ម៉ាថាយ 22:1-22
ម៉ាថាយ 22:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។ ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងពិធីមង្គលការនោះ ប៉ុន្តែ គេមិនព្រមមកទេ។ ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" ប៉ុន្តែ គេមិនយកចិត្តទុកដាក់ទេ ហើយក៏ចេញទៅ ម្នាក់ទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញ រីឯអ្នកដទៃទៀត ចាប់ពួករាជបម្រើទាំងនោះវាយធ្វើបាប ហើយសម្លាប់ពួកគេចោល។ ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា "ពិធីមង្គលការបានរៀបចំរួចហើយ តែពួកអ្នកដែលយើងបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ។ ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។ រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។ ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។" ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»។ បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។ ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ ពេលគេឮដូច្នេះ គេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីព្រះអង្គបាត់ទៅ។
ម៉ាថាយ 22:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេម្ដងទៀតថា៖ «ព្រះរាជ្យ*នៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។ ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។ ព្រះអង្គចាត់រាជបម្រើផ្សេងទៀតឲ្យទៅជម្រាបភ្ញៀវថា: “យើងបានរៀបចំភោជនាហារសម្រាប់ជប់លៀង គឺបានសម្លាប់គោ និងសម្លាប់សត្វដែលបានបំប៉ននោះរួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!”។ ប៉ុន្តែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចម្ការ អ្នកខ្លះទៅធ្វើជំនួញ អ្នកខ្លះទៀតចាប់ពួករាជបម្រើវាយធ្វើបាប ព្រមទាំងសម្លាប់ចោលថែមទៀត។ ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតករទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។ បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា: “យើងបានរៀបចំពិធីមង្គលការរួចស្រេចហើយ ប៉ុន្តែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។ ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប ឲ្យមកជប់លៀង”។ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការ ទតឃើញបុរសម្នាក់ស្លៀកពាក់មិនត្រូវនឹងរបៀបពិធីការ ព្រះរាជាក៏មានរាជឱង្ការទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ ព្រះរាជាបង្គាប់ទៅពួករាជបម្រើថា “ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!”»។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។ ពួកខាងគណៈផារីស៊ី*ចេញទៅពិគ្រោះគ្នា រិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។ គេក៏ចាត់សិស្សរបស់គេ និងពួកខាងស្ដេចហេរ៉ូដ ឲ្យទៅជួបព្រះអង្គ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថាពាក្យដែលលោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។ ហេតុនេះ សូមលោកគ្រូឲ្យយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេទូលថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។
ម៉ាថាយ 22:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូច១ទៀតទៅគេថា នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែ អ្នកទាំងនោះមិនព្រមមកទេ ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសំឡាប់គោ នឹងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសំឡាប់ចោលទៅ កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះ ព្រមទាំងដុតទីក្រុងរបស់គេចោលអស់ រួចទ្រង់មានបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមានមនុស្សម្នាក់នៅទីនោះ ដែលមិនបានពាក់អាវផាយ ក៏មានបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។ កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្ដីពិត ឥតមានអំពល់ដល់អ្នកណាឡើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់កាក់ធំមកថ្វាយទ្រង់ទត រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ កាលបានឮដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។