​អ្នក​ក្រ​វិញ»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​នោះ ហើយ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រំខាន​ចិត្ត​នាង​ដូច្នេះ? ដ្បិត​នាង​បាន​ធ្វើ​ការ​ល្អ​ចំពោះ​ខ្ញុំ។ អ្នក​រាល់​គ្នា​មាន​អ្នក​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។ ការ​ដែល​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប‌កាយ​ខ្ញុំ​ដូច្នេះ នាង​បាន​រៀបចំ​សម្រាប់​ពិធី​បញ្ចុះ​សព​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ទាំង​មូល ទី​ណា​ដែល​ដំណឹង​ល្អ​នេះ​ប្រកាស​ទៅ​ដល់ នោះ​គេ​នឹង​តំណាល​ពី​ការ​ដែល​នាង​បាន​ធ្វើ ជា​ការ​រំឭក​អំពី​នាង»។ ពេល​នោះ សិស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ឈ្មោះ​យូដាស‌អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ពួក​សង្គ្រាជ សួរ​ថា៖ «តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ បើ​ខ្ញុំ​ប្រគល់​អ្នក​នោះ​ជូន​អស់​លោក?» គេ​ក៏​រាប់​ប្រាក់​កាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង ហើយ​ចាប់​ពី​ពេល​នោះ​មក យូដាស​ចេះ​តែ​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះ‌អង្គ​ឲ្យ​ពួក​គេ។ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"» ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​រៀបចំ​ពិធី​បុណ្យ​រំលង។ លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ហើយ​ពេល​គេ​កំពុង​បរិ‌ភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។

អាន ម៉ាថាយ 26