ម៉ាថាយ 22:1-22

ម៉ាថាយ 22:1-22 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ ជា​រឿង​ប្រៀប​ធៀប​មួយ​ទៀត​ថា៖ «ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​រៀបចំ​ពិធី​មង្គលការ​ឲ្យ​ព្រះ‌រាជ​បុត្រា។ ទ្រង់​បាន​ចាត់​ពួក​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​ពួក​ភ្ញៀវ ដែល​ទ្រង់​បាន​អញ្ជើញ​មក​ក្នុង​ពិធី​មង្គលការ​នោះ ប៉ុន្តែ គេ​មិន​ព្រម​មក​ទេ។ ទ្រង់​ក៏​ចាត់​ពួក​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ ដោយ​មាន​រាជ‌ឱង្ការ​ថា "ចូរ​ប្រាប់​អស់​អ្នក​ដែល​យើង​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​ភោជ‌នាហារ​របស់​យើង​រួច​រាល់​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​ធាត់ៗ ហើយ​អ្វីៗ​ក៏​រួច​រាល់​អស់​ដែរ សូម​អញ្ជើញ​មក​ពិធី​មង្គលការ​នេះ​ចុះ" ប៉ុន្តែ គេ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ហើយ​ក៏​ចេញ​ទៅ ម្នាក់​ទៅ​ចម្ការ​របស់​ខ្លួន ម្នាក់​ទៀត​ទៅ​ធ្វើ​ជំនួញ រីឯ​អ្នក​ដទៃ​ទៀត ចាប់​ពួក​រាជ​បម្រើ​ទាំង​នោះ​វាយ​ធ្វើ​បាប ហើយ​សម្លាប់​ពួក​គេ​ចោល។ ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​កេ្រវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​បំផ្លាញ​ពួក​ឃាតក​ទាំង​នោះ ហើយ​ដុត​ទី​ក្រុង​របស់​គេ​ចោល។ បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា "ពិធី​មង្គលការ​បាន​រៀបចំ​រួច​ហើយ តែ​ពួក​អ្នក​ដែល​យើង​បាន​អញ្ជើញ​ទាំង​នោះ មិន​ស័ក្ដិ‌សម​នឹង​ចូល​រួម​ទេ។ ដូច្នេះ ចូរ​ទៅ​តាម​ផ្លូវ​ប្រសព្វ ហើយ​អញ្ជើញ​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ឃើញ ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​នេះ"។ រាជ​បម្រើ​ទាំង​នោះ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ហើយ​ប្រមូល​អស់​អ្នក​ដែល​គេ​បាន​ឃើញ​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ ដូច្នេះ​រោងការ​ក៏​មាន​ភ្ញៀវ​ពេញ។ ប៉ុន្តែ ពេល​ស្តេច​យាង​ចូល​ទៅ​ទត​មើល​ភ្ញៀវ ទ្រង់​ឃើញ​បុរស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា "សម្លាញ់​អើយ! ម្តេច​បាន​ជា​អ្នក​ចូល​មក​ក្នុង​ទី​នេះ ដោយ​មិន​ស្លៀក​ពាក់​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?" បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ពេល​នោះ ស្ដេច​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា "ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ ហើយ​យក​វា​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ​ទៅ នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។" ដ្បិត​បាន​ហៅ​មនុស្ស​ជា​ច្រើន តែ​រើស​បាន​តិច​ទេ»។ បន្ទាប់​មក ពួក​ផារិស៊ី​ក៏​ចេញ​ទៅ ហើយ​ពិគ្រោះ​គ្នា​ដើម្បី​ចាប់​កំហុស ពី​សេចក្ដី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ដូច្នេះ គេ​ចាត់​ពួក​សិស្ស​របស់​គេ​ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ​ជា​មួយ​ពួក​ហេរ៉ូឌ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ​តាម​សេចក្តី​ពិត មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ។ ដូច្នេះ សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​លោក​គិត​ដូច​ម្តេច? តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» ប៉ុន្តែ ព្រះ‌យេស៊ូវ​ជ្រាប​ពី​បំណង​អាក្រក់​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល​មើល៍!» គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ‌វិញ»។ ពេល​គេ​ឮ​ដូច្នេះ គេ​មាន​សេចក្តី​អស្ចារ្យ រួច​ក៏​ដើរ​ចេញ​ពី​ព្រះ‌អង្គ​បាត់​ទៅ។

អាន ម៉ាថាយ 22